រាជធានីភ្នំពេញ ៖ ក្រុមវង់ភ្លេងពិណពាទ្យសិល្បៈនៅស្រុកខ្សាច់កណ្តាល ដែលពេលនេះបាននិងកំពុងអភិវឌ្ឍខ្លួនជាក្រុមឯករាជ្យ និងបន្តនិរន្តរភាពដោយខ្លួនឯងមានឈ្មោះថា ក្រុមតន្ត្រីមង្គល ដឹកនាំដោយលោកគ្រូ សួរ វណ្ណា និងសហការជាមួយក្រុមសម្តែងប៊ូកូ ម៉ាឡាហ្គាស៊ី(Bloco Malagasy) មកពីប្រទេសម៉ាដាហ្គាស្កា នឹងរៀបចំព្យុហយាត្រាសិល្បៈវាយស្គរនៅថ្ងៃទី១៤ មីនា ២០១៤ ខាងមុខនេះ។
ព្យុហយាត្រាសិល្បៈនេះនឹងធ្វើដំណើរចេញពីថ្នាក់ពិណពាទ្យដែលស្ថិតនៅភូមិស្វាយ ឃុំខ្សាច់កណ្តាល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ឆ្ពោះទៅកាន់សាលាបឋមសិក្សាស្វាយជ្រុំ ហើយធ្វើការសម្តែងរួមគ្នានៅទីនោះ។ ដំណើរព្យុហយាត្រានេះនឹងចាប់ផ្តើមនៅម៉ោង២រសៀល។
គួរបញ្ជាក់ថា ក្រុមនេះបានមកសម្តែងម្តងរួចហើយជាមួយក្រុមសិល្បករសិល្បៈខ្មែរអមតៈ កាលពីថ្ងៃទី២១ មីនា ២០១៣ ។ ថ្វីដ្បិតតែទម្រង់សិល្បៈទាំង២មានភាពខុសគ្នាដាច់ស្រឡះ ប៉ុន្តែពួកគេបានសម្តែងរួមគ្នាដោយប្រើស្គរប្រគំជាចង្វាក់យ៉ាងរស់រវើក។
នៅថ្ងៃបន្ទាប់ គឺថ្ងៃទី១៥ មីនា ក្រុមប៊ូកូ ម៉ាឡាហ្គាស៊ីនេះ នឹងបន្តទេសចរសិល្បៈរបស់ខ្លួនទៅរួមសហការសម្តែងជាមួយក្រុមសិល្បករសិល្បៈខ្មែរអមតៈជាច្រើននាក់ទៀត រួមជាមួយនិស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រ និងក្រុមតន្ត្រីរបស់លោកសាស្ត្រាចារ្យបណ្ឌិត សំអាង សម នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ៕
ចែករំលែកព័តមាននេះ