ក្រុងបាសេឡូណា អេស្ប៉ាញ ៖ ក្រុមហ៊ុនសាមស៊ុងបានសម្ពោធទូរស័ព្ទដៃម៉ូឌែលចុងក្រោយបំផុតរបស់ខ្លួន ដែលជាទូរស័ព្ទដៃវៃឆ្លាត Galaxy S5 ធ្វើឡើងនៅឯទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ កាលពីថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤ ថ្មីៗនេះ ដោយមានការចូលរួមពីលោកជេខេ ស៊ីន (J.K Shin) ប្រធាន និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុនសាមស៊ុង ។ ដោយបានដាក់បង្ហាញនូវទូរស័ព្ទដៃដែលរចនាឡើងដោយភាពឆ្លាតវៃថ្មីបំផុត និងបានបង្ហាញនូវរូបភាពភ្លឺច្បាស់ត្រជាក់ភ្នែកជាមួយទូរស័ព្ទដៃជំនាន់ទី៥ នៃទូរស័ព្ទដៃ Galaxy ស៊េរី S គឺ Galaxy S5 រចនាឡើងតម្រូវចិត្តអ្នកប្រើប្រាស់ ហើយទូរស័ព្ទដៃស៊េរីថ្មីនេះផ្តល់ជូនលោកអ្នកប្រើប្រាស់នូវការច្នៃប្រឌិតដ៏មានបទពិសោធន៍ជាមួយរូបភាពនៃគំនិតបង្កើតថ្មីសម្រាប់ការប្រើប្រាស់នៅក្នុងសម័យបច្ចុប្បន្ននេះ ។
នៅក្នុងឱកាសនោះផងដែរ ក្រុមហ៊ុនបានបញ្ជាក់អំពីភាពលេចធ្លោ និងមានលក្ខណៈប្លែករបស់ទូរស័ព្ទដៃសាមស៊ុងនេះ គឺទំហំអេក្រង់កាន់តែធំជាងមុនពីអេក្រង់ដំបូងបំផុតរបស់ស៊េរី S ទំហំ៤អុីញនៅឆ្នាំ២០១០ បុ៉ន្តែទូរស័ព្ទដៃ Galaxy S5 បានរចនាចេញមកនូវអេក្រង់ថ្មីដល់ទៅ៥.១អុីញ ផ្ទៃធំជាងម៉ូឌែលទូរស័ព្ទដៃកាលពីឆ្នាំមុនត្រឹមតែ៥អុីញ និងនៅតែមានរាងស្តើង ទោះបីជាអេក្រង់ធំជាងមុនក៏ដោយ ។ទូរស័ព្ទដៃ S5 នេះមានបំពាក់ដោយកាមេរ៉ាទំហំ១៦មីហ្គាភីសែល ថតច្បាស់ផ្ទៃម៉ដ្ឋជាងទំហំ១៣មីហ្គាភីសែល ។
ជាមួយការថតរូបគឺមានល្បឿនលឿន អាចចាប់យករូបដោយចង់ឱ្យព្រឹលផ្នែកខាងមុខ និងក្រោយ ហើយរូបច្បាស់នូវចំណុចសំខាន់ដែលខ្លួនចង់បាន ។ ទូរស័ព្ទដៃ Galaxy S5 បំពាក់មកជាមួយកាមេរ៉ាដ៏ទំនើប បណ្តាញភ្ជាប់ល្បឿនលឿន មានឧបករណ៍សម្រាប់វាស់ស្ទង់សុខភាព និងរួមទាំងបញ្ចូលប្រព័ន្ធការពាររូបភាពដល់អ្នកប្រើប្រាស់មានភាពងាយស្រួលជាមួយការរចនាស្រស់ស្អាត ។
លោកជេខេ ស៊ីន (J.K Shin) ប្រធាន និងជានាយកប្រតិបត្តិសាមស៊ុង បានមានប្រសាសន៍ឱ្យដឹងថា ទូរស័ព្ទដៃថ្មីនេះ (Galaxy S5) នឹងចេញលក់នៅក្នុងខែមេសា ឆ្នាំ២០១៤ ទូទាំងពិភពលោក ។
