ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធ​នា​​​ការ​​បង្ក្រាប​​​សិប្ប​​កម្ម​ អត់​​ច្បាប់​​​នៅ​​ស្រុក​ដង​​​ទង់​-ឈូក​ មាន​​ជន​ខិល​​ខូច​​ដើរ​​ប្រមូល​​​​លុយ

11 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ កម្លាំង​​សមត្ថ​កិច្ច​របស់​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​កំពត​​ ដឹក​នាំ​ដោយ​លោក ស៊ឹម ឡាប័ុង​ នាយ​ខណ្ឌ​​ និង​កម្លាំង​នគរ​បាល​អន្តរា​គមន៍​​របស់​ការិយា​ល័យ​កណ្តាល​នគរ​បាល​ព្រហ្ម​ទណ្ឌ​ខេត្ត​ ដឹក​នាំ​ដោយ​លោក​ឧត្តម​សេនីយ៍​ត្រី​ ម៉ៅ ច័ន្ទ​មធុរិទ្ធ​ ស្នង​ការ​រង​​និង​ជា​នាយ​ការិយា​ល័យ​កណ្តាល​ រួម​​នឹង​កម្លាំង​នគរ​បាល​​មូល​ដ្ឋាន​​ស្រុក​ទាំង​ពីរ​ បាន​រួម​សហ​ការ​ជាមួយ​អង្គ​ភាព​​រដ្ឋ​បាល​ព្រៃ​ឈើ​កំពត

ខេត្ត​កំពត​ ៖ កម្លាំង​​សមត្ថ​កិច្ច​របស់​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​កំពត​​ ដឹក​នាំ​ដោយ​លោក ស៊ឹម ឡាប័ុង​ នាយ​ខណ្ឌ​​ និង​កម្លាំង​នគរ​បាល​អន្តរា​គមន៍​​របស់​ការិយា​ល័យ​កណ្តាល​នគរ​បាល​ព្រហ្ម​ទណ្ឌ​ខេត្ត​ ដឹក​នាំ​ដោយ​លោក​ឧត្តម​សេនីយ៍​ត្រី​ ម៉ៅ ច័ន្ទ​មធុរិទ្ធ​ ស្នង​ការ​រង​​និង​ជា​នាយ​ការិយា​ល័យ​កណ្តាល​ រួម​​នឹង​កម្លាំង​នគរ​បាល​​មូល​ដ្ឋាន​​ស្រុក​ទាំង​ពីរ​ បាន​រួម​សហ​ការ​ជាមួយ​អង្គ​ភាព​​រដ្ឋ​បាល​ព្រៃ​ឈើ​កំពត​​ បន្ត​យុទ្ធ​នា​ការ​បង្ក្រាប​រោង​សិប្ប​កម្ម​អត់​ច្បាប់​និង​ឈើ​ខុស​ច្បាប់​ដែល​ក្រុម​​អាជីវ​ករ​ធ្វើ​អាជីវ​កម្ម​ស្តុក​ លាក់​ទុក​​​ឈើ​នៅ​តាម​រោង​សិប្ប​កម្ម​របស់​ខ្លួន ។ ​

តាម​ព័ត៌​មាន​ឱ្យ​ដឹង​ថា​ នៅ​ក្នុង​រោង​​សិប្បកម្ម​នីមួយៗ​ មាន​ឈើ​ប្រណីត​ និង​ឈើ​​ហុប​មិន​ទាន់​ច្រៀក​រាប់​រយ​កំណាត់​​​ ហើយ​ត្រូវ​បាន​សមត្ថ​កិច្ច​ចម្រុះ​ប្រមូល​ និង​​ដឹក​​យក​មក​រក្សា​ទុក​​នៅ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​កំពត​ ដើម្បី​កសាង​សំណុំ​ឯក​សារ​បញ្ជូន​​ទៅ​សាលា​ដំបូង​ខេត្ត​ ដោះ​ស្រាយ​តាម​​ច្បាប់ ។ ​នៅ​ក្នុង​យុទ្ធ​នាការ​បង្ក្រាប​រោង​សិប្បក​ម្ម​អត់​ច្បាប់​ និង​ឈើ​ខុស​ច្បាប់​​​​​នេះ បើ​គិត​ក្នុង​រយៈ​ពេល​៤​ថ្ងៃ​ ​គឺ​ចាប់​ពី​ថ្ងៃ​ទី​២៨ កុម្ភៈ មក​ដល់​ថ្ងៃ​ទី​៤ មីនា ​ ជា​លទ្ធ​ផល​​ប្រមូល​ឈើ​​ហុប​បាន​មិន​តិច​ជាង​ពី​៨០០​ទៅ​៩០០​កំណាត់​​​ឡើយ​ រួម​នឹង​ម៉ាសុីន​អារ​ច្រៀក​ឈើ​ជា​ច្រើន​គ្រឿង​ផង​ដែរ​​​ ។ ​បើ​យោង​តាម​ប្រភព​​ព័ត៌​មាន​ពី​ប្រជា​ពលរដ្ឋ​នៅ​ជុំ​វិញ​ចំណុច​​រោង​សិប្ប​កម្ម​អត់​ច្បាប់​និង​អ្នក​ធ្វើ​​សិប្ប​កម្ម​អត់​ច្បាប់​ បាន​លួច​​ខ្សឹប​​​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ពេល​សមត្ថ​កិច្ច​កំពុង​ជញ្ជូន​ឈើ​ខុស​ច្បាប់​ទៅ​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋ​បាល​​ព្រៃ​ឈើ​​កំពត​​ ​មាន​កម្លាំង​ក្លែង​បន្លំ​​ធ្វើ​ជា​សមត្ថ​កិច្ច​ដែល​ចុះ​​មក​ជួយ​ការពារ​​​​ការ​បង្ក្រាប​​បទ​ល្មើស​ខាង​លើ​​​ចំនួន​​ជិត​១០​នាក់ បាន​ដើរ​ចលនា​ធ្វើ​សកម្ម​ភាព​តាម​រោង​​សិប្ប​កម្ម​អត់​ច្បាប់​ទាំង​នោះ បង្ខំ​ឱ្យ​បង់​ប្រាក់​ទៅ​ពួក​គេ​ពី​១.០០០​ដុល្លារ​​ក៏​មាន ​១.៥០០​ដុល្លារ​​ក៏​មាន​​ ក្នុង​រោង​​សិប្ប​កម្ម​នីមួយៗ​​ ​។

