ខេត្តបាត់ដំបង ៖ ក្រោយពីបញ្ចប់ពិធីបុណ្យសពជនរងគ្រោះដែលស្លាប់នៅក្បែរមណ្ឌលអប់រំកែប្រែគ្រឿងញៀននៅស្រុកបវេល គ្រួសារជនរងគ្រោះបានស្វែងរកជំនួយផ្នែកច្បាប់ពីអង្គការការពារសិទ្ធិមនុស្សនានាក្នុងខេត្តបាត់ដំបងដើម្បីជួយអន្តរាគមន៍ដាក់ពាក្យបណ្តឹងប្រឆាំងនឹងអ្នកទទួលខុសត្រូវក្នុងមណ្ឌលនេះទៅតុលាការ ដែលគ្រួសារនេះនៅតែមានមន្ទិលសង្ស័យថា កូនប្រុសរបស់គាត់ស្លាប់ក្នុងភាពមិនប្រក្រតី និងមានអាថ៌កំបាំង។
ឪពុកជនរងគ្រោះ គឺលោកចាន់ ម៉ៅ អាយុ៦២ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅព្រឹកថ្ងៃទី៤ មីនា ២០១៤ ថា លោកបានដាក់ពាក្យបណ្តឹងទៅកាន់តុលាការរួចហើយកាលពីរសៀលថ្ងៃទី៣ មីនា ដើម្បីឱ្យអ្នកគ្រប់គ្រងមណ្ឌលអប់រំកែប្រែគ្រឿងញៀននោះចេញមុខទទួលខុសត្រូវចំពោះការស្លាប់របស់កូនប្រុសលោក។
លោកនិយាយថា ការស្លាប់របស់កូនប្រុសលោកគឺជាការស្លាប់ដែលគួរឱ្យសង្ស័យបំផុត ក្រោយពីលោកនាំកូនប្រុសទៅទុកក្នុងមណ្ឌលកែប្រែនេះបានរយៈពេលជាង៤ខែ។ លោកចាន់ ម៉ៅ បញ្ជាក់ថា សន្តិសុខ និងអ្នកគ្រប់គ្រងមណ្ឌលនេះបានផ្តល់ចម្លើយផ្ទុយគ្នា និងមិនសមហេតុផលជុំវិញការស្លាប់របស់កូនប្រុសលោក។
ក្នុងបណ្តឹងដែលចុះថ្ងៃទី៣ មីនា ២០១៤ របស់លោកចាន់ ម៉ៅ បានឱ្យដឹងថា លោកបានប្តឹងចោទប្រកាន់មន្ត្រីដែលទទួលខុសត្រូវក្នុងមណ្ឌលអប់រំកែប្រែគ្រឿងញៀន២នាក់ ម្នាក់ឈ្មោះសន ប៊ុនធឿន និងម្នាក់ទៀតឈ្មោះហ៊ីន សិទ្ធី៕
ចែករំលែកព័តមាននេះ