ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ដ​​ជួប​គ្នា​​ថ្ងៃ​១០​​មីនា ជំហរ​​គណ​ប​ក្ស​ប្រជាជន​​កម្ពុជា​​គ្មាន​កា​រ​បោះ​ឆ្នោត​មុន​​អាណត្ដិ​​ឡើយ​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កិច្ច​ប្រជុំ​បិទ​ទ្វារ​តាម​ការ​គ្រោង​ទុក​សម្រាប់​ព្រឹក​ថ្ងៃ​ទី​៣​ មីនា នៅ​វិមាន​ព្រឹទ្ធ​សភា​ ក្រុម​ការ​ងារ​គណ​បក្ស​ប្រជា​ជន​ កម្ពុជា​ និង​គណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​ឯក​ភាព​គ្នា​លើ​៣​ចំណុច​​ និង​បាន​កំណត់​យក​ថ្ងៃ​ទី​១០​ មីនា​ ជួប​ពិភាក្សា​គ្នា​ជា​ថ្មី​ ។

រាជធានី​ភ្នំពេញ ៖ កិច្ច​ប្រជុំ​បិទ​ទ្វារ​តាម​ការ​គ្រោង​ទុក​សម្រាប់​ព្រឹក​ថ្ងៃ​ទី​៣​ មីនា នៅ​វិមាន​ព្រឹទ្ធ​សភា​ ក្រុម​ការ​ងារ​គណ​បក្ស​ប្រជា​ជន​ កម្ពុជា​ និង​គណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​ឯក​ភាព​គ្នា​លើ​៣​ចំណុច​​ និង​បាន​កំណត់​យក​ថ្ងៃ​ទី​១០​ មីនា​ ជួប​ពិភាក្សា​គ្នា​ជា​ថ្មី​ ។ សេច​ក្តី​ថ្លែង​ការ​ណ៍​រួម​ បាន​លើក​ឡើង​ថា ដោយ​អនុ​វត្ត​តាម​ស្មារតី​សេច​ក្តី​ថ្លែង​ការ​ណ៍​រួម​ នៃ​ជំនួប​កំពូល​រវាង​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ និង​គណ​បក្ស​សង្គ្រោះ​ជាតិ​ កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​កញ្ញា ឆ្នាំ​២០១៣​ និង​អនុ​វត្ត​តាម​ស្មារតី​សេច​ក្តី​ប្រកាស​ កាល​ពី​ថ្ងៃ​ទី​១៨​ កុម្ភៈ​ ឆ្នាំ​​២០១៤ គណៈ​កម្ម​ការ​ចម្រុះ​មក​ពី​គណ​បក្ស​ទាំង​ពីរ​​ដែល​មាន​អាសនៈ​​ក្នុង​រដ្ឋ​សភា​ បាន​ជួប​ប្រជុំ​គ្នា និង​បាន​ឯក​ភាព​គ្នា​លើ​៣ចំណុច​​មាន​៖

១-ការ​រៀប​ចំ​ការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ និង​បញ្ជី​​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ ដើម្បី​ធានា​និង​ការ​ពារ​សិទ្ធ​ិ​បោះ​ឆ្នោត​របស់​ប្រជា​ពល​រដ្ឋ​គ្រប់​រូប​ ។
២-រៀប​ចំ​បង្កើត​ច្បាប់​ស្តី​ពី​ហិរញ្ញ​វត្ថុ​របស់​គណ​បក្ស​នយោ​បាយ​ ។