ពួក​​គេ​នោះ​​ អះ​អាង​ថា ពួក​គេ​ជា​មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​កំពត​ បើ​គេ​មិន​ចាប់​ហើយ​ អ្នក​ណា​ក៏​មិន​ហ៊ាន​ចាប់​ដែរ ។ ប្រភពដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា​ ក្រោយ​ពី​ក្រុម​នេះ​ទទួល​​បាន​ប្រាក់​ពី​ម្ចាស់​រោង​សិប្ប​កម្ម​ហើយ​ ក៏​បានប្រាប់​ម្ចាស់​​រោង​​សិប្ប​កម្ម​ទាំង​នោះ ឱ្យ​ជម្លៀស​ឈើ​តូច​ធំ​ចេញ​ឱ្យ​អស់​ពី​ក្នុង​រោង​សិប្ប​កម្ម​​ ឯ​ម៉ាស៊ីន​​ក៏​ត្រូវ​ដោះ​និង​រុះ​រើ​​ចេញ​​ឱ្យ​អស់​ពី​ក្នុង​​ទី​តាំង​រោង​សិប្ប​កម្ម​​ដែរ​ ពី​ព្រោះ​​ខ្លាច​ក្រុម​ផ្សេង​​គេ​មក​ពិនិត្យ​នាំ​តែ​មាន​បញ្ហា ។ ​តាម​ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ថា រោង​សិប្ប​កម្ម​អត់​ច្បាប់​​ជាង​១០​ទីតាំង គឺ​បាន​ទទួល​ដំណឹង​ពី​ក្រុម​ក្លែង​បន្លំ​ ប្រាប់​ឱ្យ​ដឹង​មុន​​ និង​បង់​លុយ​ឱ្យ​ខ្លួន​ រួច​ប្រាប់​ឱ្យ​ម្ចាស់​​រោង​សិប្ប​កម្ម​​រុះ​រើ​ម៉ាសុីន​​ និង​ជម្លៀស​ឈើ​ចេញ​ឱ្យ​អស់​​ពីទីតាំង​ដូច​គ្នា ។ មិន​តែ​ប៉ុណ្ណោះ​ ទោះបី​បង់​ប្រាក់​ឱ្យ​ក្រុម​នេះ​ហើយ​​ក្តី ក៏​គេ​ពិនិត្យ​​​ឃើញ​នៅ​តាម​រោង​​សិប្ប​កម្ម​នោះ ម្ចាស់​ត្រូវ​​ចាក់​សោរបង​បិទ​គ្រប់​ទី​តាំង​ទាំង​អស់​ ។

​សូម​បញ្ជាក់​​ថា​ ទីតាំង​សិប្ប​កម្ម​ដែល​ចាញ់​បោក​ក្រុម​ក្លែង​បន្លំ​ធ្វើ​ជា​កម្លាំង​សមត្ថ​កិច្ច​​ ដើរ​ទារ​លុយ​ ហើយ​ធានា​អះ​អាង​នោះ គឺភាគ​​ច្រើន​នៅ​ក្នុង​ភូមិ​កោះ​ឫស្សី​ ឃុំ​ត្រពាំង​​ល្បើក​​​ ស្រុក​ឈូក ។ ប្រជា​ពលរដ្ឋ​នៅ​ក្នុង​តំបន់​ខាង​លើ បាន​​រិះ​គន់​មក​លើ​សមត្ថ​កិច្ច​​ថា ពួក​គាត់​មាន​ការ​ស​ង្ស័យ​ថា បើ​មិន​មាន​អំពើ​ឃុប​ឃិត​​ណា​មួយ​ចេញ​ពី​ផ្ទៃ​ក្នុង​នៃ​កម្លាំង​​ដែល​ចុះ​សហ​ការ​បង្ក្រាប​នោះ​ទេ ក៏​មិន​អាច​មាន​ជន​ទៅ​ក្លែង​បន្លំ​ដើរ​យក​ប្រាក់​ពី​ម្ចាស់​ទីតាំង​សិប្ប​កម្ម​អត់​ច្បាប់​ បាន​ដោយ​ងាយ​ស្រួល​បែប​នេះ​​ឡើយ ៕