ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារម្ភ​ខ្លាំង​គុណភាព​សំណង់​អគារ​មហា​កុដិ​…​​​ចាក់​មិន​ត្រង់​ ហើយ​ត​ច្រើន​កំណាត់

4 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង​ ៖ សំណង់​អគារ​មហា​កុដិ​ដ៏​ធំ​សម្បើម​មួយ​ខ្នងដែល​ក្រុម​ជាង​កំពុង​សាងសង់​ កំពុង​ធ្វើ​ឱ្យ​ពុទ្ធ​បរិស័ទ និង​អ្នកជំនាញ​មួយ​ចំនួន​ មាន​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​អំពី​«​គុណភាព​»​ដោយសារ​តែ​គេ​ពិនិត្យ​ឃើញ ជាក់ស្ដែង​នូវ​ផ្នែក​ខ្លះ​នៃ​សំណង់​នេះ ​ធ្វើ​ឡើង​ហាក់​មិន​ត្រឹង​​ត្រូវ​តាម​បច្ចេកទេស និង​មាន​ភាព​ខ្ជីខ្ជាដែល​ផ្ដើម​ចេញពី​ការ​មិន​យកចិត្តទុកដាក់​របស់​ក្រុម​ជាង​ទាំងនោះ ។…

​ខេត្តបាត់ដំបង​ ៖ សំណង់​អគារ​មហា​កុដិ​ដ៏​ធំ​សម្បើម​មួយ​ខ្នងដែល​ក្រុម​ជាង​កំពុង​សាងសង់​ កំពុង​ធ្វើ​ឱ្យ​
ពុទ្ធ​បរិស័ទ និង​អ្នកជំនាញ​មួយ​ចំនួន​ មាន​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​អំពី​«​គុណភាព​»​ដោយសារ​តែ​គេ​ពិនិត្យ​ឃើញ ជាក់ស្ដែង​នូវ​ផ្នែក​ខ្លះ​នៃ​សំណង់​នេះ ​ធ្វើ​ឡើង​ហាក់​មិន​ត្រឹង​​ត្រូវ​តាម​បច្ចេកទេស និង​មាន​ភាព​ខ្ជីខ្ជាដែល​ផ្ដើម​ចេញពី​ការ​មិន​យកចិត្តទុកដាក់​របស់​ក្រុម​ជាង​ទាំងនោះ ។ សំណង់​អគារ​មហា​កុដិ​ដ៏​ធំ​មួយ​នេះ មា​នទី​តាំង​នៅ​ក្នុង​«​វត្ត​ពោធិ​វង្ស​» ​​ស្ថិត​ក្នុងភូមិ​សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ​។

បើ​ពិនិត្យ​លើ​គម្រោង​នៃ​សំណង់​មហា​កុដិ​នេះ ធ្វើ​អំពី​ថ្ម​កម្ពស់​២​ជាន់​ផ្ទាល់​ដី មាន​ទំហំ​១៤,២​ម៉ x ១៩,៨​ម៉ ដែល​មាន​បន្ទប់​សរុប​ចំនួន​២៤ ​។ បច្ចុប្បន្ន​អគារ​នេះ​ សាងសង់​បាន​ប្រហែល​៥០%ហើយ និង​កំពុង​សាង​សង់​បន្ត ក្រោម​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​សំណាក់​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​នានាអំពី​បញ្ហា​«​គុណភាព​» ដែល​គេ​មើលឃើញ​ថា ផ្នែក​ខ្លះនៃ​សំណង់​នេះ​ហាក់​ធ្វើ​ឡើង​មិន​ត្រិ​ម​ត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​។

