រាជធានីភ្នំពេញ ៖ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា បើតាមរបាយការណ៍ពីតុលាការបានបង្ហាញថា នៅរាជធានីភ្នំពេញការលែងលះគ្នារវាងគូស្វាមីភរិយា មានការកើនទ្បើងពី១ឆ្នាំទៅ១ឆ្នាំ ហើយបន្ទុកដ៏ធ្ងន់ត្រូវធ្លាក់មកលើស្ត្រីជាភរិយាជាងបុរសជាប្តី ដែលត្រូវរ៉ាប់រងសេដ្ឋកិច្ចគ្រួសារ មើលថែទាំកូនក្នុងនាមជាស្ត្រីមេម៉ាយ ហើយវាបានក្លាយជាការឈឺចាប់សម្រាប់សង្គមទាំងមូលតែម្តង ។
លោកប៉ា សុជាតិវង្ស មានប្រសាសន៍បែបនេះ ក្នុងពេលលោកអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូននារី ដែលជាមន្ត្រីរាជការក្រោមឱវាទ សាលារាជធានីភ្នំពេញ ចំនួន១០៣នាក់ នៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃ ទី៥ មីនា ដើម្បីចូលរួមអបអរសាទរទិវាអន្តរជាតិនារី៨មីនា ខួបទី១០៣ ។
លោកប៉ា សុជាតិវង្ស ថ្លែងទៀតថា ក្នុងនាមជាអាជ្ញាធររាជធានីភ្នំពេញ និងក្នុងនាមជាបុរស សុំធ្វើការអំពាវនាវឱ្យមានការយោគយល់ និងអនុគ្រោះឱ្យបានច្រើនថែមទៀត ដល់បងប្អូននារីរបស់យើង ។ នារីសម័យតេជោ មិនត្រូវបានគេមើលស្រាលនោះទេ បងប្អូននារីយើងបានបញ្ចេញអស់ទាំងកម្លាំងកាយ ប្រាជ្ញា ស្មារតី ធ្វើជាដៃគូជាមួយបុរសក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ពិសេសអភិវឌ្ឍន៍រាជធានីភ្នំពេញ ។ បងប្អូននារីបានដើរចេញឆ្ងាយពីគំនាប ឬការរឹតត្បិតហួសហេតុពីលក្ខខណ្ឌនៃប្រពៃណីដ៏តឹងតែង បានចូលទៅសិក្សា និងចូលប្រទ្បូកក្នុងការងារសង្គមគ្រប់វិស័យ ។ ជាមួយគ្នានេះ យើងក៏មានការបារម្ភពីការធ្លាក់ចុះនៃសីលធម៌សង្គម ធ្វើឱ្យយុវវ័យ១ចំនួនភ្លេចខ្លួនថា ខ្លួនឯងជាស្ត្រីខ្មែរ ។
ចែករំលែកព័តមាននេះ