យុវវ័យបានគាំទ្រពេញទំហឹងចំពោះកម្មវិធី «ស្ដាប់ចម្រៀងរបស់ខ្ញុំ» ដែលបានបើកសម្ពោធជាផ្លូវការព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ម្សិលមិញនេះនៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន (CJCC)។
នៅក្នុងកម្មវិធីបើកសម្ពោធជាផ្លូវការកម្មវិធី Hear My Song ព្រឹកមិញ និស្សិតឆ្នាំទី ២ ផ្នែក IT នៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ លោក គឹមអាន សុផាស័ក្ត ប្រាប់ថា លោកគាំទ្រទាំងស្រុងចំពោះកម្មវិធីលើកកម្ពស់ការតែងនិពន្ធបទ ភ្លេងថ្មី។ «ខ្ញុំយល់ថាល្អខ្លាំងណាស់បងសម្រាប់កម្មវិធីនេះ ព្រោះអីធ្វើឱ្យមិត្តៗយុវវ័យគាត់អាចបញ្ចេញសមត្ថភាពរបស់ខ្លួន ក៏ដូចជាការជួយលើកកម្ពស់ការតែងនិពន្ធ ក្នុងប្រទេសកម្ពុជា»។
និស្សិតរូបនេះ បានបន្តថា លោកចង់ឱ្យកម្មវិធី Hear My Song មានជារៀងរាល់ឆ្នាំ ព្រមទាំងការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីឱ្យមិត្តយុវវ័យនៅទូទាំងប្រទេសបានបញ្ចេញសមត្ថភាពរបស់ពួកគេ។ ដោយឡែក កញ្ញា លី ស្រីវីន និស្សិតផ្នែកហិរញ្ញវត្ថុ និងធនាគារមកពីសាកលវិទ្យាល័យ ភូមិន្ទ នីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ចលើកឡើងថា ការបង្កើតកម្មវិធីនេះឡើងកាន់តែធ្វើឱ្យមិត្តៗ មានកម្លាំងចិត្តក្នុងការតែងនិពន្ធអ្វីដែលថ្មី និង ជារបស់ខ្មែរសុទ្ធសាធ។
កញ្ញា លី ស្រីវីន បញ្ជាក់ថា៖ «ដូចបងដឹងស្រាប់ហើយយុវជនយើងខ្លះគាត់មានសមត្ថភាពខ្ពស់ក្នុងការតាក់តែង ប៉ុន្តែ ពួកគាត់មិនដឹងយកចំណេះដឹងរបស់គាត់ទៅផ្សព្វផ្សាយនៅទីណាទេ ដូច្នេះហើយមានកម្មវិធី Hear My Song នេះឡើងខ្ញុំគិតថា ពួកគាត់នឹងអាចបញ្ចេញសមត្ថភាពដែលគាត់លាក់ទុកយូរមកហើយ»។
យ៉ាងណាក៏ដោយនិស្សិតស្រស់ស្អាតផ្នែកធនាគាររូបនេះ ស្នើដល់កម្មវិធីយកចិត្តទុកដាក់ខ្ពស់លើបេក្ខជន និងបេក្ខនារីដែលជាប់ជាជ័យលាភី ដោយធ្វើយ៉ាងណាស្វែងរកទីផ្សារឱ្យពួកគេ ដើម្បីបន្តស្នាដៃតែង និពន្ធថ្មីទៅថ្ងៃអនាគត។
និយាយដោយអះអាងថា ពេញចិត្តជាខ្លាំងចំពោះកម្មវិធី «ស្ដាប់ចម្រៀងរបស់ខ្ញុំ» លោក សូត សុគន្ធថារិទ្ធ និស្សិតមកពីសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញដែរ បានលើកឡើងថា ការបង្កើតកម្មវិធី Hear My Song នេះឡើងនឹងអាចជួយកាត់បន្ថយការលួចចម្លងស្នាដៃពីបរទេស។
