រាជធានីភ្នំពេញ ៖ អ្នកគ្រប់គ្រង បុគ្គលិកកម្មករ និងនិស្សិតនៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ត្រូវបានសមត្ថកិច្ចចម្រុះចុះអនុវត្ដដីកាសម្រេចរក្សាការពារបង្ខំឱ្យចាកចេញពីដី និងអគារលេខ៤៣(អតីតអង្គការស៊ីម៉ាក់) ស្ថិតនៅផ្លូវលេខ៥២៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ទៅតាមអំណាចសាលដីកាសម្រេចរក្សាការពារលេខ១២ រឆ ចុះថ្ងៃទី២៦ កញ្ញា ឆ្នាំ២០១៣ របស់សាលាដំបូងរាជធានីភ្នំពេញ ។
ទោះបីជាយ៉ាងណា គណៈកម្មការចម្រុះបានធ្វើការសម្របសម្រួលគ្នាដោយទុករយៈពេល២០ថ្ងៃដើម្បីឱ្យអ្នកគ្រប់គ្រងរើអីវ៉ាន់ចាកចេញ ។ ការចុះអនុវត្ដដីកាសម្រេចរក្សាការពារនេះបានធ្វើឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៣ មីនា ហើយត្រូវពន្យារពេលរហូតដល់ម៉ោង១១ព្រឹក ដឹកនាំដោយលោក មាស ច័ន្ទពិសិដ្ឋព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។ តាមព័ត៌មានឱ្យដឹងថា ការចុះអនុវត្ដដីការក្សាការពារនេះ ធ្វើឡើងបន្ទាប់ពីមានពាក្យបណ្ដឹងរបស់លោកឧកញ៉ា គួច ម៉េងលី មានទីលំនៅផ្ទះលេខ ១៧ABCD មហាវិថីម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ជាម្ចាស់បំណុលដែលបានប្ដឹងកូនបំណុលលោកស្រី ចាប ច័ន្ទម៉ាលីកា ជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ដែលមិនបានបង់ប្រាក់ឈ្នួលចំនួន៣ខែមកហើយ ។ តាមព័ត៌មានឱ្យដឹងទៀតថា លោកស្រី ចាប ច័ន្ទម៉ាលីកា មានទីលំនៅផ្ទះលេខ២០Z ផ្លូវលេខ៤០៦ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន បានជួលអគារលេខ៤៣ ខាងលើដែលជាអតីតអង្គការស៊ីម៉ាក់ ដើម្បីបើកសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យាតាំងពីចុងខែកក្កដា ឆ្នាំ២០១២ ក្នុង១ខែប្រមាណ៤.០០០ដុល្លារ កុងត្រាចំនួន១០ឆ្នាំ ហើយបានកក់ប្រាក់ចំនួន៤ម៉ឺុនដុល្លារ ។
បន្ទាប់ពីទទួលបានសិទ្ធិ លោកស្រី ចាប ច័ន្ទម៉ាលីកា និងលោក ជា ចំរើន ក៏បានធ្វើការជួសជុលរៀបចំធ្វើជាសាលារៀន ។ នៅចុងក្រោយនេះរយៈពេលប្រមាណជា៣ខែ លោកស្រី ចាប ច័ន្ទម៉ាលីកា មិនបានបង់ប្រាក់ថ្លៃឈ្នួលជាហេតុធ្វើឱ្យលោកឧកញ៉ា គួច ម៉េងលី ប្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញ សុំឱ្យលោកស្រី ចាប ច័ន្ទម៉ាលីកា បញ្ឈប់រាល់សកម្មភាពជួសជុល សាងសង់ រាល់សកម្មភាពអាជីវកម្ម និងសុំឱ្យលោកស្រី ព្រមទាំងបុគ្គលិក កម្មករ ក្រោមឱវាទទាំងអស់ចាកចេញពីដី និងអគារដែលមានក្បាលដីលេខ៤៣ ផ្លូវលេខ៥២៨ សង្កាត់បឹងកក់ទី១ ទើបត្រូវបានសាលាដំបូងចេញដីកាសម្រេចរក្សាការពារ ហើយកម្លាំងសមត្ថកិច្ចចុះអនុវត្ដនៅពេលនេះ ។
នៅព្រឹកនោះ គេឃើញលោក ជា ចំរើន និងភរិយា លោកស្រី ចាប ច័ន្ទម៉ាលីកា បានជួបធ្វើការសម្របសម្រួលជាមួយមេធាវី អ្នកឈ្នះក្ដី និងមានការឯកភាពគ្នា ទុករយៈពេល២០ថ្ងៃ ដើម្បីរើអីវ៉ាន់ចេញពីទីតាំងអគារនោះ ។ ទោះបីជាយ៉ាងណា អ្នកយកព័ត៌មានពុំទទួលបានការបំភ្លឺពីអ្នកចាញ់ក្ដីឡើយ ៕
ចែករំលែកព័តមាននេះ