រាជធានីភ្នំពេញ ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានចេញលិខិតមួយច្បាប់ដាក់ជូនប្រធានមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC) ស្នើសុំឱ្យមានការបំភ្លឺ និងភស្តុតាងចំពោះការចោទប្រកាន់របស់លោក មឿន តុលា មន្ត្រីអប់រំច្បាប់ សម្រាប់សហគមន៍ថា មានការបិទទ្វាររោងចក្រមិនឱ្យកម្មករចេញទៅផ្ទះដើម្បីធ្វើការថែមម៉ោង ។
លិខិតចុះផ្សាយកាលពីថ្ងៃទី២៧ កុម្ភៈ លើកឡើងថា មន្ត្រីច្បាប់សម្រាប់សហគមន៍ បានចោទថា សមាគមរោងចក្រកាត់ដេរ បានចាក់សោបិទទ្វាររោងចក្រមិនឱ្យកម្មករចេញទៅផ្ទះ ដើម្បីបង្ខំឱ្យពួកគាត់ធ្វើការថែមម៉ោង ហើយបានយកកម្លាំងនគរបាល និងកងរាជអាវុធហត្ថ ដាក់ពង្រាយតាមរោងចក្រគំរាមកម្មករ ។ លិខិតបានលើកឡើងទៀតថា ការដែលស្នើសុំឱ្យមានការបំភ្លឺ និងបង្ហាញភស្តុតាងពីមជ្ឈមណ្ឌលអប់រំច្បាប់នេះ ដោយសារតែមានអត្ថបទភាសាចិនចុះផ្សាយនៅក្នុងកាសែតព័ត៌មានពាណិជ្ជកម្ម (The Commercial News) កាលពីថ្ងៃទី២៦ កុម្ភៈ កន្លងទៅ ។ អត្ថបទនេះបានចុះផ្សាយដកស្រង់សម្តីរបស់លោក មឿន តុលា ជាមន្ត្រីបម្រើការងារនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានថ្លែងចោទប្រកាន់ដល់រោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង បានយកកម្លាំងនគរបាល និងកងរាជអាវុធហត្ថ ដាក់ពង្រាយតាមរោងចក្រ ដើម្បីគំរាមកម្មករ ។
លិខិតបញ្ជាក់ថា ការថ្លែងចោទប្រកាន់គ្មានមូលដ្ឋាន និងភស្តុតាងច្បាស់លាស់បែបនេះ វាបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់រោងចក្រ សហគ្រាស ដែលជាផ្នែកមួយនៃកាតាលីករដ៏សំខាន់ក្នុងការជួយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ហើយបានផ្តល់ការងារដល់ប្រជាពលរដ្ឋជាង៦០០.០០០នាក់ និងផ្តល់ផលប្រយោជន៍ប្រជាពលរដ្ឋជាង២លាននាក់បន្ថែមទៀត ។ សមាគមយល់ថា ការចោទប្រកាន់បែបនេះ ជាចេតនាដើម្បីញុះញង់ឱ្យកម្មករនិយោជិត ចូលរួមបាតុកម្មនាពេលខាងមុខ ហើយក៏ជាចេតនាដើម្បីបំផ្លាញនូវវិស័យកាត់ដេរ និងស្បែកជើង ដែលកំពុងតែមានបញ្ហាច្របូកច្របល់ស្រាប់ហើយនោះ ។ ជាទូទៅ សមាគមតែងតែយកចិត្តទុកដាក់ និងជំរុញឱ្យរោងចក្រគោរពតាមច្បាប់ស្តីពីការងាររបស់កម្ពុជា ជាពិសេសមាត្រា១៥ ស្តីពីការហាមឃាត់ការងារដោយបង្ខំ និងប្រកាសលេខ៨០ សកបយ ចុះថ្ងៃទី១ មីនា ឆ្នាំ១៩៩៩ ស្តីពីការធ្វើការបន្ថែមម៉ោង ក្រៅពីថិរវេលាធ្វើការធម្មតា ។ សមាគមសូមបញ្ជាក់ថា រាល់ការងារធ្វើការបន្ថែមម៉ោង រោងចក្រតែងតែគោរពតាមគោលការណ៍ស្ម័គ្រចិត្ត ហើយស្នើសុំការអនុញ្ញាតពីក្រសួងការងារជាមុន ។ ដូច្នេះការចោទប្រកាន់របស់មន្ត្រីអប់រំច្បាប់សម្រាប់សមាគម លោក មឿន តុលា ដោយមិនមានមូលដ្ឋានច្បាប់បែបនេះ សមាគមមិនអាចទទួលយកបានឡើយ ។ សមាគមស្នើសុំ សូមមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ជួយផ្តល់ភស្តុតាង និងធ្វើការបំភ្លឺឱ្យបានច្បាស់លាស់ ដើម្បីកុំឱ្យសាធារណជនយល់ច្រឡំមកលើរោងចក្រ សហគ្រាស ។