ទូរស័ព្ទដៃ Galaxy S5 របស់ក្រុមហ៊ុនសាមស៊ុងនឹងផ្តល់នូវអត្ថប្រយោជន៍ដ៏អស្ចារ្យដល់អតិថិជនរបស់យើងដែលត្រូវការប្រើប្រាស់នៅក្នុងជីវិតប្រចាំថ្ងៃ ។ ផលិតផលថ្មីមួយនេះគឺជាការរចនាជានិមិត្តសញ្ញាបង្ហាញនូវរូបភាពសំខាន់ និងមានប្រយោជន៍ដើម្បីផ្តោតទៅលើការចែកចាយទូរស័ព្ទវ័យឆ្លាតដោយគ្មានទីបញ្ចប់នៅលើទីផ្សារថ្ងៃនេះតាមរយៈគំនិតច្នៃប្រឌិតរបស់មនុស្ស និងបានបំពាក់ឧបករណ៍ផ្តិតម្រាមដៃដើម្បីប្រើប្រាស់ជំនួសការដាក់លេខសម្ងាត់ដោះសោតាមទូរស័ព្ទ ឬរៀបចំការចំណាយតាមរយៈ PayPal ដែលជាលក្ខណៈពិសេសកម្រមានប្រើនៅលើទូរស័ព្ទដៃ ។
លោកនីក ឌីលុន (Nick Dillon) អ្នកវិភាគទិន្នន័យជាន់ខ្ពស់នៅក្រុមហ៊ុនស្រាវជ្រាវអូវ៉ាម (Ovum) បានមានប្រសាសន៍ថា សាមស៊ុងគឺជាការប្រជែងដ៏ធំមួយដើម្បីឈានទៅរកសុខុមាលភាព ការផ្តិតម្រាមដៃ និងកាមេរ៉ាចាប់យករូបភាពដោយស្វ័យប្រវត្តិ ដែលអាចរក្សាលក្ខណៈប្រហាក់ប្រហែល និងដូចឧបករណ៍ប្រើប្រាស់ផ្នែកខាងក្រៅ (Hardware) កម្មវិធីប្រើប្រាស់នៅផ្នែកខាងក្នុង(Software) ។ លោកបន្តថា ការច្នៃប្រឌិតថ្មីនេះគឺជាលក្ខណៈបន្ទាប់បន្សំតូចមួយ បើក្រឡេកមើលមុនគេភាគច្រើននៃអ្នកប្រើប្រាស់ពិបាកកត់សម្គាល់ថា វាមានការផ្លាស់ប្តូរបែបណាខុសពីម៉ូឌែលមុននោះ បុ៉ន្តែសម្រាប់ឧបករណ៍វាស់ស្ទង់ចលនាបេះដូងដែលមាននៅក្នុង S5 យើងអាចប្រើបានមុនពេល និងក្រោយពេលធ្វើលំហាត់ប្រាណបាន ដើម្បីវាស់ស្ទង់ពីសុខភាពរួមជាមួយលក្ខណៈពិសេសមួយទៀត គឺទូរស័ព្ទដៃ S5 នេះមិនជ្រាបទឹក ។
លោកជេខេ ស៊ីន (J.K Shin) ប្រធាន និងជានាយកប្រតិបត្តិសាមស៊ុង បានមានប្រសាសន៍បន្ថែមថា អ្នកប្រើប្រាស់ទូរស័ព្ទដៃរបស់យើង មិនចង់បានបច្ចេកវិទ្យានៃភាពទាក់ទាញភ្នែក ឬបច្ចេកវិទ្យាដែលស្មុគស្មាញនោះទេ តែអ្នកប្រើប្រាស់ទូរស័ព្ទដៃរបស់យើងចង់បានការរចនាដែលមានភាពរឹងមាំ ធន់ សាមញ្ញ និងកាមេរ៉ាថតច្បាស់ ។
ក្រុមហ៊ុន Samsung Electronics Co., Ltd គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យា ដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ទីកន្លែងតាមរយៈការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ ហើយយើងកំពុងតែផ្លាស់ប្តូរឱ្យកាន់តែប្រសើរឡើងនូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗប្រើប្រព័ន្ធអគ្គិសនី និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ LED ។ យើងមានបុគ្គលិកចំនួន២៨៦.០០០នាក់នៅទូទាំង៨០ប្រទេស ដោយមានបរិមាណលក់ប្រចាំឆ្នាំចំនួន២១៦.៧ពាន់លានដុល្លារអាមេរិក ។ ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.samsung.com ៕
ចែករំលែកព័តមាននេះ