រាជធានីភ្នំពេញ ៖ អ្នកគ្រូ សំ សុភាព សាស្ត្រាចារ្យផ្នែកនាដសាស្ត្រ បាននិងកំពុងសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យកាល់ម៉ែត នៅអគារ ខ ជាន់ទី១ ខណៈពេលដែលជំងឺរបស់អ្នកគ្រូត្រូវបានក្រុមគ្រូពេទ្យបញ្ជាក់ថា ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។
ក្នុងវ័យ៦៧ឆ្នាំ អ្នកគ្រូ សំ សុភាព បាននិយាយដោយសំឡេងខ្សាវៗប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា អ្នកគ្រូបានចូលសម្រាកនៅក្នុងមន្ទីរពេទ្យកាល់ម៉ែតនេះ ជិតមួយខែមកហើយ ដោយសារជំងឺមហារីក ។ អ្នកគ្រូបញ្ជាក់ថា ឆ្លងតាមការពិនិត្យឈាមពីក្រុមគ្រូពេទ្យជំងឺរបស់អ្នកគ្រូបានឈានដំណាក់កាលមួយធ្ងន់ធ្ងរ ហើយក្រុមគ្រូពេទ្យបានព្យាយាមស្នើសុំឱ្យអ្នកគ្រូកុំមានស្មារតីតក់ស្លុត ខណៈពេលក្រុមគ្រូពេទ្យកំពុងបន្តតាមតានជំងឺនេះបន្តទៀត ។
តាមការឱ្យដឹងពីអ្នកគ្រូ សំ សុភាព ជំងឺរបស់អ្នកគ្រូបានកើតមានជាយូរមកហើយ ប៉ុន្តែមូលហេតុដែលអ្នកគ្រូមិនបានមកព្យាបាល ដោយសារក្នុងពេលនោះស្វាមីរបស់អ្នកគ្រូក៏កំពុងតែមានជំងឺធ្ងន់ធ្ងរដែរ ហេតុនេះអ្នកគ្រូបានចំណាយថវិកាស្ទើរតែអស់ពីខ្លួន ដើម្បីព្យាបាលជំងឺស្វាមីអ្នកគ្រូ ។ បើទោះបីជាបានចំណាយថវិកាអស់ជាច្រើនសម្រាប់ថ្លៃព្យាបាលយ៉ាងណាក៏ដោយ ប៉ុន្តែស្វាមីរបស់អ្នកស្រីមិនបានជាសះស្បើយឡើយ និងបានទទួលមរណភាពនៅក្នុងអំឡុងពេលថ្មីៗនេះ ។
បើទោះបីជាអ្នកគ្រូដឹងថា ជំងឺដ៏កាចសាហាវមួយនេះ នឹងអាចឆក់យកអាយុជីវិតរបស់អ្នកគ្រូនៅថ្ងៃណាមួយក៏ដោយ ប៉ុន្តែក្នុងនាមជាអ្នកបម្រើសិល្បៈស្ទើរមួយជីវិតនោះ អ្នកគ្រូបានធ្វើការអំពាវនាវទៅដល់សប្បុរសជននានា មេត្តាជួយឧបត្ថម្ភសម្រាប់ការព្យាបាលជំងឺរបស់អ្នកគ្រូនាពេលនេះផង ។ កម្លាំងចិត្ត និងការឧបត្ថម្ភពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន គឺជាក្តីសង្ឃឹមមួយដ៏សំខាន់សម្រាប់អ្នកគ្រូក្នុងការបន្តជីវិតដែលនៅសេសសល់ ដើម្បីផ្តល់ឱកាសសម្រាប់អ្នកគ្រូផ្ទេរចំណេះដឹងដែលមានដល់ក្មេងជំនាន់ក្រោយទៀត ។
ចែករំលែកព័តមាននេះ