ពាក់ព័ន្ឌបញ្ហា​បច្ចេកទេស​នៃ​សំណង់​នេះ ពុទ្ធបរិស័ទ​មួយ​ចំនួន​ដែល​បាន​ពិនិត្យ​លើ​សំណង់​អគារ​នេះ បាន​លើក​ឡើង​ថា មាន​ចំណុច​ខ្លះ នៃ​សំណង់​មហា​កុដិ​នេះ ហាក់​សាងសង់​ឡើង​ដោយ​មិន​ស្រប​ទៅ​នឹង​បច្ចេក​ទេស​ ។ ចំណុច​ទាំងនោះ​មាន​ដូច​ជា « ចាក់​បណ្ដុះ​ស​សរ​មិន​ត្រង់ ស​សរ​១​ដើម​ចាក់​ត​ពី​២​ទៅ​៣​កំណាត់ ធ្នឹម​ខ្លះ​មានការ​ចាក់​ជួសមុខ​តំណរ និងកន្លែង​ខ្លះ​មាន​សភាព​វៀច​ប៉ោង» ដែល​ពិនិត្យ​មើលទៅ​ហាក់ដូច​ក្មេង​ធ្វើ​លេង និង​ដូច​គ្មាន​ភាព​រឹង​ម៉ាំ​ទៅ​តាម​លក្ខណៈ​បច្ចេកទេស និង​ខ្ជីខ្ជា​មិន​យកចិត្តទុកដាក់​សោះ ​។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា ស​សរ​ខាងក្រោម និង​ស​សរ​ខាងលើ​ផ្នែក​ខាង​មុខនៃ​អគារ​នេះ​វៀច​មិន​ស្របគ្នា និង មាន​ទំហំ​មិន​ស្មើគ្នា ដែល​មើលទៅ​គួរឱ្យបារម្ភ​បំផុត​ពី​គុណភាព​ ។

ជុំវិញ​ក្ដី​បារម្ភ​អំពី​សំណង់​អគារ​មហា​កុដិ​នេះ កោះសន្តិភាព​មិន​អាច​ស្វែងរក​ការ​ទំនាក់ទំនង​ពី​មេជាង​សំណង់​នេះ ដើម្បី​បំភ្លឺ​បាន​ទេ​ កាលពីរសៀល​ថ្ងៃ​ទី​២៣ សីហា ។ ដោយឡែក ​ប្រធាន​គណៈកម្មការ​វត្ត​ពោធិ​វង្ស លោក​​ខឹ​ម ចាន់ ហៅ ប៉ាត បាន​ប្រាប់​កោះសន្តិភាព​ដែរ តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ដដែល​នេះ តែ​ហាក់​មានការ​ស្ទាក់​ស្ទើរ និង​មិន​ច្បាស់លាស់ ​លើ​ដំណើរការ​សាងសង់​សំណង់​អគារ​មហា​កុដិ​នេះ​ ។

ឆ្លើយ​នឹងសំណួរដំបូង លោក​ខឹ​ម ចាន់ បាន​ប្រាប់​ថា លោក​មិន​ដែល​បាន​ទៅ​ពិនិត្យ​សំណង់​មហា​កុដិ​នេះ​ទេ​។ ប៉ុន្តែ​បន្តិច​ក្រោយមក លោក​គណៈកម្មការ​វត្ត​រូប​នេះ បែរជា​ផ្ដល់​ចម្លើយ​ផ្ទុយ​ទៅ​វិញ​ថា «​ខ្ញុំ​តែង​ទៅ​ពិនិត្យ​មើល​ការ​សាងសង់​សំណង់​នេះ​ស្ទើរ​រាល់ថ្ងៃ ហើយ​មិន​មាន​ចំណុច​ណាមួយ ​ដែល​ជាង​ធ្វើ​ខុស​បច្ចេកទេស​ទេ រីឯ​សសរ​ក៏​គ្មាន​វៀច​ឬ​ចាក់​ត​២​ឬ​៣​ដំណរ​ស្អី​ដែរ ។ តើ​អ្នក​ណា​ជា​អ្នក​ផ្ដល់​ព័​ត៌មាន​នេះ ទៅ​កោះ​សន្តិ​ភាព​.​? »។

លោក​ខឹ​ម ចាន់ ហៅ ប៉ាត មិន​បាន​បំភ្លឺ​ក្បោះក្បាយ​ទេ នៅ​ពេល​សួរនាំ​បន្ត ហើយ​លោកបាន​ប្រគេន​ទូរស័ព្ទ​ទៅ​លោកគ្រូ​ចៅអធិការ​វត្ត ព្រះ​នាម ភុំ ពេជ្រ​សា​វង្ស ដើម្បី​ឲ្យ​ព្រះ​អង្គ​ជួយ​បកស្រាយ​ជំនួស ​។ ព្រះ​តេជ​គុណ ភុំ ពេជ្រ​សា​វង្ស បាន​មាន​សង្ឃដីកា​បំភ្លឺ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​ពុទ្ធបរិស័ទ​យ៉ាង​ដូច្នេះ​ថា
«អាត្មា​តែង​តាមដាន​ពិនិត្យ​មើល​ដំណើរការ​សាងសង់​នេះ​រាល់ថ្ងៃ​ ។ អាត្មា​មើល​មិនឃើញ​ថា ការ​សាងសង់​នោះ ​ខុស​បច្ចេកទេស​ត្រង់​ណា​ទេ ​។

