រាជធានីភ្នំពេញ ៖ កម្មករសំណង់ម្នាក់ហូបបាយរួចហើយឡើងទៅលើដំបូលជាន់ទី២នៃអគារកំពុងសាងសង់និយាយទូរស័ព្ទជាមួយស្រីស្នេហ៍ដើរចុះដើរឡើងស្រាប់តែរអិលជើងធ្លាក់ពីលើអគារចបណ្តាលឱ្យបាក់ដៃខាងស្តាំរងរបួសធ្ងន់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី៣ មីនា ២០១៤ នៅការដ្ឋានកំពុងសាងសង់តាមផ្លូវលេខ១៤១ ភូមិ១១ ក្រុម៧៧ សង្កាត់វាលវង់ ខណ្ឌ៧មករា។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះឈ្មោះធឿន អាយុជាង២០ឆ្នាំ ជាកម្មករដែលទើបនឹងមកធ្វើការបាន៣ថ្ងៃប៉ុណ្ណោះ ។ ប្រភពបានបន្តថា មុនពេលកើតហេតុចប់ម៉ោងធ្វើការ យុវជនរងគ្រោះបានហូបបាយរួចរាល់ហើយឡើងទៅលើដំបូលអគារជាន់ទី២ដើម្បីនិយាយទូរស័ព្ទសាសងជាមួយស្រីស្នេហ៍ ហើយពេលដែលកំពុងនិយាយនោះមិនបាននៅស្ងៀមមួយកន្លែងទេ គឺដើរបណ្តើរនិយាយបណ្តើរចុះឡើងៗអត់មើលក្រោមធ្វើឱ្យរអិលជើងធ្លាក់ពីលើជាន់ទី២បណ្តាលឱ្យបាក់ដៃស្តាំតែម្តង។
ក្រោយកើតហេតុជនរងគ្រោះសន្លប់មួយសន្ទុះត្រូវកម្មករធ្វើការជាមួយគ្នាគត់រឹតមួយសន្ទុះទើបដឹងខ្លួនវិញ ហើយបានទូរស័ព្ទហៅរថយន្តសង្គ្រោះមកដឹកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត៕
ចែករំលែកព័តមាននេះ