ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​​​​​រា​រាំង​​​​ការដង្ហែ​​​​ក្បួន​​​ទៅ​​កាន់​​​តុលា​​ការ​​កំពូល​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ​ខណៈ​ពេល​សាលា​រាជ​ធានី​ភ្នំពេញ​ កំពុង​ប្រគល់​​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​នៅ​​នឹង​កន្លែង​ដល់​អ្នក​ភូមិ​បឹង​កក់​ចំនួន​១៧​គ្រួសារ​ បែរ​ជា​សកម្ម​ជន​មក​ពី​សហ​គមន៍​បុរី​កីឡា​ សហ​គមន៍​ថ្ម​គោល​ និង​បឹង​កក់​ នាំ​មុខ​ដោយ​អ្នក​ស្រី​ទេព វន្នី​ និង​មាន​ការ​ចូលរួម​ជាមួយ​អង្គការ​ក្រៅ​រដ្ឋា​ភិ​បាល​មួយ​ចំនួន​ មាន​ព្រះសង្ឃ​ខ្លះ

រាជ​ធានី​ភ្នំពេញ​ ៖ ​ខណៈ​ពេល​សាលា​រាជ​ធានី​ភ្នំពេញ​ កំពុង​ប្រគល់​​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​នៅ​​នឹង​កន្លែង​ដល់​អ្នក​ភូមិ​បឹង​កក់​ចំនួន​១៧​គ្រួសារ​ បែរ​ជា​សកម្ម​ជន​មក​ពី​សហ​គមន៍​បុរី​កីឡា​ សហ​គមន៍​ថ្ម​គោល​ និង​បឹង​កក់​ នាំ​មុខ​ដោយ​អ្នក​ស្រី​ទេព វន្នី​ និង​មាន​ការ​ចូលរួម​ជាមួយ​អង្គការ​ក្រៅ​រដ្ឋា​ភិ​បាល​មួយ​ចំនួន​ មាន​ព្រះសង្ឃ​ខ្លះ និង​អ្នក​ចូលរួម​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ស​ អាវ​ស​ ប្រមាណ​ជា​៦០​នាក់​ បាន​នាំគ្នា​ដង្ហែ​ក្បួន​តាម​បែបសាសនា​ឆ្ពោះ​ទៅ​កាន់​តុលាការ​កំពូល​នា​ព្រឹក​ថ្ងៃទី​៣​ មីនា​ ដើម្បី​ទាម​ទារ​ឱ្យ​មាន​ការ​ដោះ​លែង​លោក​វន់ ពៅ​ និង​​អ្នក​ឯទៀត​ ដែល​កំពុង​ជាប់​នៅ​មណ្ឌល​អប់រំ​កែ​ប្រែទី​៣​ ត្រពាំង​ផ្លុង​ ខេត្ត​កំពង់​ចាម ​ដែល​ជាប់​ឃុំ​២១​នាក់ ។​

ក្បួន​ដង្ហែ​នេះ​មិន​មាន​ការ​អនុញ្ញាត​ពី​សាលា​រាជ​ធានី​ភ្នំពេញ​ទេ ហើយ​ត្រូវ​កម្លាំង​សមត្ថ​កិច្ច​ខណ្ឌ​ដូន​ពេញ​ដាក់​បារ៉ាស់​ដែក​ធ្វើ​ការ​រារាំង​នៅ​ចំណុច​កែង​វិថី​ព្រះ​ស៊ីសុវត្ថិ​ និង​ផ្លូវ​លេខ​១៧៨​ ស្ថិត​ក្នុងសង្កាត់​ជ័យ​ជម្នះ​ ខណ្ឌ​ដូន​ពេញ​ និង​មាន​​ការ​ប្រទាញប្រទង់​​គ្នា​រវាង​កម្លាំង​សណ្តាប់​ធ្នាប់​ខណ្ឌ​ដូន​ពេញ​ ខណៈ​ពេល​សមត្ថ​កិច្ច​ដក​ហូត​យក​ស្គរ និង​អាគុយ​ទៅ​រក្សា​ទុក​នៅ​សាលា​ខណ្ឌ ។​ នគរបាល​ខណ្ឌ​ដូន​ពេញ​និយាយ​ថា​ បន្ទាប់​ពីមាន​ការ​ដាក់​បារ៉ាស់​​រារាំង​ក្រុម​អ្នក​តវ៉ា​ មិន​ឱ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​តុលាការ​កំពូល និង​​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កម្លាំង​សណ្តាប់​ធ្នាប់​ខណ​្ឌ​ដូន​ពេញ​រួច​មក​ ក្បួន​ដង្ហែ​របស់​សកម្ម​ជន​ទាំង​នោះ​បាន​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​រូប​សំណាកតេជោ​យ៉ត​ តេជោ​មាស​ លើ​កំណាត់​វិថី​ព្រះ​ស៊ី​សុវត្ថិ​ មុខ​វត្ត​ឧណ្ណា​លោម ហើយ​ធ្វើ​ពិធី​បួង​សួង​ និង​ដុត​ធូប​ ដែល​ម្នាក់ៗ​មាន​កាន់​ផ្កា​ឈូក ។​

ក្រុម​អ្នក​តវ៉ា​បាន​អះ​អាង​ថា​ កង​កម្លាំង​ប៉ូលិស និង​កម្លាំង​សណ្តាប់​ធ្នាប់​ខណ្ឌ​បាន​ដាក់​បារ៉ាស់​រារាំង​ពួកគេ​មិន​ឱ្យ​ជួប​ជុំ​នៅ​មុខ​តុលាការ​កំពូល​រាជ​ធានី​ភ្នំពេញ​ទេ ហើយ​ក្រុម​អ្នក​ភូមិ​បាន​បង្វែរ​ការ​ជួប​ជុំ​នៅ​មុខ​វត្ត​ឧណ្ណា​លោម​ជួរមាត់​ទន្លេ​វិញ​ ឯ​ការ​ជួប​ជុំ​លើក​នេះ​មិន​មែន​គ្រាន់តែ​ជាការ​ស្រែក​ក្តែងៗ​ និង​ដាក់​បណ្តាសា​ដូច​លើក​មុន​ទេ​ បុ៉ន្តែ​អ្នក​តវ៉ា​នឹង​មាន​រៀបចំ​ពិធី​ជូន​ពរ​ដល់​មន្ត្រី​ស្មោះ​ត្រង់​ ហើយ​សម្តែង​តួ​ធ្វើ​ជា​លោក​តា​ដំបង​ដែក​ដាក់​ទណ្ឌ​កម្ម​លើ​មន្ត្រី​ចិត្ត​អាក្រក់​ផងដែរ ។​​ ​ពួកគេ​អះ​អាង​ថា ក្រុ​មអ្នក​ភូមិ​ធ្វើ​ដោយ​អហិង្សា​ បែរ​ជាសមត្ថ​កិច្ច​ប្រើ​ហិង្សា​ដាក់​បងប្អូន​សហ​គមន៍​បែប​នេះ​ ។ យើង​ធ្វើ​បែប​នេះ​ដើម្បី​រំលឹក​ថា​ សំណុំ​រឿង​ក្តី​សុំ​នៅ​ក្រៅ​ឃុំ​របស់​បាតុករ​២១​នាក់​​ ដែលមាន​ទាំង​លោក​វន់ ពៅ​ កំពុង​ស្ថិត​នៅ​ដៃ​តុលាការ​កំពូល ខណៈ​ដែល​តុលាការ​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​ និង​តុលាការ​សាលា​ឧទ្ធរណ៍​ បាន​សម្រេច​ជា​បន្ត​បន្ទាប់​មិន​​អនុ​ញ្ញាត​ឱ្យ​ជន​ទាំង​នោះ​ស្ថិត​នៅ​ក្រៅ​មន្ទីរ​ឃុំ​ឃាំង​ឡើយ។​ មន្ត្រី​សាលា​ខណ្ឌ​ដូន​ពេញ​ឱ្យ​ដឹង​ថា​ សហ​គមន៍​ទាំង​បី​​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ រួម​ទាំង​សហ​ជីព​មួ​យចំនួន​តូច​បាន​ព្យា​យាម​​​នាំគ្នា​ដង្ហែ​ក្បួន​គ្មាន​ច្បាប់​អនុញ្ញត​ពី​សាលា​រាជ​ធានី​ភ្នំពេញ​​ម្តង​ជាពីរ​ដង