៣-​ក្រប​ខ័ណ្ឌ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ផ្សេង​ៗ​ទៀត​ដូច​ជា​ ៈ ការ​កែ​ទម្រង់​​ការ​បោះ​ឆ្នោត​ យន្ត​ការ​នៃ​​ការ​ដោះ​ស្រាយ​ការ​បោះ​ឆ្នោត​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ និង​មធ្យោ​បាយ​ផ្សព្វ​ផ្សាយ​សម្រាប់​គណ​បក្ស​នយោ​បាយ​…។ល។
លោក​ សុន​ ឆ័យ​ តំណាង​គណៈ​កម្ម​ការ​ចម្រុះ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ក្រោយ​កិច្ច​ប្រជុំ​ថា​ កា​រ​ជួប​គ្នា​នា​ថ្ងៃ​ទី​៣ មីនា​ ដោយ​សារ​តែ​មាន​ការ​ជួប​គ្នា​របស់​ថ្នាក់​ដឹក​នាំ​កំពូល​គណ​បក្ស​ទាំង​ពីរ​ កាល​ពី​ថ្ងៃ​ទី​១៦ កញ្ញា​ ឆ្នាំ​២០១៣ ដែល​បាន​ព្រម​ព្រៀង​គ្នា​និយាយ​ពី​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​ និង​ការ​ជួប​គ្នា​របស់​ក្រុម​ការ​ងារ​បច្ចេក​ទេស​ កាល​ពី​ថ្ងៃ​ទី​១៨​ កុម្ភៈ និង​បាន​ព្រម​ព្រៀង​គ្នា​បង្កើត​គណៈ​កម្ម​ការ​ចម្រុះ​ ដែល​មាន​សមាស​​ភាព​ស្មើ​គ្នា​ ដើម្បី​ធ្វើ​ការ​សិក្សា​ កែ​ទម្រង់​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ខាង​មុខ ។

លោក​ សុន​ ឆ័យ​ បាន​ថ្លែង​ទៀត​ថា ការ​ព្រម​ព្រៀង​គ្នា​ កាល​ពី​ថ្ងៃ​ទី​១៨​ កុម្ភៈ កន្លង​មក​នេះ​ គណ​បក្ស​ទាំង​ពីរ​បាន​ឯក​ភាព​គ្នា​បង្កើត​ឱ្យ​មាន​សមាស​ភាព​របស់​គណៈ​កម្ម​ការ​ចម្រុះ​ស្មើ​គ្នា​ព្រម​ព្រៀង​ឱ្យ​មាន​សិក្ខា​សាលា​ថ្នាក់​ជាតិ​​ដើម្បី​ស្តាប់​មតិ​យោ​បល់​ដោយ​ចំហ​ ទទួល​សំណូម​ពរ​ផ្សេង​ៗ​និង​យោ​បល់​ពី​អង្គ​ការ​ជាតិ​-អន្តរ​ជាតិ​នានា​ក្នុង​ការ​យក​គំនិត​មក​ពិចារ​ណា​ ។ ការ​ធ្វើ​សិក្ខា​សាលា​នេះ​ដើម្បី​គោ​រព​តាម​គោល​ការណ៍​លទ្ធិ​ប្រជា​ធិប​តេយ្យ​ ។ លោក​ សុន​ ឆ័យ​ ថ្លែង​ថា ក្នុង​កិច្ច​ប្រជុំ​ដែល​មាន​រយៈ​ពេល​យូរ​នេះ​ ដោយ​សារ​តែ​ការ​ពិភាក្សា​ បាន​លើក​យក​ចំណុច​ជា​ច្រើន​មក​ពិភាក្សា​គ្នា​ ហើយ​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ចំណុចធំ​ៗ​មួយ​ចំនួន​ ប៉ុន្តែ​ការ​ពិភាក្សា​គ្នា​បាន​ឯក​ភាព​៣​​ចំណុច​ ក្នុង​នោះ​មាន​ទី​១-​​ការរៀបចំ​ ការចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត ​និងបញ្ជី​​ឈ្មោះ​អ្នក​បោះ​ឆ្នោត ​ដើម្បី​ធានា ​និងការពារ​សិទ្ធិ​​បោះ​ឆ្នោត ​របស់​ប្រជា​ពលរដ្ឋ​​គ្រប់រូប​ ។ ទី​២-​រៀប​ចំ​បង្កើត​ច្បាប់​ស្តី​ពី​ហិរញ្ញ​វត្ថុ​របស់​គណ​បក្ស​នយោ​បាយ ។ ទី​៣-​ក្រប​ខណ្ឌ​​កំណែ​ទម្រង់​​ការបោះឆ្នោត​ផ្សេង​​ៗ​ទៀត ​​ដូចជា ​ការ​កែ​​ទម្រង់​​ការ​បោះឆ្នោត ​យន្ត​ការ​នៃការ​ដោះស្រាយ​​ការបោះឆ្នោត ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ​និងមធ្យោ​បាយ​​ផ្សព្វ​ផ្សាយ​​សម្រាប់​គណ​បក្ស​​នយោ​បាយ ​។ ក៏​ប៉ុន្តែ​មាន​ចំណុច​ផ្សេ​ង​ទៀត​​គណៈ​កម្មការ​​ចម្រុះ​​មិន​បាន​ឯក​​ភាព​គ្នាទេ ​។ ​​លោក​សុន ឆ័យ ​បញ្ជាក​់ថា ​​បន្ទាប់​ពី​កិច្ច​ពិភាក្សា​​និងយល់​​ព្រម​គ្នា ​គណៈ​កម្មការ​ចម្រុះ​នេះ​មិន​ទាន់​​ចប់​នៅឡើយ​​ទេ គឺ​​យើង​នឹង​ពិភាក្សា​​គ្នា​នៅ​​ថ្ងៃ​​ទី​១០ ​មីនា ខាង​មុខ​បន្ត​​​ទៀត​ ដើម្បី​​កំណត់​​យក​អ្វី​សម្រាប់​​ធ្វើ​ជា​ប្រធាន​​បទ​ក្នុង​​សិក្ខា​សាលា​​ថ្នាក់​ជាតិ​នៅថ្ងៃ​​ខាងមុខ ​និង​ពេល​​ណា​ជួប​ពិភាក្សា​​ជាមួយ​​អង្គ​ការ​ជាតិ និង​អន្តរ​ជាតិ ​ក្នុង​ការ​ផ្តល​់​អនុ​សាសន៍​ ។

លោក​ប៊ិន ​ឈិន ​តំណាង​គណៈ​​កម្មការចម្រុះ​ខាង​គណបក្ស​ប្រជា​ជន​កម្ពុជា​លើក​ឡើង​​ថា​ កិច្ច​​ប្រជុំ​រវាង​ភាគី​ទាំង​ពីរ​បាន​និយាយ​​​ពី​បញ្ហា​សំខាន់​​គឺ ​រៀបចំ​ការ​ចុះ​ឈ្មោះ​​អ្នក​បោះ​ឆ្នោត​​ និង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត ​ដើម្បី​ធានា​​និងការ​ពារ​​សិទ្ធិ​បោះឆ្នោត​​របស់​ប្រជា​ពលរដ្ឋគ្រប់រូប​ ។ ​ភាគី​ទាំង​ពីរ​បាន​ឯក​​ភាព​គ្នា​ដាក់​ចូល​​ទៅ​ក្នុង​ក្រប​ខ័ណ្ឌ​កំណែ​ទម្រង់​​ការ​បោះ​ឆ្នោត​ និងបាន​ឯ​កភាព​​​រៀបចំ​បង្កើត​ច្បាប់​ស្តី​ពី​ហិរញ្ញ​វត្ថុ ​របស់​គណ​បក្ស​នយោ​បាយ ។ ​ប្រធាន​បទ​នេះ ​ត្រូវបាន​គណៈ​កម្មការ​ឯក​ភាព​គ្នា​ និង​មាន​ចំណុច​​ជា​ច្រើន​​ទៀត​​ត្រូវ​​យក​ទៅ​ពិភាក្សា​​បន្ត​ទៀត​ ។ ​លោក​ ​ប​៊ិន ​ឈិន​ បាន​លើក​ឡើង​​ទៀត​ថា ​ដើម្បីឈាន​​ដល់​​សម្រេចកិច្ច​នៃ​កំណែទម្រង់​​​ការ​បោះ​ឆ្នោត​​នៅថ្ងៃអនាគត​​នោះ​ ត្រូវ​ឆ្លង​​កាត់​ពេល​វេលា​​ច្រើន​ មាន​ការ​ធ្វើ​វេទិកាសាធារណៈ​​​និង​រហូត​​ដល់​មាន​​សិក្ខា​សាលា​​ថ្នាក់ជាតិ​​សម្រាប់​ទទួល​​​មតិយោប​ល់​​ពីប្រជាជន​​​និង​អង្គ​ការ​​ជាតិ​​​-អន្តរ​ជាតិ​​ ។ ដូច្នេះ​​ដើម្បី​ឱ្យមាន​កំណែទម្រង់​​ការបោះ​ឆ្នោត​​ល្អ​នោះ​​ក្រុម​ការ​ងារ​​គណៈ​​កម្ម​​ការ នឹង​​ជួប​គ្នា​បន្ត​​ទៀត ។​ ​លោក​​សុន​​ ឆ័យ​ ក៏បាន​លើក​ឡើង​​ទៀត​ថា កំណែទម្រង់​​ការ​បោះ​ឆ្នោត​​នៅថ្ងៃ​​អនាគត​មាន​​ច្រើន​ចំណុច​​​ ដូច​ជា​យន្តការ​​នៃ​ការ​ដោះ​ស្រាយ​​វិវាទ​​​​នៃការបោះឆ្នោត​​ ក្នុង​នោះ​ក៏​​​និយាយ​ពី​មន្ត្រី​​រាជ​ការ​​កង​កម្លាំង​ប្រដាប់អាវុធ​ និង​សមត្ថ​កិច្ចផង​ដែរ ​ព្រោះ​​​​អ្នក​​ទាំង​នោះ​ត្រូ​វ​​តែអនុវត្ត​​ការ​ងារ​​របស់​ខ្លួន​​​ ត្រូវ​តែ​អព្យា​​​​ក្រឹត​​​ មិន​ត្រូវ​​យក​តួនាទី​​ទៅ​បម្រើ​នយោ​បាយ​​​​​ឬបក្ស​ណាមួយ​​នោះទេ​ ។ ជាក់ស្ដែង​​​​​​ កន្លងម​ក​មាន​មន្ត្រី​​ការ​ងារ​ខ្លះកាន់​បក្ស​នយោបាយ​បាន​យក​អំណាច​​​របស់ខ្លួន​ទៅ​គំរាមកំហែង​​​​អ្នក​ដទៃ​ ។ គណៈ​កម្ម​ការ​ចម្រុះ​​​អាច​ធ្វើអ្វីដែល​​​អាច​ធ្វើ​បាន​​ ចំពោះបញ្ហា​នយោ​បាយ​វិញ​​មាន​តែ​ថ្នាក់​ដឹក​នាំ​​​​កំពូល​​​ទេ ដែល​ដោះ​ស្រាយ​​បាន​ ហើយ​សង្ឃឹម​​ថា ថ្នាក់​ដឹកនាំ​​​កំពូល​គណបក្ស​​ទាំង​ពីរ​​​នឹង​ជួប​គ្នា​​នៅ​ពេល​ឆាប់​​ៗ​នេះ ។

លោក​ ប៊ិន​ ឈិន​ បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​ការ​ជួប​ចរចា​គ្នា​របស់​ថ្នាក់​ដឹក​នាំ​ និង​ថ្លែង​ថា​ គណ​បក្ស​ប្រជា​ជន​កម្ពុជា​ បើក​ទ្វារ​ជា​និច្ច​សម្រាប់​ការ​ចរចា​ជាមួយ​គណ​បក្ស​សង្គ្រោះ​  ជាតិ ។ យ៉ាង​ណា​ក្តី​ ទោះ​បី​ជា​សមា​ជិក​ជាប់​ឆ្នោត​អាណត្តិ​ទី​៥​នៃ​រដ្ឋ​សភា​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​មិន​ចូល​ប្រជុំ​ ក៏​រដ្ឋ​សភា​នៅ​តែ​ដំណើរ​ការ​ដដែល​ ហើយ​ការ​ចូល​ប្រជុំ​សភា​ ឬ​មិន​ចូល​ប្រជុំ​សភា​ ជា​រឿង​របស់​សមា​ជិក​ជាប់​ឆ្នោត​គណ​បក្ស​សង្គ្រោះ​ជាតិ ព្រោះ​ថា​ អ្វី​ៗ​ទាំង​អស់​ត្រូវ​តែ​កែ​តម្រូវ​នៅ​រដ្ឋ​សភា​នោះ​ទេ​ ។​ ចំពោះ​ការ​ចូល​សភា​ ឬ​មិន​ចូល​សភា​ លោក​ សុន​ ឆ័យ​ បាន​លើក​ឡើង​ថា​ គោល​ជំហរ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ នៅ​តែ​ទាម​ទារ​ដូច​អ្វី​ដែល​ថ្នាក់​ដឹក​នាំ​លើក​ឡើង​ គឺ​ទាម​ទារ​រក​យុត្តិ​ធម៌​នៃ​ការ​បោះ​ឆ្នោត​កន្លង​មក​ ក៏​ប៉ុន្តែ​ជម្រើស​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ ចូល​ប្រជុំ​សភា​ លុះ​ត្រា​តែ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ​ ។​ ការ​ធ្វើ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នេះ​ ក៏​ជា​ចំណុច​មួយ​សម្រាប់​ដោះ​ស្រាយ​បញ្ហា​នយោ​បាយ​មួយ​ចំណុច​ដែរ​ ហើយ​ក៏​ជា​ចំណុច​មួយ​ដែល​ថ្នាក់​ដឹក​នាំ​កំពូល​នឹង​ជួប​គ្នា​នោះ​ផង​ដែរ​ ។​ ដូច្នេះ​ការ​ជួប​គ្នា​នោះ​ ប្រសិន​បើ​មាន​ការ​មូល​មាត់​គ្នា​យ៉ាង​ម៉េច​នោះ​ វា​អាច​ឈាន​ដល់​យល់​ព្រម​គ្នា​ត្រង់​ចំណុច​ណា​មួយ​នោះ​ ធ្វើ​ឱ្យ​មាន​កិច្ច​ប្រជុំ​ថ្នាក់​ដឹក​នាំ​កំពូល​ផង​ដែរ​ ។​

លោក​ ប៊ិន​ ឈិន​ ថ្លែង​ទៀត​ថា​ ជំហរ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​យ៉ាង​ម៉េច​ក៏​ដោយ​ ចំពោះ​ការ​សម្បទាន​គ្នា​យ៉ាង​ម៉េច​នោះ​ អាស្រ័យ​លើ​ថ្នាក់​ដឹក​នាំ​ តែ​ចំពោះ​ការ​បោះ​ឆ្នោត​មុន​អាណត្តិ​នោះ​ ប្រហែល​ជា​មិន​អាច​ទៅ​រួច​ទេ​ ព្រោះ​ថា​ ប្រសិន​បើ​បោះ​ឆ្នោត​មុន​​អាណត្តិ​គឺ​វា​ខុស​ច្បាប់​ ។​ ការ​បង្កើត​គណៈ​កម្ម​ការ​ចម្រុះ​លើ​ការ​បោះ​ឆ្នោត​នេះ​ មិន​អាច​ធ្វើ​ការ​បោះ​ឆ្នោត​នៅ​អាណត្តិ​នេះ​បាន​ទេ​ តាម​ខ្ញុំ​ប៉ាន់​ស្មាន​នោះ​ ប្រហែល​ជា​អាណត្តិ​ក្រោយ​ ទើប​ធ្វើ​ការ​បាន​សម្រាប់​គណៈ​កម្ម​ការ​ចម្រុះ​នេះ​ ៕​