ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​កុយពិតជាសោក​ស្តាយ​ទ្រព្យ​សម្បត្តិដែល​រកបានដោយញើស​ឈាមផ្វាល់ ​ប៉ុន្តែមិន​ប៉ះ​ពាល់​ដល់​ការសម្តែងទេ

13 ឆ្នាំ មុន

ខេត្ត​​សៀម​រាប ៖ តារា​កំប្លែង​​ដ៏​មាន​ប្រជា​ប្រិយ​ភាព​​ម្នាក់​ប្រចាំ​ព្រះ​រាជា​ណាចក្រ​កម្ពុជា គឺ​លោក​ជួង ជី ហៅ​នាយ​កុយ ដែល​បាន​ជួប​គ្រោះ​អកុសល​​ត្រូវ​ចោរ​ប្លន់​យក​គ្រឿង​អលង្ការ​អស់​ពី​ខ្លួន​មាន​តំលៃ​ជាង​៣​ម៉ឺន​ដុល្លារ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៣ មករា នោះ​បាន​ថ្លែង​ថា លោក​មាន​ការ​សោក​ស្តាយ​បំផុត​ចំពោះ​ទ្រព្យ​សម្បត្តិ​ដែល​បាន​មក​ដោយ​កម្លាំង​ញើស​ឈាម​របស់​លោក​ដែល​បាត់​បង់ ប៉ុន្តែ​ទោះ​ជា​បែប​ណា មិន​ប៉ះ​ពាល់​ដល់​អាជីព​កំប្លែង​របស់​លោក​ទេ

ខេត្ត​​សៀម​រាប ៖ តារា​កំប្លែង​​ដ៏​មាន​ប្រជា​ប្រិយ​ភាព​​ម្នាក់​ប្រចាំ​ព្រះ​រាជា​ណាចក្រ​កម្ពុជា គឺ​លោក​ជួង ជី ហៅ​នាយ​កុយ ដែល​បាន​ជួប​គ្រោះ​អកុសល​​ត្រូវ​ចោរ​ប្លន់​យក​គ្រឿង​អលង្ការ​អស់​ពី​ខ្លួន​មាន​តំលៃ​ជាង​៣​ម៉ឺន​ដុល្លារ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៣ មករា នោះ​បាន​ថ្លែង​ថា លោក​មាន​ការ​សោក​ស្តាយ​បំផុត​ចំពោះ​ទ្រព្យ​សម្បត្តិ​ដែល​បាន​មក​ដោយ​កម្លាំង​ញើស​ឈាម​របស់​លោក​ដែល​បាត់​បង់ ប៉ុន្តែ​ទោះ​ជា​បែប​ណា មិន​ប៉ះ​ពាល់​ដល់​អាជីព​កំប្លែង​របស់​លោក​ទេ។
តារា​កំប្លែង​រូប​នោះ​បាន​​និយាយ​បែប​នេះ​នៅ​ក្នុង​បទ​សំភាសន៍​ដាច់​ដោយ​ឡែក​​មួយ ​ជា​មួយ​អ្នក​យក​ព័ត៌​មាន​កោះ​សន្តិ​ភាព ​នៅ​គ្រា​ដែល​រូប​លោក​​ទៅ​សំដែង​ក្នុង​កម្ម​វិធី​មួយ ​រៀបចំ​​ឡើង​ដោយ​ក្រុម​ហ៊ុន​បារី​លុច​សារី នៅ​ឯ​ក្រុង​សៀម​រាប កាល​ពី​រាត្រី​ថ្ងៃ​ទី​១៣ មករា គឺ​នៅ​ក្រោយ​ពេល​ប៉ុន្មាន​ម៉ោង​តែ​ប៉ុណ្ណោះ​ដែល​រូប​លោក​ត្រូវ​បាន​​ចោរ​ដៃ​ឆើត​មួយ​ក្រុម​​ភ្ជង់​ប្លន់​នៅ​មុខ​យាន​ដ្ឋាន​មួយ​នា​រាជ​ធានី​ភ្នំពេញ។

