រាជធានីភ្នំពេញ ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានចេញសេចក្ដីប្រកាសព័ត៌មានមួយ កាលពីថ្ងៃទី១ មីនា ថាសហភាពសហព័ន្ធយុវជនកម្ពុជារៀបចំពិធីសែនក្រុងពាលីនាថ្ងៃទី៣ មីនា វេលាម៉ោង៨ព្រឹកនៅក្នុងបរិវេណលានជល់ដំរី ក្រុងសៀមរាប ខេត្ដសៀមរាប ក្នុងគោលបំណងបួងសួងសុំសេចក្ដីសុខ សម្រាប់ព្រឹត្ដិការណ៍«អង្គរសង្ក្រាន្ដ ព.ស ២៥៥៧-២៥៥៨ គ.ស ២០១៤» ដើម្បីចូលរួមអបអរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ។
ដើម្បីឱ្យពិធីនេះមានភាពអធិកអធម និងដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់យុវជនមហាជនទូទៅ ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ចំពោះព្រឹត្ដិការណ៍«អង្គរសង្ក្រាន្ដ ព.ស ២៥៥៧-២៥៥៨ គ.ស ២០១៤» ដែលនឹងប្រព្រឹត្ដទៅចាប់ពីថ្ងៃទី១៣ដល់១៦ មេសា ឆ្នាំ២០១៤ខាងមុខនេះ សហភាពសហព័ន្ធយុវជនកម្ពុជា សូមគោរពអញ្ជើញអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ ចូលរួមយកព័ត៌មាន និងផ្ដិតយករូបភាពនៃពិធីនេះតាមការគួរ ។
គួរបញ្ជាក់ថា ព្រឹត្ដិការណ៍ «អង្គរសង្ក្រាន្ដ» ត្រូវបានរៀបចំឡើងដោយសហភាពសហព័ន្ធ យុវជនកម្ពុជា ក្នុងគោលបំណងផ្ដល់ឱកាសឱ្យយុវជន និងសាធារណជនខ្មែរទូទៅបានចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ ក្រោមស្មារតីសុខដុម សប្បាយរីករាយ ស្មារតីខ្មែរតែមួយ អនាគតតែមួយ និងដើម្បីផ្ដល់ឱកាសឱ្យយុវជនខ្មែរជំនាន់ក្រោយបានស្វែងយល់នូវភាពរុងរឿង ល្បីល្បាញនៃព្រះរាជាណាចក្រកម្ពុជា តាំងពីសម័យមហានគររហូតមកដល់បច្ចុប្បន្ន និងឈានទៅបន្ដថែរក្សាកេរមរតកនេះឱ្យបានគង់វង្សទៅអនាគត ។
ព្រឹត្ដិការណ៍នេះ ក៏នឹងផ្ដល់ឱកាសឱ្យព្រះរាជាណាចក្រកម្ពុជា បានលើកតម្កើងនូវអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីដ៏ផូរផង់របស់ខ្លួនឱ្យភ្ញៀវទេសចរជាតិ និងអន្ដរជាតិ បានស្វែងយល់ និងបន្ដពង្រីកនូវកិត្យានុភាពនេះលើឆាកអន្ដរជាតិទៀតផង ៕
ចែករំលែកព័តមាននេះ