រាជធានីភ្នំពេញ ៖ អ្នកនាង គង់ សុជាតិ ពិធីការិនីមានឈ្មោះល្បីគ្រប់ជំនាន់បានសម្រេចចិត្តយ៉ាងច្បាស់លាស់រួចរាល់ក្នុងការជ្រើសរើសលោកជា វិបុល ជាស្វាមីបន្ទាប់ទៀត ក្រោយពីបែកស្នេហ៍ទី១ ដែលជាស្នេហាកើតឡើងរាប់ឆ្នាំមកហើយនោះ ។ តាំងពីអ្នកនាង គង់ សុជាតិ រៀបការជាមួយលោកជា វិបុល នាថ្ងៃទី៩ វិច្ឆិកា ២០១៣ មក អ្នកទាំង២បានស្រឡាញ់គ្នាស្អិតល្មួតទ្វេដង ហើយទៅណាមកណាពេញមុខ សូម្បីតែកិច្ចការនៅក្នុងទូរទស្សន៍ក៏ដំណើរការកម្មវិធីជាមួយគ្នា ទើបគេគិតថា ពួកគេនឹងយកកូនទុកជាចំណងដៃនៃភាពផ្អែមល្ហែម ។ ប៉ុន្តែនៅមិនទាន់មានសញ្ញាល្អ ចំណែកអ្នកនាង សុជាតិ នៅតែអះអាងថា ចង់បានកូនជាមួយលោកវិបុល ប៉ុន្តែបើជាតិនេះ គ្មានកូនឱ្យគាត់ ក៏លោកវិបុល បានសច្ចានៅចំពោះមុខនាងថា ស្រឡាញ់ថែរក្សាចំណងស្នេហ៍នេះអស់មួយជីវិត កុំគិតច្រើនអី ។
តាំងពីប្តីប្រពន្ធខុសវ័យនេះ រៀបការរួចមកតួនាទីជាអ្នកសិល្បៈ ពិសេសកិច្ចការពិធីករ ពិធីការិនីនៅតែទទួលបានប្រជាប្រិយភាពខ្លាំងដដែល ដោយមិនត្រឹមតែពង្រីកតួនាទីនៅតាមស្ថានីយទូរទស្សន៍ថ្មីៗបន្ថែមទៀតប៉ុណ្ណោះទេ សូម្បីតែកិច្ចការពិធីករនៅខាងក្រៅស្ថានីយក៏អ្នកនាងសុជាតិ និងលោកជា វិបុល ទទួលបានការងារជាច្រើនឡើងរុំខ្លួនពេញរើលែងរួច សូម្បីតែការងារដើរកម្សាន្ត ដើម្បីគ្រួសារក៏កម្រមានពេល ។ ថ្មីៗនេះលេចឮដំណឹងថា អ្នកនាងសុជាតិ មានផ្ទៃពោះ ដោយខ្លះថា ជាកូនភ្លោះ សូម្បីតែសាមីខ្លួនក៏ឧស្សាហ៍ប្រាប់គេឯងថា ចង់បានកូនភ្លោះដែរ។ ប៉ុន្តែឆ្លងចូលពេលបីទៅបួនខែមកហើយនោះ អ្នកនាងសុជាតិ នៅមិនទាន់មានសញ្ញាណាមួយបញ្ជាក់ប្រាប់គេឯងថា មានកូននៅឡើយទេ ពោលគឺនៅតែបង្ហាញវត្តមានតាមកញ្ចក់ទូរទស្សន៍ធ្វើព្រងើយមិនសម្ងំនៅផ្ទះតមខ្លួនដូចការលើកមុនឡើយ ។
ចែករំលែកព័តមាននេះ