ហើយ​ពេល​នេះ​ត្រូវ​រារាំង​ពួក​គេ​មិន​ឱ្យ​ទៅប្រមូល​ផ្តុំ​នៅ​មុខ​តុលាការ​កំពូល បែរ​ជា​នាំ​គ្នា​ធ្វើ​ពិធី​នៅ​មុខ​រូប​សំណាកតេជោ​យ៉ត តេជោ​មាស មុខ​វត្ត​ឧណ្ណា​លោម​ ។ ក្រោយ​ពី​ចប់​ពិធី​បួង​សួង​ ក្រុម​អ្នក​ពូកែ​តវ៉ា​បាន​នាំ​គ្នា​មក​សាលា​ខណ្ឌ​ដូន​ពេញ​ដើម្បី​សុំ​យក​ស្គរ ​និង​​អាគុយ​ទៅ​វិញ តែ​ត្រូវ​បាន​អាជ្ញាធរ​ឱ្យ​ធ្វើ​កិច្ច​សន្យា​ រួច​ពួកគេ​នាំ​គ្នា​រំសាយ​ទៅ​វិញ​នៅ​ម៉ោង​​១​និង​១០​នាទី​នា​រសៀល​ថ្ងៃ​ដដែល ។​

គួរ​រំលឹក​ថា​ ជន​សង្ស័យ​ចំនួន​២៣​នាក់​ដែល​ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​នៅ​កន្លែង​ផ្សេង​ពី​គ្នា​ គឺ​ក្រុម​លោក​វន់ ពៅ​ រួម​ទាំង​កម្មករ​សរុប​ទាំង​អស់​១០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ចំណុច​រោង​ចក្រ​យ៉ាក​ជីន​ ជិត​តំបន់​សេដ្ឋ​កិច្ចពិសេស​កំបូល​កាល​ពី​ថ្ងៃទី​២​ មករា​ ២០១៤​ និង​១៣​នាក់​ផ្សេង​ទៀត​ចាប់​ខ្លួន​នៅ​ចំណុច​សួន​ឧស្សាហ​កម្ម​កាណា​ឌីយ៉ា​ ផ្លូវ​ចោម​ចៅ​ កាល​ពី​ថ្ងៃ​ទី​៣​ មករា​ ២០១៤ ក្នុង​អំឡុង​ពេល​មាន​ការ​តវ៉ា​ឱ្យ​ដំឡើង​ប្រាក់​ខែ​កម្មករ​កាត់​ដេរ ។​ អ្នក​ទាំង​២៣​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនា​គារ​ត្រពាំង​ផ្លុង ខេត្ត​កំពង់ចាម ។​ ក្នុង​ចំណោម​អ្នក​ទាំង​២៣​នាក់​ មាន​២​នាក់​ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ សម្រេច​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​កាល​ពីថ្ងៃ​ទី​​៨ កុម្ភៈ​ ២០១៤ ​។ ហើយ​កាល​ពីថ្ងៃ​ទី​១១ កុម្ភៈ​ ​២០១៤ វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ សាលា​ឧទ្ធរណ៍​បាន​សម្រេច​តម្កល់​​សេចក្តី​សម្រេច​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​នៅដដែល​ ដោយ​មិន​អនុញ្ញាត​ឱ្យ​ជន​ទាំង​២១​នាក់​កំពុង​ជាប់​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​ ខេត្ត​កំពង់​ចាម​ ស្ថិត​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​តាម​ការ​ស្នើ​សុំ​របស់​មេធាវី​ជន​ជាប់​ចោទ​ទាំង​នោះ​ទេ​ ៕​