ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀន៤នាក់ត្រូវកម្លាំងនគរបាលការិយាល័យជំនាញប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងនគរបាលក្រុងសិរីសោភ័ណចុះបង្ក្រាបឃាត់ខ្លួនបានជាបន្តបន្ទាប់កាលពីវេលាម៉ោង១០ និង៥០នាទីព្រឹក ថ្ងៃទី២ កុម្ភៈ ២០១៤ នៅចំណុចមុខផ្ទះសំណាក់ថ្មពេជ្រ ស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។
លោកវរសេនីយ៍ទោ ធិនស៊ិនដេត នាយការិយាល័យនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន ឈ្មោះធឿង ប៊ុនធៀង ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ជាអ្នកជួញដូរគ្រឿងញៀនដ៏សកម្មដែលសមត្ថកិច្ចស្រាវជ្រាវតាមប្រម៉ាញ់យូរមកហើយ ចំណែកអ្នកប្រើប្រាស់ថ្នាំញៀន ១-ឈ្មោះស្មើ ហេណូ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ, ២-ឈ្មោះគី លិញ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ និង៣-ឈ្មោះគួន ផាយឹក ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។
លោកនាយការិយាល័យនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនបានឱ្យដឹងទៀតថា ក្នុងពេលឃាត់ខ្លួនជនសង្ស័យឈ្មោះធឿង ប៊ុនធៀង សមត្ថកិច្ចដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីនអាយស៍(ខេទឹកកក) ចំនួន១៨ថង់តូចពណ៌ស ស្មើនឹង៨,៥ក្រាម ទូរស័ព្ទដៃ១គ្រឿង និងសំបកថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