ខេត្តកំពត ៖ ភ្នាក់ងារសន្តិសុខចំនួន៩នាក់បម្រើការងារនៅលើភ្នំបូកគោ ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃទី៣ មីនា ដោយសារជាប់ពាក់ព័ន្ធនឹងរឿងកេងកិបយកប្រាក់ក្នុងហឹបភ្ញៀវដែលដាក់ថ្វាយយាយម៉ៅ ខណៈពួកគេទាំង៩នាក់ នោះជាអ្នករាប់លុយ ហើយយកលុយមួយចំនួនដាក់ហោប៉ៅរបស់ខ្លួនជាប់ចោទតាមរយៈការថតបានកាមេ៉រ៉ា ដែលទើបមានការចាប់យករូបភាពបានជាក់ស្តែង ។
លោកវរសេនីយ៍ទោ ប៊ុត សុបាន ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តបានឱ្យដឹងថា ភ្នាក់ងារសន្តិសុខបម្រើការងារនៅលើភ្នំបូកគោចំនួន៩នាក់ត្រូវបាននគរបាលប្រចាំការនៅលើភ្នំបូកគោចាប់ខ្លួនបញ្ចូនមកស្នងការដ្ឋាននគរបាលខេត្ត ។ ភ្នាក់ងារសន្តិសុខម្នាក់បានយំពេលត្រូវនគរបាលដាក់ខ្នោះដៃបញ្ជូនមកតុលាការ និងនិយាយទាំងទឹកភ្នែកថា ខ្លួនត្រូវបានគេឱ្យរាប់លុយក្នុងហឹបដែលភ្ញៀវដាក់ថ្វាយលោកយាយម៉ៅ ហើយបានលួចយកលុយនោះ ដែលម្នាក់ៗបាន៥ពាន់ទៅ៦ពាន់រៀលប៉ុណ្ណោះ ត្រូវនគរបាលចាប់ខ្លួន ។ ភ្នាក់ងារសន្តិសុខទាំង៩នាក់ បានអង្វរករឱ្យក្រុមហ៊ុនមេត្តាដោះលែងពួកគេវិញផងដែរ ។ លោកវរសេនីយ៍ទោគង់ សុខន ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តនិយាយថា រឿងចាប់កងសន្តិសុខនៅលើភ្នំបូកគោនេះជារឿងតូចតាចទេ ប្រៀបដូចឆ្មាស៊ីត្រីអាំង បុ៉ុន្តែខាងកម្រិតស្រាលជាអ្នកកសាងសំណុំរឿង ។ លោកវរសេនីយ៍ទោ បន្ថែមទៀតថា ទោះជារឿងតូចតាចក្តី ក៏គ្មានអ្នកណាហា៊នដោះលែងដែរ ព្រោះខាងក្រុមហ៊ុនធ្លាប់ប្តឹងខាងនគរបាលខេត្តម្តងហើយកាលពីរឿងមុន គឺរឿងអ្នកលួចប្រេង៥ទៅ៦លីត្រនៅលើភ្នំបូកគោ ។
ពេលនោះចាប់បានហើយបញ្ជូនឱ្យនគរបាល ហើយនគរបាលក៏បានធ្វើការអប់រំជនសង្ស័យ ព្រោះថារឿងតូចតាច ប៉ុន្តែពេលនេះតុលាការជាអ្នកសម្រេច ។ នៅព្រឹកថ្ងៃទី៤ មីនា ក្រុមសាច់ញាតិក៏បានមកសួរសុខទុក្ខពួកសន្តិសុខ ដែលត្រូវបានគេដាក់់ខ្នោះបញ្ជូនទៅសាលាដំបូងខេត្ត ។ លោកពៅ សុខ ចៅសង្កាត់ត្រើយកោះនិយាយថា មនុស្ស៤នាក់នៅសង្កាត់ត្រើយកោះ ក្រុងកំពត ធើ្វជាកងសន្តិសុខបម្រើការនៅភ្នំបូកគោត្រូវបានចាប់ខ្លួន ។ ឯមនុស្ស៥នាក់ទៀតដែលចូលបម្រើការងារជាកងសន្តិសុខដែរនោះ គឺមកពីស្រុកទឹកឈូ ។ លោកចៅសង្កាត់និយាយទៀតថា ការចាប់ខ្លួននេះមកពីសន្តិសុខទាំង៩នាក់រាប់លុយក្នុងហឹបដាក់ថ្វាយយាយម៉ៅ ហើយសេសសល់បាតហឹបពួកគេយកម្នាក់ៗខ្លះ៥ពាន់រៀល ខ្លះ៦ពាន់រៀល ហើយត្រូវកាម៉េរ៉ាថតរូបភាពបាន ។
លោកឧត្តមសេនយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការរងនគរបាលខេត្ត និងជាប្រធានការិយាល័យកណ្តាលនគរបាលយុត្តិធម៌ថ្លែងថា មនុស្សទាំង៩នាក់នោះជាកងសន្តិសុខ ធ្វើការនៅលើភ្នំបូកគោត្រូវបានគេចាប់ខ្លួនពីរឿងពាក់ព័ន្ធរាប់លុយក្នុងហឹបយាយម៉ៅ កេងកិបដាក់ហោបៅ៉ខ្លួនឯង ។ លុយដែលកងសន្តិសុខយកដាក់ហោប៉ៅខ្លួនឯងនោះ បើតាមការស្រាវជ្រាវគឺតិចតួចទេ ប៉ុន្តែពួកគេទាំង៩នាក់ត្រូវតែចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីវិនិច្ឆ័យ ។ មហាជនចង់ដឹងណាស់ ប្រាក់ដែលអ្នកធ្វើដំណើរបង់ថ្វាយយាយម៉ៅ ដើម្បីសុំសេចក្តីសុខ និងសុវត្ថិភាពក្នុងការធ្វើដំណើរនោះ តើេគេយកទៅណា ? យកទៅកសាងអ្វីខ្លះ ? ព្រោះមិនដែលបានដល់ដៃយាយម៉ៅផងហ្នឹង ៕
ចែករំលែកព័តមាននេះ