ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់ដោយសារតែគ្រាំខ្លួនក្នុងអំពើហិង្សាដោយចេតនាកាលពីមួយខែមុនបានស្លាប់ កាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៦ មីនា ២០១៤ ស្ថិតនៅលំនៅឋានរបស់ខ្លួន ក្នុងភូមិក្បាលថ្នល់ ឃុំផ្សារ ស្រុកបរិបូរណ៍។
មន្ត្រីប៉ូលិសមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះសិន ស៊ីនាង អាយុ១៧ឆ្នាំ ។ ប្រភពដដែលបានបន្តថា កាលពីថ្ងៃទី៦ កុម្ភៈឆ្នាំ២០១៤ កន្លងមក ជនរងគ្រោះខាងលើបានទៅរាំធុងបាស់ជាមួយបងប្អូនជីដូនមួយម្នាក់ទៀតឈ្មោះស៊ុន សុខហេង អាយុ១៧ឆ្នាំដូចគ្នា នៅភូមិស្នោ ឃុំខុនរ៉ងស្រុកបរិបូរណ៏ ។ នៅយប់នោះ ពេលត្រឡប់មកវិញត្រូវជនសង្ស័យ២នាក់ចាប់ជនរងគ្រោះវាយបណ្តាលអោយរងបួសគ្រាំគ្រា ។
ប៉ុន្តែពេលត្រឡប់មកផ្ទះវិញ ដោយខ្លាចឪពុកម្តាយ មិនហ៊ាននិយាយប្រាប់ពួកគាត់ទេ ចេះតែសំងំនៅផ្ទះ លុះក្រោយមក ឪពុកម្តាយបានដឹងក៏យកទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត និងបញ្ជូនបន្តទៅមន្ទីរពេទ្យរាជធានីភ្នំពេញវិញ តែមិនបានធូរស្រាលទេ ហើយគ្រូពេទ្យក៏បានប្រាប់ថា មិនសង្ឃឹមទេ ទើបនៅល្ងាចថ្ងៃទី៥ មីនា ២០១៤ ឪពុកម្តាយបានដឹកត្រឡប់ទៅផ្ទះវិញ ហើយនៅយប់រំលងអធ្រាត្រ ក៏បានស្លាប់តែម្តង ។
ចែករំលែកព័តមាននេះ