ខេត្តប៉ៃលិន ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបណ្តាលឱ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ ដោយសារជិះម៉ូតូល្បឿនលឿនក្នុងស្ថានភាពស្រវឹងធ្លាក់ភ្នែកក៏ជ្រុលទៅបុក វិមានឯករាជ្យរបួស និងស្លាប់តែម្តង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៤៥នាទីយប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុចរង្វង់មូលវិមានឯករាជ្យ ក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានពីនគរបាលបានឱ្យដឹងថា ជនរងគ្រោះទាំងពីរនាក់មានទី១-ឈ្មោះ ឥត សុធារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាក Zomer-X ពាក់ផ្លាកលេខ ប៉ៃលិន 1B-5966 ស្លាប់នៅកន្លែងកើតហេតុ និងទី២-ឈ្មោះ ខន សុខហៀង ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅក្នុងភូមិអូតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន រងរបួសធ្ងន់បែកក្បាល ត្រូវគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តបាត់ដំបង ។
ប្រភពបន្តទៀតថា មូលហេតុបណ្ដាលមកពីកត្តាមនុស្សបើកបរលឿនក្នុងស្ថានភាពស្រវឹង និងមិនពាក់មួកសុវត្តិភាពទើបជ្រុលទៅបុកនឹងវិមានឯករាជ្យពេញទំហឹងរងរបួស និងស្លាប់ភ្លាមៗ ។ ពាក់ព័ន្ធនឹងបញ្ហានេះបច្ចុប្បន្នវត្ថុតាងត្រូវបានយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ចំណែកជនរងគ្រោះដែលបានស្លាប់បាត់បង់ត្រូវបានកម្លាំងជំនាញចរាចរណ៍យកទៅដាក់ដល់គេហដ្ឋានដើម្បីឱ្យធ្វើបុណ្យតាមប្រពៃណ ៕ ដោយ ៖ នីយ៉ា
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