ព្រោះ​អ្វី​ៗ​សុទ្ធតែ​បាន​ធ្វើ​តាម​ប្លង់​ ដែល​វិស្វករ​គូស​ឲ្យ​ទាំងអស់​» ។ ប៉ុន្តែ​នៅ​ពេល​លើក​ជា​សំណួរថា ពុទ្ធ បរិ​ស័ទ​ខ្លះ​បាន​ប្រាប់​ថា ស​សរ​ខ្លះនៃ​អគារ​នោះ ​ត្រូវ​បាន​ជាង​ចាក់​បណ្ដុះ​ឡើង​ត​គ្នា​ពី​២​ ទៅ​៣​ដំណរ​ក្នុង​១​ដើម ។ រីឯ​ធ្នឹម​ខ្លះ​ចាក់​វៀច​ឬ​ប៉ោង ខណៈ​កន្លែង​ខ្លះ​ទៀត​ចាក់​ជួសមុខ​គ្នា ដែល​មើលទៅ ​ហាក់​មិន​មាន​ភាព​រឹង​មាំ ត្រឹម​ត្រូវ​តាម​បច្ចេកទេស​ទេ​..! តើ​ព្រះ​អង្គ​បាន​ពិនិត្យ​ឃើញ​មាន​ដូច្នេះ​ដែរ​ទេ​.​? ព្រះ​តេជគុណ ភុំ ពេជ្រ​សា​វង្ស បាន​មាន​សង្ឃដីកា​តប​ថា « អាត្មា​បានឃើញ​ថា ពិតជា​មាន​បែប​នេះ​មែន តែ​មិន​មាន​បញ្ហា​អ្វី​ទេ »​។

ព្រះ​អង្គបាន​បកស្រាយ​បែប​នេះ​ថា «​ស​សរ​ដែល​ចាក់​ត​គ្នា​ពី​២​ ទៅ​៣​តំណរ​ក្នុង​១​ដើម​នោះ ដោយសារ​តែ​ជាង​ខ្វះ​ក្ដា​រពុម្ព ទើប​មើលទៅ​មិន​សមរម្យ​បែប​នេះ ​។ ប៉ុន្តែ​ស​សរ​ទាំងនោះ​ មាន​ភាព​រឹង​មាំ​​ល្អ​ទេ ពេល​ជាង​បូក​ស៊ីម៉ង់​ត៍​ទៅ ​គឺ​វា​ត្រង់​ស្មើ​ល្អ​វិញ​ហើយ​» ​។ ព្រះ​អង្គ​បាន​បញ្ជាក់​ថា ព្រះ​អង្គ​តែង​តាម​ត្រូ​ត​ពិនិត្យ​ក្រុម​ជាង​រាល់ថ្ងៃ ត្រូវធ្វើ​តាម​ប្លង់​ ឬ​គម្រោង​ដែល​វិស្វករ​គូស​ឲ្យ​។ ព្រះ​អង្គ​មិន​បាន​ម៉ៅ​ការ​សំណង់​នេះ ផ្ដាច់​ទៅ​ឲ្យ​ជាង​​ធ្វើ​ទេ គឺ​ក្រុម​ជាង​ធ្វើការ​គិតកម្រៃ​​មួយ​ថ្ងៃ​ៗ​តែ​ប៉ុណ្ណោះ ​។

ដូច្នេះ ​ព្រះ​អង្គ​ត្រូវ​ចុះ​ពិនិត្យ​រាល់ពេល​ជាង​ធ្វើការ​ ។ ព្រះ​អង្គ​បាន​បន្ថែម​ថា សរសរ​មួយ​ដើម​ៗមាន​ភាព​រឹង​មាំល្អ ព្រោះ​ព្រះ​អង្គ​បាន​ប្រាប់ឱ្យជាង​ចាក់​ទំហំ​ធំ​ជាង​គម្រោង​ប្លង់។ រីឯ​គ្រឹះ​បាត​ក្រោម ក៏​ព្រះ​អង្គ​ឲ្យ​បុក​បង្គោល​គ្រឹះ​លើ​ល​ពី​គម្រោង​ប្លង់​ដែរ ដើម្បី​ចៀសវាង​ការ​ស្រុត ​ឬ​បាក់​ដោយ​យថាហេតុ​ ។ ប៉ុន្តែ​យ៉ាងណា​ក្ដី ជា​ចុង​ក្រោយ​ព្រះ​តេជគុណ ភុំ ពេជ្រ​សា​វង្ស ហាក់​បាន​ស្ដីបន្ទោស​ខ្លះ​ៗ​ទៅ​លើ​ក្រុម​ជាង ដែលខ្ជីខ្ជារ​​មិន​យកចិត្តទុកដាក់ ទើប​ធ្វើ​ឲ្យ​ស​សរ​មេ​តុង​ឬ​ធ្នឹម​មាន​សភាព​វៀច​វ៉​ច​អាក្រក់​មើលនេះ ​។

