រាជធានីភ្នំពេញ ៖ សុីកាជាក្រុមហ៊ុនធំមួយដែលធ្វើការផ្គត់ផ្គង់ផលិតផលច្រើនប្រភេទលើផ្នែកសំណង់ នៅកម្ពុជា ។ កាលពីព្រឹកថ្ងៃទី២៨ កុម្ភៈ ក្រុមហ៊ុនស៊ីកា បានធ្វើសិក្ខាសាលាបង្ហាញផលិតផលថ្មីរបស់ខ្លួន២ប្រភេទបន្ថែមទៀត ដែលបាននាំចូលមកពីប្រទេសស្វ៊ីស ។ ពិធីនេះបានធ្វើឡើងនៅសណ្ឋាគារអុីមផឺរៀល ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីលោក សុិន ឌីណា អគ្គនាយកក្រុមហ៊ុនសុីកា ខេមបូឌា អិលធីឌី និងមានការអញ្ជើញចូលរួមពីតំណាងក្រុមហ៊ុនសំណង់ និងម្ចាស់ដេប៉ូចែកចាយផលិតផលក្រុមហ៊ុនជាច្រើនទៀត ។
លោក ស៊ិន ឌីណា អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនស៊ីកា មានប្រសាសន៍ថា សម្រាប់ការធ្វើសិក្ខាសាលានៅពេលនេះ គឺលោកចង់បង្ហាញផលិតផលថ្មីពីរប្រភេទដែលទើបនាំចូលមកពីប្រទេសស្វ៊ីស គឺម៉ាក Sikasil CAP និង Sikasil G8 ដើម្បីឱ្យដៃគូពាណិជ្ជកម្មរបស់យើងដូចជាក្រុមហ៊ុនសំណង់ និងដៃគូចែកចាយរបស់ក្រុមហ៊ុន បានយល់ពីផលិតផលស៊ីកា ដែលបាននិងកំពុងចរាចរណ៍នៅលើទីផ្សារ និងពន្យល់ពីបច្ចេកទេសប្រើប្រាស់របស់ផលិតផលឱ្យត្រូវទៅនឹងបច្ចេកទេសនិងតម្រូវការនៃសំណង់ ។
លោកបន្តថា ក្រុមហ៊ុនសុីកា បានចាប់ផ្តើមលក់ផលិតផលរបស់ខ្លួននៅក្នុងស្រុកខ្មែរតាំងពីចុងឆ្នាំ២០០២ មកម្លេ៉ះ ។ ក្រោយមកក្រុមហ៊ុនបានពង្រឹងការចែកចាយផលិតផលនៅលើទីផ្សារនៅគ្រប់២៤ខេត្ត-រាជធានី ដែលក្នុងនោះក្រុមហ៊ុនបានបែងចែកចំណែកទីផ្សាររបស់ខ្លួនជា៧ផ្នែកផងដែរ ដូចជា ទី១-ទីផ្សារគោលដៅបេតុង ទី២-ទីផ្សារគោលដៅផ្នែកដំបូល ទី៣-ទីផ្សារគោលដៅផ្នែកកម្រាល ទី៤-ទីផ្សារគោលដៅផ្នែកកាវសម្រាប់បិទនិងភ្ជាប់ ទី៥-ទីផ្សារគោលដៅផ្នែកជួសជុល ទី៦-ទីផ្សារគោលដៅផ្នែកការពារការជ្រាបទឹក និងទី៧-ទីផ្សារគោលដៅផ្នែកឧស្សាហកម្ម ។ នៅក្នុងទីផ្សារគោលដៅទាំង៧ចំណុចនេះ ក្រុមហ៊ុនទទួលបានចំណែកទីផ្សារប្រមាណ៤០ភាគរយក្នុងការប្រកួតប្រជែង។ ដោយឡែក នៅក្នុងមួយឆ្នាំក្រុមហ៊ុនស៊ីកា បានលក់ទឹកថ្នាំប្រមាណជិត១លានលីត្រក្នុងការផ្គត់ផ្គង់លើផ្នែកសំណង់ដែលជាដៃគូពាណិជ្ជកម្មកន្លងមក ។
លោកបញ្ជាក់ថា កាលពីឆ្នាំ២០១៣ កន្លងមក ដោយសារវិស័យសំណង់នៅកម្ពុជាមានការកើនឡើង ធ្វើឱ្យការលក់និងចែកចាយផលិតផលរបស់ក្រុមហ៊ុន បើធៀបទៅនឹងឆ្នាំ២០១២ ក្រុមហ៊ុនទទួលបានកំណើនពីការលក់ប្រមាណ ៤៥% ។ មកដល់ពេលនេះ ទីផ្សារគោលដៅដែលបាននិងកំពុងតែទទួលបានការពេញនិយមពីអតិថិជនខ្លាំង មាន៤ប្រភេទគឺ ទី១-ទីផ្សារបេតុង ទី២-ទីផ្សារការពារការជ្រាបទឹក ទី៣-ទីផ្សារផ្នែកជួសជុល ទី៤-ទីផ្សារផ្នែកដំបូល និងពេលថ្មីៗនេះ ក្រុមហ៊ុនបាននិងកំពុងវាយលុកលើទីផ្សារផ្នែកកម្រាល និងផ្នែកឧស្សាហកម្ម ។ល។ ចំពោះឆ្នាំនេះ ក្រុមហ៊ុនបានសហការជាមួយក្រុមហ៊ុនសាងសង់ចំនួនប្រមាណ៣៥០ក្រុមហ៊ុន និងមានអ្នកចែកចាយនៅក្រុងភ្នំពេញចំនួន២៥ទីតាំង និងនៅខេត្តសៀមរាបចំនួន១៥ទីតាំង រួមទាំងនៅតាមបណ្តាខេត្តមួយចំនួនផ្សេងទៀត ។
នៅថ្ងៃខាងមុខ ឬនៅពេលសមាហរណកម្មសេដ្ឋកិច្ចអាស៊ានមកដល់ ក្រុមហ៊ុនស៊ីកាគ្រោងនឹងបង្កើតរោងចក្រផលិតនូវផលិតផលដើម្បីផ្គត់ផ្គង់នៅកម្ពុជា ។ នៅក្នុងនោះសាខាចំនួន៧៤នៅលើពិភពលោកក៏បានធ្វើ ផលិត និងផ្គត់ផ្គង់សម្រាប់ប្រទេសរៀងៗខ្លួនរួចហើយផងដែរ ។ ប៉ុន្តែក្រុមហ៊ុនសុីកានៅកម្ពុជាក្រៅពីការនាំចូលផលិតផលមកពីប្រទេសស្វ៊ីសហើយនោះ ក្រុមហ៊ុននៅមានការនាំចូលផលិតផលមកពីសាខាផ្សេងទៀតដូចជា ប្រទេសជប៉ុន ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី អុីតាលី វៀតណាម និងប្រទេសអាល្លឺម៉ង់ ផងដែរ ៕
ចែករំលែកព័តមាននេះ