​នាយ​កុយ​ មើល​ទៅ​ហាក់​ដូច​ជា​មាន​សភាព​ក្រៀម​ក្រំ​ចិត្ត​បន្តិច​មែន ប៉ុន្តែ​នៅ​លើ​ឆាក​រូប​​លោក​បាន​ប្រឹង​ប្រកាន់​ជំហរ​ដូច​ជា​ពុំ​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​រូប​លោក​សោះ ដោយ​បាន​ប្រឹង​សំដែង​ ជា​មួយ​ក្រុម​សំដែង​របស់​លោក​​អស់​ពី​ចិត្ត ធ្វើ​ឱ្យ​ទស្ស​និក​ជន​ដែល​ឈរ​យ៉ាង​កុះ​ករ​នៅ​ពី​មុខ​ឆាក​សំដែង​ ទប់​សំណើច​មិន​បាន​គ្រប់​ៗ​គ្នា ហើយ​ក៏​ពុំ​បាន​ដឹង​ថា លោក​កុយ​មាន​រឿង​គួរ​ឱ្យ​​អាសូរ​បែប​នេះ​ឡើយ។ ឆ្លើយ​ចំពោះ​សំនួរ​ដែល​សួរ​ថា តើ​អាច​មាន​ការ​ប៉ះ​ពាល់​ដល់​ការ​សំដែង​របស់​លោក​ដែរ​ឬ​យ៉ាង​ណា​ នៅ​ពេល​ដែល​​លោក​បាន​ជួប​ហេតុ​ការណ៍​អកុ​សល​ចោរ​ប្លន់​បែប​ហ្នឹង? តារា​កំប្លែង​នាយ​កុយ​បាន​ឆ្លើយ​ដោយ​ផ្តើម​នូវ​សំណើច​មួយ​ បែប​បង្ខំ​ថា “ខ្ញុំ​នៅ​តែ​មាន​ទឹក​ចិត្ត​សំដែង​ជូន​មហា​ជន​ដដែល ព្រោះ​ទ្រព្យ​សម្បត្តិ​ដែល​បាត់​បង់​ទាំង​អស់​ហ្នឹង​វា​ពិត​ណាស់​ បាន​មក​ពី​កម្លាំង​ញើស​ឈាម​របស់​​ខ្ញុំ​មែន ​ប៉ុន្តែ​វា​កើត​​ក្រោយ​ទេ មិន​អាច​ប្រដូច​ទៅ​នឹង​កិត្តិ​យស​ដែល​ខ្ញុំ​ប្រឹង​ប្រែង​តស៊ូ​ដោយ​លំបាក​ជាង​៣០​​ឆ្នាំ​មក​នេះ​ទេ ដូច្នេះ​ខ្ញុំ​មិន​បណ្តោយ​ឱ្យ​អាជីព​វា​បាត់​បង់​ងាយ​ៗ​ទៅ​បាន​ទេ។ ផ្ទុយ​ទៅ​វិញ​ខ្ញុំ​នឹង​ប្រឹង​ប្រែង​សំដែង​ឱ្យ​កាន់​តែ​ល្អ​ជាង​មុន ដូច​ឃើញ​ស្រាប់​ហើយ យប់​​នេះ​ខ្ញុំ​នៅ​តែ​ឡើង​ឆាក​សំដែង ហើយ​មហា​ជន​នៅ​តែ​គាំទ្រ​រូប​ខ្ញុំ​ដដែល”។

សូម​បញ្ជាក់​ថា តារា​កំប្លែង​រូប​នេះ​ត្រូវ​បាន​ក្រុម​ចោរ​ដែល​មាន​គ្នា​ប្រមាណ​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ម៉ាក​ហុង​ដា​ពណ៌​ខ្មៅ ប្រដាប់​ដោយ​កាំភ្លើង​ខ្លី​ធ្វើ​សកម្ម​ភាព​ភ្ជង់​ប្លន់​កាល​ពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ​ត្រង់ ​ថ្ងៃ​ទី​១៣ មករា នៅ​ក្នុង​យាន​ដ្ឋាន​ជួស​ជុល​រថយន្ត​យីហោ «សុខ ចំរើន» ស្ថិត​នៅ​តាម​ផ្លូវ​លេខ​១៨៦ សង្កាត់​ទឹក​ល្អក់​ទី​៣ ខណ្ឌ​ទួល​គោក ខណៈ​ពេល​ដែល​តារា​កំប្លែង​រូប​នេះ​​នៅ​ក្នុង​យាន​ដ្ឋាន​ដើម្បី​​មើល​ជាង​បាញ់​ថ្នាំ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់​ដាយ​របស់​​លោក​មួយ​គ្រឿង​ទៀត មុន​ពេល​លោក​ធ្វើ​ដំណើរ​​​ទៅ​សំដែង​នៅ​ខេត្ត​សៀម​រាប​តាម​ការ​អញ្ជើញ​របស់​ក្រុម​ហ៊ុន​បារី​លុច​សារី។

