ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​រាជធានីចាត់​វិធានការ​ក្តៅ លើ​ក្រុមភាស៊ី​ផ្សារ និង​ចំណត បញ្ចប់​ការទារ​ប្រាក់​តាមទំនើង​ចិត្ត

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ លោក​ប៉ា សុជាតិ​វង្ស​ អភិបាល​រាជ​ធានី​ភ្នំពេញ​ បាន​ដាក់​ចេញ​នូវ​វិធាន​ការ​ក្តៅ​មួយ​ដែល​អាច​ឈាន​ទៅ​ដល់​ការ​លុប​ចោល​កិច្ច​សន្យា​ជាមួយ​ក្រុម​ហ៊ុន​យក​ភាស៊ី​ និង​ចំណត​ផ្ញើ​ម៉ូតូ​ រថយន្ត​តាម​ផ្សារ​ទូទាំង​រាជ​ធានី​ភ្នំ​ពេញ​ ប្រសិន​បើ​នៅ​តែ​យក​ថ្លៃ​លើស​​សៀវ​ភៅ​បន្ទុក​ បង្ក​ការ​បាត់​បង់​សណ្តាប់​ធ្នាប់​ ​និង​នាំ​ឱ្យ​មាន​ការ​ថ្នាំង​ថ្នាក់​ពីប្រជា​ពល​រដ្ឋ​ ។​

រាជ​ធានី​ភ្នំពេញ​ ៖ លោក​ប៉ា សុជាតិ​វង្ស​ អភិបាល​រាជ​ធានី​ភ្នំពេញ​ បាន​ដាក់​ចេញ​នូវ​វិធាន​ការ​ក្តៅ​មួយ​ដែល​អាច​ឈាន​ទៅ​ដល់​ការ​លុប​ចោល​កិច្ច​សន្យា​ជាមួយ​ក្រុម​ហ៊ុន​យក​ភាស៊ី​ និង​ចំណត​ផ្ញើ​ម៉ូតូ​ រថយន្ត​តាម​ផ្សារ​ទូទាំង​រាជ​ធានី​ភ្នំ​ពេញ​ ប្រសិន​បើ​នៅ​តែ​យក​ថ្លៃ​លើស​​សៀវ​ភៅ​បន្ទុក​ បង្ក​ការ​បាត់​បង់​សណ្តាប់​ធ្នាប់​ ​និង​នាំ​ឱ្យ​មាន​ការ​ថ្នាំង​ថ្នាក់​ពីប្រជា​ពល​រដ្ឋ​ ។​

ការដាក់​ចេញ​នូវ​វិធាន​ការ​ក្តៅ​របស់​លោក​អភិបាល​រាជធានី​ភ្នំពេញ​នេះ​ ក្នុង​ពេល​លោក​កោះ​ប្រជុំ​ជា​ប​ន្ទាន់​មួយ​ជាមួយ​ប្រធាន​ផ្សារ​ និង​ក្រុម​ហ៊ុន​យក​ភាស៊ី​តាម​ផ្សារ​នានា​ទូទាំង​រាជ​ធានី​ភ្នំពេញ​ នៅ​សាលា​រាជ​ធានី​ភ្នំពេញ​ នាព្រឹកថ្ងៃទី​៥​ មីនា​ ដោយ​មាន​ការ​ចូល​រួម​ពី​អភិបាល​ខណ្ឌ​គ្រប់​ខណ្ឌ​ ប្រធាន​ផ្សារ​ លោក​ស្រី​ ស៊ុយ​ សុផាន​ តំណាង​​ក្រុម​ហ៊ុន​ផ្តាច់​មុខ​យក​ភាស៊ី​ស្ទើរ​គ្រប់​ផ្សារ​នៅ​រាជ​ធានី​ភ្នំពេញ​ និង​មន្ត្រី​ពាក់​ព័ន្ធ​ក្រោម​ឱវាទ​សាលា​រាជ​ធានី​ភ្នំពេញ​ជា​ច្រើន​រូប​ទៀត ។​ មន្ត្រីសាលា​រាជ​ធានី​ភ្នំពេញ​បាន​ឱ្យ​ដឹង​ថា​ នៅ​រាជ​ធានី​​ភ្នំពេញ​មាន​ផ្សារ​រដ្ឋ​ចំនួន​២៥​ ផ្សារ​ឯក​ជន​ចំនួន​២៦​​ ផ្សារ​ទំនើប​ចំនួន​១៨ និង​ផ្សារ​តូចៗ​ (ម៉ាត)​ មាន​ជាង​៩០​ ដោយ​មិន​ទាន់​គិត​ពី​ផ្សារ​ក្រមួន​តូចៗ​ផ្សេង​ទៀត​នោះ​ទេ ។​ លោក​អភិបាល​រាជ​ធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​យ៉ាង​ម៉ឺង​ម៉ាត់​ថា​ ចាប់​ពីពេល​​នេះ​ទៅ​ សណ្តាប់​ធ្នាប់​នៅតាម​ផ្សារ ជាពិសេស​នៅ​ជុំវិញ​ផ្សារ​ ត្រូវតែ​រៀបចំ​ឱ្យបានប្រសើរ​ឡើង​ ដោយ​មិន​ឱ្យ​មាន​ភាពរញេ៉​រញ៉ៃ​ដូច​មុន​ទៀត​ទេ ហើយ​កិច្ច​ការ​នេះ​ប្រធាន​ និងគណៈ​កម្មការ​ផ្សារ​ និង​អាជ្ញាធរ​ខណ្ឌត្រូវ​តែ​ទទួលខុសត្រូវ​ ។

