ខេត្តត្បូងឃ្មុំ ៖ ដោយអនុវត្តន៍តាមការណែនាំរបស់សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ កម្លាំងសមត្ថកិច្ចបានធ្វើរដ្ឋបាលចំហរ ដើម្បីពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោកវេលាម៉ោង១០និង៤៥នាទីយប់ ថ្ងៃទី២៥ សីហានេះ ត្រង់ចំនុចភូមិពោធិស្រុក ឃុំកោងកាង ស្រុកពញាក្រែក ដែលបានចាប់ឃាត់អ្នកបើកបររថយន្តក្រុងរបស់ក្រុមហ៊ុនវិរៈប៊ុនថាំម្នាក់ បើកបរក្រោមឥទ្ធិពលគ្រឿងញៀន ខណៈដឹកអ្នកដំណើរពេញរថយន្តជាង៤០នាក់ចេញពីរាជធានីភ្នំពេញ ដើម្បីឆ្ពោះទៅកាន់ខេត្តរតនៈគិរី ។
លោកឧត្តមសេនីយ៍ត្រី ហុង ណាក់ ស្នងការរងនគរបាលខេត្តទទួលផែនប្រឆាំងបទល្មើសឲ្យដឹងថា អនុវត្តន៍ជាប់ជាប្រចាំតាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តគណៈ បញ្ជាការឯកភាពខេត្ត និងលោកឡុង ហុកម៉េង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តនៅយប់ថ្ងៃខាងលើបានចុះសហការធ្វើរដ្ឋបាលតាមដងផ្លូវ ដើម្បីត្រួតពិនិត្យជាតិអាល់កុល និងការធ្វើតេស្តទឹកនោមរកសារធាតុញៀនលើអ្នកបើកបររម៉ូតូ និងរថយន្តតូចធំសង្ស័យព្រោះខ្លាចបង្កឲ្យមានគ្រោះថ្នាក់ធំកើតឡើង បណ្តាលឲ្យមនុស្សស្លាប់ ឬរបួសតាមដងផ្លូវ។
លោកឧត្តមសេនីយ៍ត្រី ហុង ណាក់ ស្នងការរងនគរបាលខេត្តបន្តថា ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យរហូតដល់វេលាម៉ោងជិត១១យប់ក៏មានរថយន្តក្រុងបានបើកមកដល់ហើយបានឲ្យអ្នកបើករថយន្តឈ្មោះ សន វិវឌ្ឈន៍ ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ធ្វើតេស្តទឹកនោមក៏បានឃើញសារធាតុញៀន ហើយត្រូវបានចាប់ខ្លួនបញ្ជូនមកកាន់អធិការនគរបាលស្រុកពញាក្រែក ដើម្បីសួរនាំ អ្នកដំណើរលើរថយន្តមានប្រុសស្រីជាង៤០នាក់ត្រូវបានសាងឲ្យជិះរថយន្តផ្សេងទៀត ដើម្បីបន្តដំណើរទៅកាន់ខេត្តរតនៈគិរី ។
អ្នកបើកបររថយន្តឈ្មោះ សន វិវឌ្ឈន៍ ឆ្លើយថា រូបគេបានជក់គ្រឿងញៀនរយៈពេលចំនួន២ខែមកហើយ បាន៧ទៅ៨ដង ហើយថ្នាំញៀនចុងក្រោយបានចូលលុយជាមួយមិត្តភក្តិទិញមកជក់លុះមកដល់វេលាម៉ោង៥ល្ងាច ថ្ងៃទី២៥ សីហានេះ បើករថយន្តក្រុងចេញពីរាជធានីភ្នំពេញមកកាន់ខេត្តរតនៈគិរីស្របពេលបើកមកដល់ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតែម្តង ។
លោកឧត្តមសេនីយ៍ត្រី ហុង ណាក់ ស្នងការរងនគរបាលខេត្តបញ្ជាក់ថា នារសៀលថ្ងៃទី២៦ សីហាអ្នកបើកបរថយន្តក្រុងរបស់ក្រុមហ៊ុនវិរៈប៊ុនថាំ ត្រូវបានបញ្ជូនមកដល់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការតាមច្បាប់ ។
ក្នុងនាមស្នងការនគរបាលខេត្ត សូមអំនាវដល់ដល់បណ្តាក្រុមហ៊ុនរថយន្តក្រុងនានាក្នុងព្រះរាជាណាចក្រកម្ពុជា រាល់ការជ្រើសរើសអ្នកបើកបររថយន្តគួរសហការជាមួយនឹងសមត្ថកិច្ច ដើម្បីធ្វើតេស្តរកសារធាតុញៀន ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