ខេត្តមណ្ឌលគិរី ៖ យ៉ាងហោចយុវជនម្នាក់ស្លាប់ និងមានអ្នករបួសធ្ងន់-ស្រាល២៣នាក់ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តហីុយ៉ាន់ដាយ មួយគ្រឿងដែលបើកឡើងចំណោតនៅចំណុចភ្នំបាយឆៅ មិនរួចរអិលថយក្រោយក្រឡាប់បោកខ្លួនទៅចិញ្ចើមផ្លូវ ចាក់អ្នកដំណើរដេកដួលរដូករណែលពេញផ្លូវ ស្ថិតក្នុងភូមិពូលូង សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៣ មីនា ។
ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកក្រុងសែនមនោរម្យ មកចោមរោមមើលពេញមន្ទីរពេទ្យបង្អែកខេត្ត ។ លោកវរសេនីយ៍ត្រី ចាន់ ទិត្យ នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តបានឱ្យដឹងថា រថយន្តដែលជួបគ្រោះថ្នាក់ជាប្រភេទរថយន្តកូរ៉េម៉ាកហីុយ៉ាន់ដាយ ចំណុះ៥តោន ពាក់ស្លាកលេខកំពង់ធំ3A-0598 ដឹកសម្ភាររោងការ និងមានអ្នករួមដំណើរសរុប២៤នាក់ មានទាំងក្រុមចុងភៅ សម្អាងការ និងអ្នករត់តុបានរងរបួសដេកដួលរដូករណែលពាសពេញផ្លូវ ។ លោកបានបន្តថា មុនពេលកើតហេតុរថយន្តខាងលើបានចេញដំណើរពីភូមិដេអេ ឃុំពូជ្រៃ ស្រុកពេជ្រាដា បន្ទាប់ពីចប់កម្មវិធីរៀបមង្គលការកូនរបស់អ្នកភូមិពួកគេនាំគ្នាជិះរថយន្តត្រឡប់ទៅផ្ទះវិញ ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើក៏ជួបគ្រោះថ្នាក់តែម្ដង ។ សាក្សីបាននិយាយថា ពេលរថយន្តដឹករោងការខាងលើធ្វើដំណើរមកដល់ចំណុចភ្នំបាយឆៅដែលជាផ្លូវឡើងចំណោតខ្ពស់គួបផ្សំរថយន្តផ្ទុកធ្ងន់ផង ទោះជាអ្នកបើកបរព្យាយាមជាន់ហ្គាររោទ៍ម៉ាសីុនយ៉ាងណាក៏ឡើងមិនរួចធ្វើឱ្យរថយន្តរអិលថយក្រោយវិញយ៉ាងលឿនជាន់ហ្វ្រាំងមិនជាប់ប៊ិះធ្លាក់ទៅក្នុងជ្រលងភ្នំខាងឆ្វេងដៃ តែត្រូវបានអ្នកបើកបរបួងចង្កូតទាន់ក៏រេធ្លាក់មកខាងស្ដាំដៃក្រឡាប់ចាក់មនុស្ស និងសម្ភាររោងការចោលរប៉ាត់រប៉ាយពេញផ្លូវ ។
លោក ចាន់ ទិត្យ បានបញ្ជាក់ថា មូលហេតុបង្កឱ្យក្រឡាប់រថយន្តនេះបណ្តាលមកពីការធ្វេសប្រហែសរបស់អ្នកបើកបរព្រោះនៅពេលដែលមកដល់ចំណុចឡើងចំណោតខ្ពស់មិនព្រមដាក់លេខឲ្យបានត្រឹមត្រូវទើបបង្កឲ្យមានគ្រោះថ្នាក់ដ៏រន្ធត់នេះឡើង ។ ក្នុងឧប្បត្តិហេតុនេះមាន អ្នករងរបួសធ្ងន់ចំនួន១៥នាក់ ក្នុងនោះស្រី២នាក់ និងរបួសស្រាល៨នាក់ស្រី២នាក់ រួមទាំងអ្នកបើកបរដែលគេចខ្លួនបាត់ ។ ចំណែកអ្នកស្លាប់ជាយុវជនម្នាក់អាយុប្រមាណជា២០ឆ្នាំ ។ ទោះជាយ៉ាងណាគេនៅមិនទាន់ស្គាល់អត្តសញ្ញាណអ្នករងគ្រោះទាំងនោះនៅឡើយទេ គ្រាន់តែដឹងថា ពួកគេទាំងអស់រស់នៅភូមិគ ឃុំគ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ លោកឧត្តមសេនីយ៍ត្រីញ៉ែម វ៉ាន់នី ស្នងការនគរបាលខេត្តបានផ្តាំផ្ញើដល់ពលរដ្ឋទាំងអស់ក្នុងខេត្តមណ្ឌលគិរី មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ព្រោះផ្លូវធ្វើដំណើរនៅក្នុងភូមិសាស្ត្រខេត្តនេះសម្បូរទៅដោយភ្នំនិងជ្រោះច្រើន ។ ជាពិសេសនៅរដូវនេះជារដូវប្រាំងរាល់ផ្លូវធ្វើដំណើរពោរពេញទៅដោយដីហុយស្ទើរមើលគ្នាមិនឃើញ ។
ដូច្នេះដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍និងស្របតាមប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ គប្បីអនុវត្តច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវទាំងអស់គ្នា ៕
ចែករំលែកព័តមាននេះ