រាជធានីភ្នំពេញ៖ ទីបំផុតទៅខ្សែភាពយន្តរឿង ” កង្វះរូបភាព ” ដែលជាស្នាដៃរបស់ផលិតករ រិទ្ឋី ប៉ាន់ មិនបានទទួលពានរង្វាន់អូស្ការ នៅក្នុងការប្រកួតប្រជែងនៅទីក្រុង Los Angeles សហរដ្ឋអាមេរិក នោះឡើយ តែទទួលបានការកោតសរសើរ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពដែលបានទៅតាមដានពីការប្រកាសលទ្ឋផលជ័យលាភី ដោយមានការផ្សាយផ្ទាល់ពីសហរដ្ឋអេមេរិក នៅមជ្ឈមណ្ឌលបូផាណា ក្នុងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី០៣ មីនា ២០១៤ បានឲ្យដឹងដែរថា បើទោះបីខ្សែភាពយន្តខ្មែររឿង ” កង្វះរូបភាព “ មិនទទួលបានពានរង្វាន់អូស្ការក៏ពិតមែន ប៉ុន្តែក៏បានទទួលការកោតសរសើរពីគណៈកម្មការផ្តល់ពិន្ទុ ក៏ដូចជាផលិតករបរទេសជាច្រើនទៀត ដែលបានដាក់ខ្សែភាពយន្តរបស់ខ្លួនចូលរួមប្រកួតប្រជែងនៅទីក្រុង Los Angelesនេះ ។
សេចក្តីរាយការណ៏ក៏បានបញ្ជាក់ឲ្យដឹងទៀតថា ខ្សែភាពយន្តដែលទទួលបានជ័យលាភីពានរង្វាន់អូស្ការដែលបានប្រកាសនៅព្រឹកថ្ងៃចន្ទនេះ គឺបានទៅខ្សែភាពយន្តរឿង ” The Great Beauty ” របស់ប្រទេសអ៊ីតាលី ។
គួរបញ្ជាក់ផងដែរថា ខ្សែភាពយន្តខ្មែររឿង ” កង្វះរូបភាព ” គឺជាខ្សែភាពយន្តដែលនិយាយពីរបបខ្មែរក្រហម និង ភ្ជាប់រឿងរ៉ាវពិតរបស់ផលិតករ រិទ្ឋី ប៉ាន់ ត្រូវបានជ្រើសរើសក្នុងផ្នែកភាពយន្តនិយាយភាសាបរទេសល្អបំផុតជាមួយខ្សែភាពយន្ត៤ផ្សេងទៀត មកពីប្រទេសអ៊ីតាលី ប៉ាឡេស្ទីន ប៊ែលហ្ស៊ិក និង ប្រទេសដាណឺម៉ាក ៕
ចែករំលែកព័តមាននេះ