រាជធានីភ្នំពេញ ៖ តារាសម្តែងវ័យក្មេង នាង ភិន សុដាលីស បានអះអាងជាថ្មីថា ចំណងស្នេហ៍រវាងនាង និងអតីតគូដណ្តឹងលោក ប៉ែន តុលា មិនអាចវិលថយក្រោយបានទ្បើយ ពោលគឺពួកនាងបានចប់គ្នាយូរហើយ បើទោះបីជាខាងចាស់ទុំចរចាត្រូវគ្នាក៏ដោយ ។
ការអះអាងរបស់នាង ភិន សុដាលីស នេះបង្ហាញថា នាងបានបិទច្រកក្នុងការស្វែងរកដំណោះស្រាយណាមួយ ដើម្បីឱ្យនាងនិងលោក ប៉ែន តុលា ត្រូវគ្នាវិញ បើទោះបីជាមានការត្រូវរ៉ូវគ្នាពីចាស់ទុំទាំងសងខាងក៏ដោយ ។
ក្នុងពិធីក្រុងពលីរឿង «អាព្រឿងងាប់ ហើយ» កាលពីពេល ថ្មីៗនេះ តារាសម្តែងវ័យក្មេងរូបស្រស់នាង ភិន សុដាលីស បានស្នើសុំកុំឱ្យរំលឹកពីរឿងគូដណ្តឹងទៀត ដោយនាងអះអាងថា រឿងនេះបានចប់ជាយូរមកហើយ គ្មានអ្វីទាក់ទងគ្នាតទៅទៀតទេ ។ ភិន សុដាលីស បញ្ជាក់ដោយខ្លីថា «ចំពោះរឿងហ្នឹង ខ្ញុំមិនចង់និយាយទៀតទេ ព្រោះវាបានចប់ជាយូរមកហើយ ឈប់ត្រឹមហ្នឹងទៅ ទោះជាចាស់ទុំគាត់ត្រូវគ្នាវិញក៏មិនអាចដែរ ព្រោះត្រូវម៉េចកើតបើ កូនៗមិនព្រមផងហ្នឹង» ។
ការអះអាងរបស់តារាសម្តែងរូបនេះ បញ្ជាក់បានថា ចំណងស្នេហ៍រវាងនាង និងលោក ប៉ែន តុលា នឹងមិនអាចឈានទៅដល់ក្រាបផ្ទឹមការបានទ្បើយ ខណៈពេលដែលតារារូបនេះ មិនបានបើកច្រកណាមួយក្នុងការរកដំណោះស្រាយនោះ ។ កន្លងមក តារាសម្តែង និងបង្ហាញម៉ូដ លោក ប៉ែន តុលា ធ្លាប់បញ្ជាក់ថា លោកនៅតែស្រទ្បាញ់ ភិន សុដាលីស ហើយដំណោះស្រាយដើម្បីបញ្ចប់ជម្លោះក្នុងការផ្សារភ្ជាប់ស្នេហ៍ប្រេះស្រាំទ្បើងវិញនោះ រូបលោកនៅតែមានសង្ឃឹម ។
ផ្ទុយទៅវិញ ក្តីសង្ឃឹមរបស់តារាសម្តែងរូបនេះ មិនអាចលេចចេញជារូបរាងដូចការរំពឹងទុកទ្បើយ ខណៈពេលដែលនាង ភិន សុដាលីនស បែរខ្នងទៅហើយនោះ ។ កញ្ញាភិន សុដាលីស និងលោក ប៉ែន តុលា បានភ្ជាប់ពាក្យកាលពីដើមឆ្នាំ២០១៣ ប៉ុន្តែស្នេហានេះ បានប្រេះស្រាំនិងឈានដល់ផ្លូវបំបែក ។ ពេលនេះស្នេហា ភិន សុដាលីស និង ប៉ែន តុលា សល់តែស្រមោលប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