លិខិតបានដាក់បន្ទុកថា ប្រសិនបើក្នុងករណីដែលមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍មិនអាចធ្វើការបំភ្លឺ ឬមិនអាចផ្តល់ភស្តុតាងជូនសមាគមបាន សមាគមស្នើដល់មជ្ឈមណ្ឌលអប់រំច្បាប់ធ្វើការកែតម្រូវអត្ថបទរបស់ខ្លួនជាផ្លូវការ នៅតាមប្រព័ន្ធផ្សព្វផ្សាយណាមួយដើម្បីសាធារណជនបានជ្រាប ។ ទាក់ទងនឹងលិខិតរបស់សមាគមរោងចក្រកាត់ដេរ (GMAC) ស្នើសុំឱ្យមជ្ឈមណ្ឌលបង្ហាញភស្តុតាង និងបំភ្លឺចំពោះការចោទប្រកាន់នោះ លោក មឿន តុលា បានឱ្យដឹងកាលពីព្រឹកថ្ងៃទី២ មីនា ថា «ពេលនេះមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ កំពុងតែរៀបចំឯកសារបង្ហាញដល់សមាគមរោងចក្រកាត់ដេរវិញ ។ វាជាការយល់ច្រឡំទេ ព្រោះថា ពួកខ្ញុំបានទទួលព័ត៌មានថា មានរោងចក្រមួយចំនួនបិទទ្វារ ពេលដែលកម្មករចេញទៅផ្ទះ ប៉ុន្តែយើងកំពុងស្រាវជ្រាវបញ្ហានេះ ។ យើងមិនបានចោទប្រកាន់ថា រោងចក្រពិតជាបានបិទនោះទេ ប្រហែលជាគាត់យល់ច្រឡំសម្តីខ្ញុំ» ។ លោក មឿន តុលា បានឱ្យដឹងទៀតថា ខាងមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ យើងទទួលបានព័ត៌មានបែបនេះ តែយើងមិនទាន់ចោទប្រកាន់នោះទេ គឺយើងកំពុងស៊ើបអង្កេត ផ្ទុយទៅវិញ ប្រសិនបើយើងរកឃើញថា មានករណីនេះកើតឡើងមានការបិទទ្វារបង្ខាំងកម្មករមិនឱ្យចេញទៅផ្ទះមែននោះ យើងនឹងពិចារណាផ្តល់មេធាវីដល់កម្មករ ឬសហជីព ប្រសិនបើគាត់ចង់ប្តឹង ។ ត្រង់ចំណុចនេះ យើងមិនបានចោទប្រកាន់ថា រោងចក្រពិតជាបិទទ្វារចាក់សោបង្ខាំងកម្មករនោះទេ ។
ចំពោះការពង្រាយកម្លាំងនគរបាល កងរាជអាវុធហត្ថនោះ ពិតជាមានការពង្រាយកម្លាំងនៅតាមបណ្តារោងចក្រមួយចំនួននៅតាមដងផ្លូវវេងស្រេងប្រាកដមែន ហើយករណីពង្រាយកម្លាំងសមត្ថកិច្ចនេះ លោក ខេង ទីតូ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានបញ្ជាក់ផងដែរថា មានការពង្រាយកម្លាំងនៅតាមបណ្តារោងចក្រមួយចំនួនពិតមែន ។ ប៉ុន្តែការពង្រាយកម្លាំងនេះ លោក ខេង ទីតូ លើកឡើងថា សម្រាប់រក្សាការពារសន្តិសុខទេ ។ លោក មឿន តុលា បញ្ជាក់ថា ការដែលពង្រាយកម្លាំងនៅតាមបណ្តារោងចក្រនេះ បានធ្វើឱ្យកម្មករដែលកំពុងធ្វើការ មានការភ័យខ្លាច ព្រោះថា ពេលកន្លងមក មានការបាញ់នៅលើផ្លូវវេងស្រេង ដែលករណីនេះធ្វើឱ្យកម្មករមិនហ៊ានចូលធ្វើការ ។ ដូច្នេះយើងមិនទាន់បានចោទប្រកាន់ថា មានរោងចក្រចាក់សោទ្វារមិនឱ្យកម្មករចេញទៅផ្ទះ ដើម្បីធ្វើការថែមម៉ោងនោះទេ ៕
ចែករំលែកព័តមាននេះ