រាជធានីភ្នំពេញ ៖ ក្រុមអ្នកតវ៉ាដីធ្លីមកពីសហគមន៍បឹងកក់ និងបុរីកីឡាមុខមាត់ដដែលៗចំនួន៣នាក់ ត្រូវបានកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌដូនពេញចាប់ឃាត់ខ្លួនបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី៥ មីនា ខណៈក្រុមអ្នកទាំងនោះនាំគ្នាបិទច្រកទ្វារចេញ-ចូលសាលារាជធានីភ្នំពេញ ។
ទាក់ទិននឹងការឃាត់ខ្លួនអតីតអ្នកភូមិបឹងកក់និងសហគមន៍បុរីកីឡានេះ លោក គឹម វុត្ថា ប្រធានផ្នែកសណ្ដាប់ធ្នាប់ខណ្ឌដូនពេញបានឱ្យដឹងថា អតីតអ្នកភូមិបឹងកក់ និងសហគមន៍អ្នកបុរីកីឡាប្រមាណ១០នាក់ បានប្រមូលផ្ដុំគ្នានៅច្រកចេញ-ចូលសាលារាជធានីភ្នំពេញដែលជាម៉ោងមន្ដ្រីរាជការសាលារាជធានីភ្នំពេញចូលធ្វើការងារ បើទោះជាសមត្ថកិច្ចសុំឱ្យពួកគាត់ចាកចេញពីច្រកចេញ-ចូលនោះទៅកន្លែងផ្សេងក៏ដោយ ។ ដោយមានបទបញ្ជាពីលោកអភិបាលរាជធានី ក៏ដូចជាតាមការណែនាំពីលោកអភិបាលខណ្ឌដូនពេញ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌដូនពេញបានឃាត់ខ្លួនស្រ្ដីបីនាក់ក្នុងនោះមានអតីតអ្នកភូមិបឹងកក់ពីរនាក់ដែលមានគោលបំណងសុំគោលនយោបាយដោះស្រាយបន្ថែម រីឯម្នាក់ទៀតជាអ្នកសហគមន៍បុរីកីឡាក្នុងគោលបំណងសុំឱ្យសាលារាជធានីភ្នំពេញពន្លឿនការដោះស្រាយលំនៅឋានឱ្យបានឆាប់ ។
អ្នកភូមិបឹងកក់ម្នាក់និយាយថា ស្រ្ដី៣នាក់ដែលត្រូវបានឃាត់ខ្លួននេះមាន ១-ឈ្មោះ សៀ ណារ៉េត ២-ឈ្មោះ អឹុម ស្រីតូច និង៣-ឈ្មោះ សាត ជា ។ បើតាមព័ត៌មាននៅព្រឹកនោះ នឹងមានក្រុមអ្នកតវ៉ាតាមសហគមន៍ជាច្រើនមកកាន់សាលារាជធានីភ្នំពេញ ដើម្បីទាមទារឱ្យដោះស្រាយបញ្ហារបស់ពួកគាត់ ហើយតាមទិដ្ឋភាពជាក់ស្ដែងនៅមុខសាលារាជធានីភ្នំពេញ ក្រោយពីការឃាត់ខ្លួនស្រ្ដីទាំង៣នាក់ គេឃើញមានតំណាងសហគមន៍បឹងកក់ក៏បានចូលរួមទាមទារសុំឱ្យដោះលែងវិញដែរ ។ លោកប្រធានសណ្ដាប់ធ្នាប់ខណ្ឌដូនពេញបញ្ជាក់ថា ស្រ្ដី៣នាក់ដែលត្រូវបានឃាត់ខ្លួនបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺដើម្បីរក្សាសណ្ដាប់ធ្នាប់ ក្រោយមកឱ្យពួកគេធ្វើកិច្ចសន្យា និងដោះលែងវិញ ។
ជាមួយគ្នានេះ ក្រុមអ្នកភូមិបឹងកក់ចំនួន៦នាក់ដឹកនាំដោយអ្នកស្រី ទេព វន្នី បាននាំគ្នាដាក់លិខិតអញ្ជើញលោកអភិបាលខណ្ឌដូនពេញ លោកអភិបាលរាជធានីភ្នំពេញ និងតំណាងគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងទិវាអន្ដរជាតិនារី៨ មីនា ឆ្នាំ២០១៤ ដែលជាខួបលើកទី១០៣ របស់ពលរដ្ឋសហគមន៍បឹងកក់ដែលរៀបចំនៅក្នុងសហគមន៍បឹងកក់ ផ្ទះលេខ១៨១B ផ្លូវលេខ៨៦ ភូមិទី២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ទាក់ទងនឹងការអញ្ជើញនេះ មិនទាន់ដឹងថា មានការឆ្លើយតបបែបណានៅឡើយទេ ៕
ចែករំលែកព័តមាននេះ