ខេត្តក្រចេះ ៖ មានប្រសាសន៍ទៅកាន់នាយ នាយរងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ក្នុងពិធីបំពាក់ឋានន្តរសក្តិ និងផ្ទេរភារកិច្ច កាលពីថ្ងៃទី៤ មីនា ២០១៤ លោកឧត្តមសេនីយ៍ជួង ស៊ាងហាក់ ស្នងការនគរបាលខេត្ត បានជំរុញឱ្យនគរបាលទាំងអស់ ត្រូវតែបន្តយកចិត្តទុកដាក់លើការអនុវត្តការងារជានគរបាលយុត្តិធម៌ បម្រើពលរដ្ឋឱ្យកាន់តែមានជំនឿទុកចិត្តមកលើកងកម្លាំងនគរបាល ។
លោកវរសេនីយ៍ទោ ប៉ក ហាត់ នាយការិយាល័យបុគ្គលិកបានឱ្យដឹងថា យោងតាមសេចក្តីរបស់អគ្គស្នងការនគរបាលជាតិស្តីពី ការប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង និងដំឡើងឋានន្តរស័ក្តិដល់នគរបាលជាតិនៃស្នងការរដ្ឋាននគរបាលខេត្តក្រចេះ នាព្រឹកនេះ គឺសម្រេចដំឡងឋានន្តរសក្តិដល់នគរបាលខេត្តក្រចេះ សរុបមានចំនួន៣២រូប ក្នុងនោះបំពាក់ឋានន្តរសក្តិចំនួន១៨រូប គឺចាប់ពីថ្នាក់ព្រិន្ទបាលទោដល់ថ្នាក់អនុសេនីយទោ និងផ្ទេរភារកិច្ចតែងតាំងមុខតំណែងចំនួន៤រូប។
លោកឧត្តមសេនីយ៍ត្រី ជួង ស៊ាងហាក់ ស្នងការនគរបាលខេត្តបានជម្រុញដល់លោក លោកស្រី ស្នងការរង នាយ នាយរង ការិយាល័យ ជាពិសេសលោកអធិការរងស្រុក-ក្រុង គឺបន្តការយកចិត្តទុកដាក់បន្តដំឡើងបញ្ជីគ្រប់គ្រងមាតិកាមុខសញ្ញាប្រព្រឹត្តបទល្មើសគ្រប់ប្រភេទឱ្យបានម៉ត់ចត់ និងឱ្យបានច្បាស់លាស់ និងចាត់វិធានការទប់ស្កាត់ការប្រព្រឹត្តបទល្មើសផ្សេងៗនៅក្នុងមូលដ្ឋាន ឱ្យមានប្រសិទ្ធិភាព ដើម្បីឱ្យសាធារណជន និងពលរដ្ឋឱ្យកាន់តែមានទំនុកចិត្តមកលើនគរបាល និងបានជម្រុញឱ្យមន្រ្តីនគរ បាលអធិការស្រុក-ក្រុង និងប៉ុស្តិ៍រដ្ឋបាលយកចិត្តទុកដាក់លើសន្តិសុខ ការរស់នៅរបស់ប្រជាពលរដ្ឋ និងការតាមដានមុខសញ្ញាក្មេងទំនើង និងមុខសញ្ញាគ្រឿងញៀន ពិសេសកំណត់ទិន្នន័យឱ្យបានច្បាប់លាស់ទៅលើបញ្ជីស្នាក់នៅបណ្តោះអាសន្នរបស់ពលរដ្ឋចំណាកស្រុក ដើម្បីងាយស្រួលលើការគ្រប់គ្រងសភាព ការទប់ស្កាត់សភាពការណ៍បានឱ្យទាន់ពេលវេលា ។
ចែករំលែកព័តមាននេះ