រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាអ្នករួមដំណើរ និងបុរសម្នាក់ទៀតជាអ្នកបើកបររថយន្តមួយគ្រឿងម៉ាកព្រូស ទំនងជាស្រវឹងបានបើកបោះពួយយ៉ាងលឿនក៏ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់១កង់ហើយរថយន្តនោះហោះគងជាប់ពីលើរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យកល់ជាប់ទៅមុខលែងរួច តែមិនបង្កឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុងកែងនឹងផ្លូវ១៩៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
រថយន្តមួយគ្រឿងខាងលើជិះគ្នា២នាក់ ម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AL-៤៩៣៥ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ចំណែកអ្នករួមដំណើរម្នាក់ទៀតក៏មិនស្គាល់អត្តសញ្ញាណដែរ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរស២នាក់ជិះក្នុងរថយន្តមួយគ្រឿងខាងលើ ហើយធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចទំនងជាស្រវឹង លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលបាក់អស់ចំនួន១កង់ ហើយរថយន្តបង្កហោះគងពីលើរបាំងថ្មពុះចែកទ្រូងផ្លូវកល់ជាប់ទៅមុខលេងរួចចំណែកអ្នកបើកបរនិងរួមដំណើរបានរត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញឱ្យចុះមកធ្វើការវាស់វែងដើម្បីយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