ប៉ុន្តែ​ផ្ទុយ​ពី​ការ​ពន្យល់​របស់​លោកគ្រូ​ចៅអធិការ​វត្ត បើ​តាម​មេជាង​សំណង់​ម្នាក់ ដែល​មាន​បទ​ពិសោធ​ន៍​ក្នុង​ការងារ​នេះ បាន​ធ្វើការ​សន្និដ្ឋាន​តាម​រយៈ​ការ​ពិនិត្យ​លើ​រូបភាព​ទាំងស្រុងនៃ​សំណង់​មហា​កុដិ​នេះ បាន​ប្រាប់​ថា «ខ្ញុំ​មិន​បានដឹង​ថា តើ​ស​សរ​ដែល​មាន​តំណ​រកំ​ណិ​ត​កំណាត់ និង​មាន​សភាព​វៀច​វ៉​ច​ទាំងនេះ ត្រូវ​គេ​បណ្ដុះ​ដែក​ត្រឹមត្រូវ​តាម​ស្ដង់ដា​ដែរ​ឬ​អត់​នោះ​ទេ ព្រោះ​គេ​បាន​ចាក់​បណ្ដុះ​ឡើងជា​ស​សរ​រួចរាល់​ហើយ​។ ប៉ុន្តែ​បើ​មិន​ត្រឹម​ត្រូវ​ទេ វា​នឹង​អាច​មាន​បញ្ហា​ទៅ​ថ្ងៃក្រោយ តែបើ​មាន​បណ្ដុះ​ដែក​ត្រិ​ម​ត្រូវ​វា​មិន​មាន​បញ្ហា​​ទេ​»​។

អ្នកជំនាញ​ផ្នែក​សំណង់​រូប​នេះបាន​លើក​ឡើង​ថា ជា​ធម្មតា​ស​សរ​សំណង់​មេ​តុង គេ​ត្រូវធ្វើ​ឡើង​យ៉ាង​ប្រុង​ប្រយ័ត្ន​បំផុត គេ​មិន​ត្រូវធ្វើ​កំ​ណិ​ត​កំណាត់​បែប​នេះ​ទេ ហើយ​ធ្នឹម​ក៏​មិន​ត្រូវ​ចាក់​ជួសមុខ​គ្នា​បែប​នេះ​ដែរ​។ បើ​ចាក់​ជួសមុខ​គ្នា​បែប​នេះ បាន​ន័យ​ថា តំណរ​ដែក​មិន​ជាប់​គ្នា​ទេ ហើយ​វា​អាច​នឹង​មាន​បញ្ហា​នៅ​ថ្ងៃក្រោយ​។ ចំណែកឯ​ការ​បូក​ស៊ីម៉ង់​ត៏​លើស​រសរ​ឬ​ធ្នឹម​ឲ្យ​ស្មើ​ល្អ ក៏​មិន​អាច​ធ្វើ​ឲ្យ​សរសរ​ឬ​ធ្នឹម​រឹង​ម៉ាំ​ដែរ វា​គ្រាន់តែ
​ធ្វើ​ឱ្យ​ស្មើ​ស្អាត​តែ​ប៉ុណ្ណោះ​។

ទោះ​យ៉ាងណា ជុំវិញ​បញ្ហា​នានានៃ​សំណង់​មហា​កុដិ​ខាងលើ​នេះ ទាំង​ពុទ្ធបរិស័ទ ទាំង​អ្នកជំនាញ​ខាង​សំណង់​មួយ​ចំនួន នៅ​តែ​បង្ហាញ​ពី​ក្ដី​បារម្ភ​អំពី​«​គុណភាព​» និង​បាន​ស្នើ​ឲ្យ​មានការ​ត្រូ​ត​ពិនិត្យ​ឡើង​វិញ ពី​មន្ត្រី​ជំនាញ ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃក្រោយ ដែល​អាច​ឈាន​ដល់​បង្ក​ឲ្យ​មាន​មហន្តរាយ​ដូច​សំណង់​នានានៅ​ខេត្ត​ព្រះ​ស៊ី​ហ​នុ ដែល​ជា​ឧ​ទា​ហរ​ណ៍​ស្រាប់​​ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