ខេត្តបាត់ដំបង ៖ រថយន្តដឹកគ្រឿងចក្រមួយគ្រឿងរបស់កងវិស្វកម្ម ដែលយកមកជួសជុលនៅក្នុងយានដ្ឋានមួយកន្លែងក្បែររង្វង់មូល «ហនុមាន» ផ្លូវជាតិលេខ៥ ក្នុងភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង បានត្រូវភ្លើងឆេះអស់មួយកំណាត់ខាងមុខ ដែលបង្កទ្បើងដោយក្រុមជាងផ្សាររថយន្តនោះខុសបច្ចេកទេស កាលពីវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី៥ មីនា និងធ្វើឱ្យមនុស្ស២នាក់រងរបួស ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ការឆេះរថយន្តដឹកគ្រឿងចក្រនេះ បានកើតទ្បើងនៅក្នុងយានដ្ឋានយីហោ«សេងហុង» ដែលមានម្ចាស់ឈ្មោះសេង ហួត ភេទប្រុស អាយុ៣៦ឆ្នាំ ។ រីឯរថយន្តដែលត្រូវឆេះអស់មួយកំណាត់មុខនោះ ជាប្រភេទរថយន្តដឹកគ្រឿងចក្ររបស់កងវិស្វកម្ម ដែលយកមកជួសជុលនៅក្នុងយានដ្ឋាននេះ ឯម្ចាស់រថយន្តបានរងរបួសដោយសារអណ្តាតភ្លើង ។ អ្នកឃើញហេតុការណ៍នេះផ្ទាល់ភ្នែកនិយាយថា គេឃើញក្រុមជាងបានផ្សាររថយន្តក្បែរធុងប្រេង លុះបន្តិចក្រោយមកក៏ស្រាប់តែឮសំទ្បេងផ្ទុះលាន់កក្រើកទ្បើង បង្កឱ្យមានភ្លើងឆាបឆេះលាយទ្បំ នឹងផ្សែងខ្មៅងងឹតចេញពីរថយន្តនោះមួយរំពេច ។ គ្រានោះគេឃើញជាងផ្សារម្នាក់ បានរត់ឆ្លេឆ្លារកទឹកមកពន្លត់ ខណៈមានរបួសលើរាងកាយផង តែមិនអាចជួយសង្គ្រោះបានទេ ព្រោះឥទ្ធិពលភ្លើងដែលឆេះចេញពីធុងប្រេងមានកម្លាំងខ្លាំងមិនអាចគ្រប់គ្រងបាន ។ ក្នុងគ្រាមានអាសន្ននេះ បានឃើញរថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ចក៏បានមកដល់ជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗដែរ ។
ម្ចាស់យានដ្ឋានឈ្មោះ សេង ហួត មិនបានបំភ្លឺប្រាប់អ្នកសារព័ត៌មានបានភ្លាមៗទេ នៅកន្លែងកើតហេតុ ប៉ុន្តែបុរសនេះបាននិយាយ ហើយត្រូវគេស្រង់សម្តីថា ការឆេះនោះកើតទ្បើងដោយសារទុស្សេខ្សែក្បាលអាគុយពេលខ្លួនកំពុងផ្សារក្បែរធុងប្រេង ។ ប៉ុន្តែអ្នកជំនាញខាងផ្សារដែក ដែលទៅមើលរថយន្តដែលឆេះនោះ និយាយថា ការបង្កឱ្យមានភ្លើងឆេះនេះ ដោយសារតែជាងផ្សារមិនដោះក្បាលអាគុយចេញ ទើបនាំឱ្យទុស្សេ ។ ម្យា៉ងទៀត ពេលជាងកំពុងផ្សារក្បែរធុងប្រេងមិនបានបើកគម្របធុងប្រេងផង ទើបបណ្តាលឱ្យផ្ទុះធុងប្រេងឆេះបែបនេះ ។ នេះជាកំហុសបច្ចេកទេសរបស់ជាងជួសជុលទាំងស្រុងតែម្តង ក្នុងការទទួលខុសត្រូវ ។ លោក រៀម សារ៉េត អនុប្រធានការិយាល័យបង្ការ និងពន្លត់អគ្គិភ័យបានបញ្ជាក់ថា រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង បានចេញទៅជួយអន្តរាគមន៍ ខណៈភ្លើងកំពុងឆាបឆេះពេញបន្ទុក ហើយកម្លាំងជំនាញជួយបាញ់ទឹកបង្ក្រាបបានភ្លាមៗដែរ តែរថយន្តនោះបានឆេះទាំងស្រុងអស់មួយកំណាត់មុខទៅហើយ ។
ទោះជាយ៉ាងណា ការឆេះនោះ បានបណ្តាលឱ្យមនុស្ស២នាក់រងរបួស គឺម្ចាស់យានដ្ឋានឈ្មោះ សេង ហួត រងរបួសស្រាល និងម្ចាស់រថយន្តដែលឈរមើលក្បែរនោះរងរបួសធ្ងន់ តែមិនបង្កផលប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋនៅក្បែរនោះទេ ៕
ចែករំលែកព័តមាននេះ