នាយ​កុយ​បាន​ប្រាប់​ពី​ហេតុ​ការណ៍​នោះ​ថា នៅ​ពេល​ដែល​ចោរ​ភ្ជង់​រូប​លោក​ដោយ​កាំភ្លើង​ គឺ​មាន​ការ​ភ័យ​ខ្លាំង​ណាស់ ហើយ​​លោក​បាន​ប្រាប់​ទៅ​ចោរ​ថា «កុំ​បាញ់​ចង់​យក​អ្វី​​យក​ទៅ​… សុំ​តែ​ទុក​ជីវិត​​បាន​ហើយ…»។ រួច​​លោក​ក៏​ដោះ​គ្រឿង​អលង្ការ​​មាន​នាឡិកា​ ​ខ្សែ​.ក ខ្សែ​ដៃ រួម​ទាំង​​ចិញ្ចៀន​២​វង់​មាន​ដាំ​ពេជ្រ​ទៅ​ឱ្យ​ក្រុម​ចោរ​ទាំង​អស់ ហើយ​ពួក​វា​ក៏​គេច​ខ្លួន​បាត់​ទៅ។ លោក​​កុយ​បញ្ជាក់​ថា «ទ្រព្យ​សម្បត្តិ​ដែល​ក្រុម​ចោរ​ប្លន់​ទៅ​​ដោយ​សុវត្ថិ​ភាព​នោះ​ បើ​សរុប​ជា​ទឹក​ប្រាក់​មាន​ចំនួន​ជាង​៣​ម៉ឺន​ដុល្លារ​អាមេរិក​ ដែល​វា​បាន​មក​ពី​ការ​សន្សំ​ដោយ​កម្លាំង​ញើស​ឈាម​របស់​ខ្ញុំ​ផ្ទាល់ គ្មាន​អំពើ​កេង​​ប្រវ័ញ្ចបង​ប្អូន​ណា​ម្នាក់​ទេ ខ្ញុំ​ស្តាយ​ណាស់​ តែ​អាយុ​ជីវិត​វា​សំខាន់​ជាង​អ្វី​ៗ​ទាំង​អស់»។ ស្ថិត​នៅ​ក្នុង​សភាព​ក្រៀម​​ក្រំ តារា​កំប្លែង​រូប​នេះ​បន្ត​ថា «ទង្វើ​របស់​ក្រុម​លោក​ចោរ​វា​ជ្រុល​ពេកហើយ​ ដែល​ប្លន់​មិន​រើស​មុខ សូម្បី​តែ​រូប​ខ្ញុំ​ជា​សិល្ប​ករ​​ធ្លាប់​បំរើ​មហា​ជន​ឱ្យ​មាន​អារម្មណ៍​សើច​ក្អាក​ក្អាយ​អស់​រយៈ​ពេល​ច្រើន​​ឆ្នាំ​មក​ហើយ​ក៏​​វា​ពុំ​មាន​ការ​លើក​លែង។ ក្នុង​ជីវិត​របស់​ខ្ញុំ​នេះ​បាន​សាង​កុសល​ច្រើន​ណាស់ គឺ​ខ្ញុំ​តែង​តែ​អាណិត​អាសូរ និង​ជួយ​ឧបត្ថម្ភ​ចំពោះ​ជន​ក្រីក្រ​ ចុះ​ហេតុ​អ្វី​ហេតុ​ការណ៍​អកុ​សល​នេះ​ធ្លាក់​មក​លើ​រូប​ខ្ញុំ​ទៅ​វិញ? អស់​លោក​ចោរ​អើយ​… ល្មម​ចេះ​ភ្ញាក់​ខ្លួន​ឈប់​ដើរ​ផ្លូវ​ខុស ងាក​មក​សាង​អំពើ​ល្អ​នឹង​គេ​វិញ​ទៅ​ដើម្បី​សន្សំ​កុសល​សំរាប់​ថ្ងៃ​ក្រោយ»៕