រាជធានីភ្នំពេញ ៖ ជនសង្ស័យ៤នាក់ ត្រូវកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ សហការជាមួយនគរបាលព្រហ្មខណ្ឌមានជ័យ ចុះធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនបាន ខណៈក្រុមជនសង្ស័យពួកសំងំ លាក់ខ្លួនត្រៀមធ្វើសកម្មភាពលួចគាស់ផ្ទះ និងប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ កាលពីវេលាម៉ោង២ និង៣០នាទីទៀបភ្លឺថ្ងៃទី៤ មីនា ២០១៤ ស្ថិតនៅចំណុចផ្លូវបេតុង ក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យ៤នាក់ខាងលើ ១-ឈ្មោះថេង សុគន្ធ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះលេខ៦៣ ផ្លូវលេខ កម្ពុជាក្រោម សង្កាត់មនោរម្យ ខណ្ឌ៧មករា ២-ឈ្មោះសុខ កាម ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ៣- ឈ្មោះយឹម រិទ្ធី ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួលសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទាំង៣នាក់នេះ ពាក់ព័ន្ធ នឹងបទល្មើសគាស់ផ្ទះប្រជាពលរដ្ឋលួចយកម៉ូតូ និងទ្រព្យសម្បត្តិផ្សេងៗទៀត ។ ចំណែកម្នាក់ទៀតឈ្មោះ វិត ភេទប្រុស អាយុប្រហែល២០ ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើសប្លន់ប្រដាប់អាវុធ ។
នគរបាលមូលដ្ឋានបានឱ្យដឹងថា មុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺកម្លាំងសមត្ថកិច្ចទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋក្នុងសង្កាត់ស្ទឹងមានជ័យថា សព្វថ្ងៃមានចោរគាស់ផ្ទះលួចម៉ូតូ និងប្លន់ស្ទើរាល់ថ្ងៃ ដូច្នេះសមត្ថកិច្ចបានបង្កើនកម្លាំងដើរល្បាតក្នុងមូលដ្ឋានរបស់ខ្លួន ខណៈសមត្ថកិច្ចកំពុងជិះម៉ូតូល្បាតតាមច្រកតូចៗដល់ចំណុចផ្លូវបេតុង ក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក៏ប្រទះឃើញក្រុមជនសង្ស័យចំនួន៤នាក់ និងជិះម៉ូតូ៤គ្រឿង ។
សមត្ថកិច្ចបន្តថា ពេលឃើញដូច្នេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យទាំងនោះ ដើម្បីធ្វើការសាកសួរ ប៉ុន្តែភ្លាមៗនោះ ជន
សង្ស័យម្នាក់គ្រាន់តែក្រឡេកឃើញនគរបាល រូបគេបានផ្តួលម៉ូតូរត់គេចខ្លួនបាត់ស្រមោល ចំណែក៣នាក់ទៀត ពេលសមត្ថកិច្ចឃើញជនសង្ស័យម្នាក់រត់ភ័យស្លន់ស្លោ ដូច្នេះកម្លាំងសមត្ថកិច្ចក៏ឡោមព័ទ្ធចាប់បានជនសង្ស័យ៣នាក់ និងរឹតអូសយកម៉ូតូបានទាំង ៤គ្រឿង យកមកកាន់ទីស្នាក់ការនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ ដើម្បីបន្តការសាកសួរ ។
នគរបាលបានបញ្ជាក់ថា ពេលនាំខ្លួនជនសង្ស័យទាំង៣នាក់ យកមកដល់ប៉ុស្តិ៍ ស្រាប់តែមានម្ចាស់ម៉ូតូ២ទៅ ៣នាក់មកដាក់ពាក្យបណ្តឹងថា មានចោរគាស់ផ្ទះលួចម៉ូតូយកចេញពីភូមិផ្នៀត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ប៉ុន្តែភ្លាមៗនោះអ្នកមកដាក់ពាក្យបណ្តឹងបានប្រទះឃើញម៉ូតូរបស់ខ្លួន នៅទីស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យស្រាប់តែម្តង ព្រោះដោយសារម៉ូតូរបស់ពួកគេ ត្រូវសមត្ថកិច្ចទើបត្រូវរឹបអូសយកពីជនសង្ស័យទាំង៣នាក់ខាងលើ។
ចែករំលែកព័តមាននេះ