​ម្យ៉ាង​​ទៀត​ ស្នើ​ឱ្យ​មាន​កង​កម្លាំង​សមត្ថ​កិច្ច​ចូ​លរួម​ ត្រូវ​ដាក់​កម្លាំង​​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ខណ្ឌ​ ដោយ​​​មាន​អភិបាល​រង​ខណ្ឌ​មួយ​រូប​ប្រចាំ​ការ​ជា​ប្រចាំ​ ហើយ​ជា​ជំហាន​ដំបូង​នេះ​ អាជ្ញាធរ​ខណ្ឌ​ត្រូវ​​ជ្រើស​យក​ផ្សារ​ក្នុង​មួយ​ខណ្ឌ​មួយ​ដើម្បី​ធ្វើ​ជា​គំរូ​មុន​គេ ។​ លោ​កប៉ា សុជាតិ​វង្ស​ មានប្រសាសន៍​ទៀត​ថា​ ចំណែក​ក្រុម​ហ៊ុន​ដែល​ទទួលសិទ្ធិ​យក​ភាស៊ី​តាម​ផ្សារ​នានា​ ក៏​ត្រូវ​ធ្វើ​ការ​កែ​សម្រួល​ឱ្យបាន​ស៊ី​ជម្រៅ​ចាប់​ពី​ពេល​នេះ​តទៅ​ មិន​អនុញ្ញាត​ឱ្យ​ចេះ​តែ​យក​ភាស៊ី​តាម​ចិត្ត​នោះ​ទេ​ ដោយ​អនុវត្ត​តាម​សៀវ​ភៅ​បន្ទុក​ ហើយ​រយៈ​ពេល​១៥​ថ្ងៃ​ទៀត​អ្នក​យក​ភាស៊ី​ត្រូវ​តែ​មាន​ពាក់​ឯកសណ្ឋាន​ មាន​ស្លាក​ឈ្មោះ​ និង​មានអត្ត​លេខ​ឱ្យបាន​ត្រឹម​ត្រូវ​ បើ​មិន​មាន​ទេ​ យើង​មិន​អនុញ្ញាត​ឱ្យ​យក​ភាស៊ី​តែ​ម្តង ។​ ចំពោះ​ចំណត​រថយន្ត​ និង​ម៉ូតូ​ ក៏​ដូច​អ្នក​យក​ភាស៊ី​តាម​ផ្សារទាំង​នោះ​ បើ​ក្រុម​ហ៊ុន​អនុវត្ត​ខុស​ពី​ច្បាប់​ ឬ​កិច្ច​សន្យា​ សាលា​រាជធានី​ភ្នំពេញ​មិន​អនុ​គ្រោះ​នោះ​ទេ​ គឺឈាន​ទៅ​ដល់​ការ​លុប​កិច្ច​សន្យា​របស់​ក្រុម​ហ៊ុន​នោះ​ចោល​តែ​ម្តង​ បើ​មិន​សុខ​ចិត្ត​ ​សុំ​​ឱ្យ​ទៅ​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ចុះ ។​ យើង​ពិត​ជា​មិ​នអាច​បណ្តែត​បណ្តោយ​ទៀត​ទេ ។​

