ខេត្តពោធិ៍សាត់ ៖ មានសេចក្តីរាយការណ៍ច្រើនលើកមកហើយពីខេត្តពោធិ៍សាត់ ដែលមន្ទីរខ្លាញ់ពោះមួយរូបត្រូវបានគេខឹងសម្បារទៅលើប្រធាន និងមន្ត្រីខ្លះត្រូវទទួលនូវការចោទប្រកាន់ថា កំពុងជក់ខ្យល់ថ្នាក់ញៀនទៅហើយខាងទារប្រាក់ ។
ព័ត៌មានពីប្រភពជិតដិតមួយអះអាងថា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តពោធិ៍សាត់ លោកគង់ សំបូរ បានរងនូវការរិះគន់ពីសំណាក់មន្ត្រីក្រោមឱវាទ រួមនិងមន្ត្រីអង្គភាព និងក្រុមហ៊ុននានានៅក្នុងខេត្តថា ប្រធានមន្ទីរមួយនេះបានអនុវត្តផ្ទុយពីគោលការណ៍ច្បាប់ ដោយសារតែលោកប្រធានបានចាត់តាំងមន្ត្រីកិច្ចសន្យាម្នាក់ឱ្យកាន់ត្រារបស់មន្ទីរ និងប្រព្រឹត្តអំពើពុករលួយយកប្រាក់ពីក្រុមអ្នករត់ឯកសាររបស់មន្ទីរអង្គភាពនានានៅក្នុងខេត្ត ។ តាមសេចក្តីរាយការណ៍ពីមន្ត្រីមួយក្រុមនៅខេត្តពោធិ៍សាត់បានឱ្យដឹងថា អស់រយៈពេល២ឆ្នាំមកនេះ លោកគង់ សំបូរ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចាត់តាំងមន្ត្រីកិច្ចសន្យាម្នាក់ឈ្មោះ ជា ឈន់ ឱ្យធ្វើជាអ្នកកាន់ត្រារបស់មន្ទីរ និងបើកដៃឱ្យលោកជា ឈន់ ប្រព្រឹត្តអំពើពុករលួយពុំគប្បីជាច្រើនដូចជា ទារប្រាក់ពីក្រុមអ្នករត់ការឯកសាររបស់មន្ទីរអង្គភាព និងក្រុមហ៊ុនដែលរត់ការសូមបើកសាច់ប្រាក់ ឬឯកសារផ្សេងៗតាមអំពើចិត្តដោយគ្មានការហាមឃាត់ពីសំណាក់លោកប្រធានមន្ទីរឡើយ ជាហេតុធ្វើឱ្យលោកជា ឈន់ មានអំណាចខ្លាំងនៅក្នុងមន្ទីរ និងមានលទ្ធភាពប្រព្រឹត្តអំពើទារប្រាក់នោះតាមចិត្តយ៉ាងរលូន ។
តាមប្រភពដដែលបានឱ្យដឹងថា បច្ចុប្បន្នលោកជា ឈន់ នៅពេលដែលអ្នករត់ឯកសាររបស់មន្ទីរអង្គភាពនិងក្រុមហ៊ុន ទៅសូមឱ្យគាត់បោះត្រាម្តងៗលើលិខិតដែលថ្នាក់ដឹកនាំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុស៊ីញ៉េរួច គឺត្រូវលោកជា ឈន់ ទាមទារប្រាក់ក្នុងលិខិតមួយពី២ម៉ឺនរៀលទៅដល់៥០ម៉ឺនរៀល ដោយទាមទារប្រាក់យកទៅតាមប្រភេទឯកសារ សុំដកសាច់ប្រាក់តិចឬច្រើន ។ បើដកត្រឹម២លានរៀលលើខ្ទង់ប្រាក់បុរេប្រទាន គឺគាត់ទាមទារ២ម៉ឺនរៀល បើដកប្រាក់ច្រើនជាងនោះ គឺគាត់ទាមទារ១% ។ បុ៉ន្តែបើការដកប្រាក់លើជំពូកផ្សេងៗក្រៅពីប្រាក់បៀវត្សរ៍នោះលើសពី៥០លានរៀលទៅ គឺគាត់ទាមទារតែ៥០ម៉ឺនរៀលទេ ដោយមិនហ៊ានទាមទារលើសពីនោះទៀតទេ ។ ដោយសារតែមានការទាមទារប្រាក់ថ្លៃបោះត្រាពីសំណាក់លោកជា ឈន់ នោះ បានធ្វើឱ្យមន្ត្រីមន្ទីរអង្គភាព និងបុគ្គលិកក្រុមហ៊ុនជាច្រើននៅក្នុងខេត្ត សម្តែងនូវប្រតិកម្ម បុ៉ន្តែមិនហ៊ានប្រឆាំងខ្លាំងខ្លាទេ ដោយខ្លាចលោកជា ឈន់ បង្កការលំបាកក្នុងការបោះត្រា និងទៅផ្លុំត្រចៀកលោកប្រធានមន្ទីរ គង់ សំបូរ ឱ្យទុកឯកសារយូរ មុននឹងស៊ីញ៉េ ធ្វើឱ្យប៉ះពាល់ដល់ការចរាចរប្រាក់ ។ លោកជា ឈន់ ជាមនុស្សជំនិតរបស់លោកប្រធានមន្ទីរ គង់ សំបូរតាំងពីលោកជា ឈន់ នៅធ្វើជាប្រធានការិយាល័យរដ្ឋបាលរបស់មន្ទីរ មុនពេលលោកគង់ សំបូរ ចូលនិវត្តន៍ទៅទៀត ។
ប្រភពដដែលបានបញ្ជាក់ថា លោកជា ឈន់ អាចមានវាសនាកាន់ត្រារបស់មន្ទីររហូតដល់ចុងឆ្នាំ២០១៤ នៅពេលដែលលោកគង់ សំបូរ ចូលនិវត្តន៍ដែរនោះ ទើបលោកជា ឈន់ អស់សិទ្ធកាន់ត្រា ។ កន្លងមកលោកជា ឈន់ និងលោកប្រធានមន្ទីរ គង់ សំបូរ បានរួមដៃគ្នាប្រព្រឹត្តអំពើពុករលួយជាច្រើនរហូតមកដល់បច្ចុប្បន្ន ជាហេតុធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍ជាតិយ៉ាងច្រើន ។ លោកគង់ សំបូរ និងលោកជា ឈន់ ពុំអាចទាក់ទងបានទេ កាលពីថ្ងៃអាទិត្យតាមរយៈទូរស័ព្ទ ។ សង្ឃឹមថា លោកអាចបំភ្លឺក្រោយពេលចេញផ្សាយ ៕
ចែករំលែកព័តមាននេះ