រាជធានីភ្នំពេញ ៖ ក្រុមការងារ អនុសាខាកាកបាទក្រហម ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ លោក ហែម ដារិទ្ធិ ប្រធានអនុសាខាកាកបាទក្រហមខណ្ឌ និងជាអភិបាលខណ្ឌពោធិ៍សែនជ័យ បាននាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់និងថវិកាមួយចំនួនទៅឧបត្ថម្ភដល់ក្រុមគ្រួសារសពស្ត្រីដែលត្រូវភ្លើងឆេះ ក្នុងហេតុការណ៍ផ្ទុះកំប៉ុងហ្គាស កាលពីកន្លងមក។
ស្រ្តីដែលស្លាប់ឈ្មោះ ឆេង ថាន អាយុ៥២ឆ្នាំ បានរងគ្រោះ ដោយសារគ្រោះអគ្គិភ័យ ដែលបង្កឡើងដោយការផ្ទុះកំប៉ុងហ្គាស បណ្ដាលឲ្យឆាបឆេះរលាករលួយពេញខ្លួនប្រាណ ។ មិនតែប៉ុណ្ណោះតូបលក់ដូរនិងអីវ៉ាន់នៅក្នុងនោះមានតម្លៃជិតជាង៣ពាន់ដុល្លារ ក៏ត្រូវបានភ្លើងឆាបឆេះអស់គ្មានសល់ដែរ ខណៈពេលដែលគាត់កំពុងចំអិនអាហារថ្ងៃត្រង់។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី៤ មីនា នៅចំណុចផ្ទះលេខ៨១ ក្រុមទី៣ ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយភ្លាមៗស្រ្តីរងគ្រោះត្រូវបានគេបញ្ជូនទៅ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែតប៉ុន្តែដោយសាររបួសធ្ងន់ធ្ងរពេក ឆេះរហូតឆ្អិនសាច់ទៅហើយនោះទើបគ្រូពេទ្យមិនអាចជួយសង្គ្រោះបានក៍ស្លាប់តែម្ដង។
លោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌបានចូលរួមសម្ដែងការសោកស្ដាយនូវមរណទុក្ខដ៏ក្រៀមក្រំរបស់ក្រុមគ្រួសារសពស្រ្តីរងគ្រោះ ហើយលោកអភិបានខណ្ឌ ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែមានការប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យ ព្រោះនេះជារដូវរាំងស្ងួតងាយនឹងមានការឆាបឆេះខ្លាំងណាស់ ចំណែកឯការប្រើប្រាស់កំប៉ុងហ្គាសក៍ដូចគ្នាដែរ ត្រូវពិនិត្យមើលឲ្យបានត្រឹមត្រូវកុំប្រើកំប៉ុងណាដែលចាស់ៗឲ្យសោះ ព្រោះវាអាចបង្កជាគ្រោះមហន្តរាយបានគ្រប់ពេលទាំងអស់ ៕
ចែករំលែកព័តមាននេះ