លោក​អភិបាល​រាជ​ធានី​បញ្ជាក់​ថា​ នេះ​ជា​ពេល​វេលា​សាក​ល្បង​សមត្ថភាព​មន្ត្រីរបស់​យើង​ ទាំង​ប្រធាន​ផ្សារ​ អភិបាល​រង​រាជ​ធានី ​អភិបាល​ខណ្ឌ​ អភិបាល​រង​ខណ្ឌ​ និង​មន្ត្រី​ពាក់​ព័ន្ធ​ក្រោម​ឱវាទ​សាលា​រាជ​ធានី​ភ្នំពេញ​ទាំង​អស់​ ចាប់​ពី​ពេល​នេះ​ត​ទៅ​ បើ​ធ្វើ​ការ​ងារ​មិន​កើត​ទេ​ ដក​ចេញ​ កុំ​ឱ្យ​ខូច​ឈ្មោះ​ និង​ខាត​​កៅអី​របស់​គណ​បក្សប្រជាជន​កម្ពុជា​តទៅ​ទៀត​ គឺ​ដល់​ពេល​ដែល​ត្រូវ​កែ​ទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ហើយ ។​ ក្នុង​ឱកាស​នោះ​ លោក​ប៉ា សុជាតិ​វង្ស​ បាន​ណែនាំ​ឱ្យ​មន្ត្រី​ជំនាញ​ពិនិត្យ​ឯកសារ​ដែល​ពាក់​ព័ន្ធ​ ទាំង​កិច្ច​សន្យា​​ភាស៊ី និង​ប្លង់​តាម​ផ្សារ​នីមួយៗ​ និងត្រូវ​គូស​ប្លង់​កំណត់​ព្រំ​ប្រទល់​ឱ្យបាន​ច្បាស់​លាស់​ ​។ ជា​មួយ​នេះ ស្នើ​ឱ្យ​តាម​ផ្សារ​ទាំង​អស់​ក្នុង​រាជធានី​ភ្នំពេញ​ ត្រូវ​ដាក់​ប្រអប់​សំបុត្រ​ដើម្បី​ឱ្យ​ប្រជា​ពល​រដ្ឋ​មាន​មតិ​យោបល់​ជុំវិញ​ការ​ដឹក​នាំរបស់​ប្រធាន​ផ្សារ​នីមួយៗ​ និង​មតិ​របស់​អាជីវករ​ ជា​ពិសេស​ពាក់​ព័ន្ធទៅ​នឹង​ការបង់​ថ្លៃ​នានា​របស់​ពួក​​គាត់​ផងដែរ​ ហើយ​ប្រអប់​សំបុត្រ​នោះ​មាន​តែ​អភិបាល​ខណ្ឌ​ទេ ដែល​មាន​សិទ្ធិ​ក្នុង​ការ​បើក​ និង​កាន់​កូន​សោ ។​

ទាក់ទិន​ទៅ​នឹង​វិធាន​ការ​របស់​លោក​អភិ​បាល​រាជ​ធានី​ភ្នំពេញ​ខាង​លើ​នេះ​ ប្រជាពល​រដ្ឋ​រាជ​ធានី​ភ្នំពេញ​មាន​ការ​ត្រេកអរ​ និងគាំទ្រ​យ៉ាង​ខ្លាំង ហើយ​សង្ឃឹម​ថា​ អាជ្ញាធរ​មូលដ្ឋាន​ ជា​ពិសេស​គណៈ​កម្មការ​ ឬ​ប្រធាន​ផ្សារ​ និង​មន្ត្រី​ពាក់​ព័ន្ធ​នឹង​ធ្វើ​កិច្ច​ការ​នេះ​ឱ្យ​ទទួល​បាន​ជោគ​ជ័យ៕​