«ខ្ញុំគាំទ្រ និងពេញចិត្តខ្លាំងណាស់ចំពោះកម្មវិធីនេះ យើងដឹងស្រាប់ហើយការលួចចម្លងស្នាដៃក្នុងប្រទេសកម្ពុជាកំពុងតែរីករាលដាលខ្លាំង អីចឹងហើយពេលមានកម្មវិធីនេះ ខ្ញុំយល់ថា នឹងជួយកាត់បន្ថយបានច្រើនចំពោះការលួចចម្លងស្នាដៃពីបរទេស”។ ជាមួយនឹងការរំពឹងខ្ពស់ថា មិត្តយុវវ័យនឹងចូលរួមដាក់ពាក្យប្រកួតប្រជែងច្រើន ហើយកម្មវិធី Hear My Song នឹងទទួលបានជោគជ័យ កញ្ញា ភួយ សាវុធ បុគ្គលិកមកពីក្រុមហ៊ុន Golden Gekko បានអះអាងថា កម្មវិធីខាងលើពិតជាល្អខ្លាំងណាស់សម្រាប់កូនខ្មែរគ្រប់រូប ជាពិសេសមិត្តៗយុវវ័យមានសមត្ថភាពក្នុងការតែងនិពន្ធ និងធ្វើឱ្យពួកគេអាចបញ្ចេញសមត្ថភាពឱ្យមនុស្សដទៃទៀតបានដឹង។
កញ្ញា ភួយ សាវុធ ប្រាប់ថា៖ «ខ្ញុំអត់ចេះតែងនិពន្ធអីទេ ប៉ុន្តែខ្ញុំចូលចិត្តស្នាដៃថ្មីដដែលបង្កើតឡើងដោយយុវវ័យមាន សមត្ថភាព។ ខ្ញុំសូមចូលរួម និងគាំទ្រជានិច្ចសម្រាប់កម្មវិធីលើកកម្ពស់ស្នាដៃតែងនិពន្ធថ្មីនេះ» រីឯកញ្ញា ប្រាក់ សុវណ្ណារី និស្សិតក្នុងវិទ្យាស្ថានភាសាបរទេស (IFL) ជឿជាក់ថា កម្ពុជានឹងមានធនធានមនុស្សច្រើនក្នុងការបង្កើតបទភ្លេងថ្មីនៅពេលកម្មវិធី Hear My Song បង្កើតឡើង ហើយមិត្តយុវវ័យគ្រប់រូបនឹងគាំទ្រ ព្រមទាំងផ្ដល់តម្លៃខ្ពស់នៅអ្វីដែលជាស្នាដៃថ្មីរបស់ យុវជន-យុវនារីខ្មែរ។
និស្សិតរូបនេះ បានបញ្ជាក់ថា៖ «ខ្ញុំយល់ថា បច្ចុប្បន្នយើងខ្វះខាតច្រើនអ្នកនិពន្ធបទភ្លេងថ្មី ប៉ុន្តែនៅពេលខាងមុខនឹងមានអ្នកនិពន្ធបទភ្លេងថ្មីច្រើន ដោយសារតែមានកម្មវិធី Hear My Song នេះកើតឡើង»។ មិត្តៗយុវវ័យដែលមានចំណាប់អារម្មណ៍ក្នុងការប្រកួតប្រជែង ឬក៏ចង់បញ្ចេញសមត្ថភាពក្នុងកម្មវិធី «ស្ដាប់ចម្រៀងរបស់ខ្ញុំ» សូមផ្ញើរស្នាដៃថ្មីដែលខ្លួនបានបង្កើតមកកាន់ Email submit@sabay.com ឬក៏ទាក់ទងមកលេខទូរស័ព្ទ ០៩៦ ៥៥៥៥ ០៤១។
កម្មវិធី «ស្ដាប់ចម្រៀងរបស់ខ្ញុំ» អាចដំណើរការទៅបានដោយមានអង្គភាព៤ចុះអនុស្សរណៈយោគយល់គ្នា (MOU) ដើម្បីបង្កើតកម្មវិធីនេះឡើង ក្នុងនោះមានក្រសួងព័ត៌មាន ក្រុមហ៊ុន Sabay Digital Corporation មជ្ឈមណ្ឌលតន្ត្រី Madison និងក្រុមហ៊ុន TY KEA Co.,Ltd៕
ចែករំលែកព័តមាននេះ