ខេត្តបន្ទាយមានជ័យ ៖ ប្រភពព័ត៌មានពីខ្សែបន្ទាត់ព្រំដែនក្នុងស្រុកអូជ្រៅ និងស្រុកស្វាយចេក បានឱ្យដឹងថា ច្រករបៀងចំនួន៦ ត្រូវបានភាគីថៃបន្តបិទមិនឱ្យរថយន្តតូចធំ ឬអ្នកស្រុកឆ្លងទៅមករកគ្នាក្រៅពីសិស្សសាលានៃប្រទេសទាំង២ឡើយ ។ ចំពោះបញ្ហានេះតាមប្រភពព័ត៌មានប្រាប់ថា សង្ស័យបណ្តាលមកពីរឿងជម្លោះម្តុំដីខ្មែរស្រែថៃ ចំណុចបង្គោលសីមាព្រំដែនលេខ៤៣ ជាចំណុចទីតាំងគម្រោងបើកច្រកដោះដូរកសិផលបឹងស្នោកម្ពុជា និងណូមា៉ក់មុនថៃ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ទល់មុខទឹកដីថៃ ស្រុកគោកធ្យូង ។
ច្រករបៀងដែលត្រូវភាគីថៃបន្តបិទ រួមមានច្រកចំការគរ ច្រកតំបន់០១ ស្រុកស្វាយចេក ច្រករបៀងតំបន់៥ ច្រកអូរបីជាន់ ច្រកជោគជ័យ ច្រកសិលាខ្មែរ ក្នុងស្រុកអូរ
ជ្រៅ ។ ច្រករបៀងអូរបីជាន់ ដែលកន្លងមកប្រជាពលរដ្ឋនៃប្រទេសទាំង២ឆ្លងទៅមកច្រើនជាងគេ ព្រោះខាងកម្ពុជាមានភ្ជាប់ផ្លូវជាតិលេខ២៥៨D មួយខ្សែទៅហើយនោះ ប្រភពព័ត៌មានប្រាប់ថា រយៈពេល២ទៅ៣ថ្ងៃនេះ ភាគីថៃបានចាក់សោទ្វារព្រំដែនតែម្តង មិនឱ្យមានការឆ្លងកាត់ឡើយ ទោះជារថយន្តតូចធំឬអ្នកដំណើរក៏ដោយ ។
ការបិទច្រករបៀងជាច្រើនកន្លែងក្នុងស្រុកអូរជ្រៅ ស្រុកស្វាយចេក និងស្រុកថ្មពួក ក្នុងខេត្តបន្ទាយមានជ័យនេះ ធ្វើឱ្យស្រូវអង្ករខ្មែរកកស្ទះរាប់សិបតោននៅក្នុងស្រុកថ្មពួក ។ ប៉ុន្តែពេលនេះត្រូវបានលោក ប្រាក់ សាំ មេបញ្ជាការវរៈនគរបាលការពារព្រំដែនគោកលេខ៨០៧ប្រចាំនៅស្រុកថ្មពួកប្រាប់តាមទូរស័ព្ទថា ច្រករបៀងទាំងអស់ក្នុងស្រុកថ្មពួក ភាគីថៃមិនបានបិទទៀតទេ គឺដំណើរការជាធម្មតាវិញហើយ ។
ការបិទច្រករបស់ភាគីថៃនៅតាមខ្សែបន្ទាត់ព្រំដែនក្នុងស្រុកអូរជ្រៅ និងស្រុកស្វាយចេក ប្រភពព័ត៌មានប្រាប់ថា បណ្តាលមកពីជម្លោះដីខ្មែរស្រែថៃ ក្នុងឃុំអូរបីជាន់ ដែលទីនោះមានក្រុមហ៊ុនមួយជារបស់លោកឧកញា៉ សំ ផាន់ណារិទ្ធ ធ្វើការអភិវឌ្ឍគម្រោងបើកច្រកដោះដូរទំនិញកសិផលរវាងប្រទេសទាំង២នៅច្រកបឹងស្នោ-ណូនមា៉ក់មុន ។ ខណៈក្រុមហ៊ុនមួយនេះរៀបចំបោះបង្គោល និងដាក់លូដើម្បីធ្វើការអភិវឌ្ឍរៀបចំរចនាសម្ព័ន្ធរូបវ័ន្តនានា បែរជាត្រូវប្រជាពលរដ្ឋថៃមួយចំនួនដែលធ្លាប់ធ្វើស្រែលើដីខ្មែរនៅទីនោះប្តឹងឱ្យសមត្ថកិច្ចរបស់គេមកធ្វើការរារាំងដំណើរការនេះ ។ ការបោះបង្គោល និងការរៀបចំនេះ ពេលភាគីថៃចូលមកពិនិត្យមើលឃើញក៏មានបញ្ហាតែម្តងទៅ ។ ប្រភពបន្តថា សមត្ថកិច្ចជួរមុខថៃ បានស្នើឱ្យសមត្ថកិច្ចជួរមុខកម្ពុជា ជួយទប់ស្កាត់ការបោះបង្គោល និងការរៀបចំនេះសិន ដោយសំអាងថាបច្ចុប្បន្នប្រជាពលរដ្ឋរបស់គេនៅបន្តធ្វើស្រែលើដីខ្មែរនៅឡើយ ។ ជុំវិញបញ្ហាខាងលើនេះ លោកឧកញា៉ សំ ផាន់ណារិទ្ធ ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍សំ ផាន់ណារិទ្ធ បានប្រាប់តាមទូរស័ព្ទថា ការបិទច្រករបៀងវាជាសិទ្ធិរបស់ភាគីម្ខាងៗ ព្រោះវាមិនមែនជាច្រកស្របច្បាប់ ហើយក៏គ្មានភាគីណាមួយចុះកិច្ចព្រមព្រៀងរវាងច្រកអស់ហ្នឹងដែរ ។ លោកបន្តថា ការរៀបចំដាក់លូអភិវឌ្ឍន៍ផ្លូវ គឺធ្វើឡើងតែនៅលើទឹកដីកម្ពុជា មិនប៉ះពាល់ដល់ប្រទេសថៃឬបូរណភាពទឹកដីថៃទេ ។
លោកឧកញា៉រូបនេះបន្តថា ការបិទច្រកជារឿងមួយផ្សេង ប៉ុន្តែលោកថា សម្រាប់ប្រជាពលរដ្ឋយើងគ្មានអីប៉ះពាល់ផង ព្រោះប្រជាពលរដ្ឋយើងមិនដែលមានអីលក់ឱ្យភាគីថៃទេ ផ្ទុយទៅវិញមានតែភាគីថៃទេ ដែលគាត់លក់ហើយពឹងពាក់លើភាគីកម្ពុជាយើង ។ លោកឧកញ៉ានិយាយបន្តថា ផ្លូវដែលកំពុងអភិវឌ្ឍន៍នេះ ធ្វើឡើងតាមការសម្រេចរបស់រាជរដ្ឋាភិបាលដែលមានប្រវែង២.៥៧០ម៉ែត្រ ពីចំណុចផ្លូវបំបែកបឹងស្នោទៅដល់ជិតបង្គោលសីមាព្រំដែនលេខ៤៣ ហើយដើម្បីអភិវឌ្ឍន៍ច្រកហ្នឹងឱ្យរលូនគឺយើងត្រូវតែរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានាជាមុនសិន ។ នៅកន្លែងកើតហេតុ គេឃើញសមត្ថកិច្ចជួរមុខកម្ពុជាមាននគរបាលការពារព្រំដែនគោកលេខ៩១១ និងកម្លាំងយោធាវរៈ៥១៥បានមកជួបគ្នាជាមួយសមត្ថកិច្ចតម្រួតព្រំដែនថៃ ហើយភាគីថៃបានទាមទារសុំឱ្យភាគីកម្ពុជាផ្អាកការអភិវឌ្ឍនៅទីនេះសិន ដោយគេនិយាយថា រង់ចាំការដោះស្រាយចប់សិន ព្រោះមានប្រជាពលរដ្ឋរបស់គេមួយចំនួនប្តឹងឱ្យជួយដោះស្រាយ ។ ទោះជាយា៉ងណា លោកឃុន ជឿន មេបញ្ជាការយោធាវរៈ៥១៥ ដែលស្ថិតនៅកន្លែងកើតហេតុប្រាប់កោះសន្តិភាពថា ការជួបគ្នានេះគឺភាគីថៃគេមកសុំឱ្យភាគីកម្ពុជាផ្អាកការបោះបង្គោលឬដាក់លូសិនតែប៉ុណ្ណោះ ។
គួរបញ្ជាក់ថា កន្លែងកើតហេតុធាតុពិតជាដីខ្មែរយា៉ងពិតប្រាកដ ព្រោះបង្គោលសីមាព្រំដែនលេខ៤៣ខ្មែរ-ថៃនេះ នៅខាងមុខទីតាំងកំពុងកើតហេតុជិត៥០០ម៉ែត្រទៀតឯណោះ ។ គេចាំបានថា ម្តុំដីខ្មែរស្រែថៃនេះ កន្លងមកភាគីកម្ពុជាធ្លាប់បានហាមប្រាមប្រជាពលរដ្ឋថៃមិនឱ្យធ្វើស្រែម្តងដែរ ប៉ុន្តែក្រោយមកមិនដឹងជាយា៉ងដូចម្តេចក៏មានព័ត៌មានថា ដីជាង២០០ហិកតានោះ ត្រូវថ្នាក់លើភាគីកម្ពុជាប្រគល់ឱ្យប្រជាពលរដ្ឋថៃធ្វើស្រែដូចដើមជាបណ្តោះអាសន្នវិញ ៕
ចែករំលែកព័តមាននេះ