ខេត្តបន្ទាយមានជ័យ ៖ ចៅអធិការវត្តមួយនៅក្រុងប៉ោយប៉ែតដែលកន្លងមករងការិះគន់ជុំទិសហើយត្រូវគេបង្ហោះតាមបណ្តាញសង្គមព្រោងព្រៀតករណីសង្ស័យលួចចេញក្រៅវត្ត និងឱបស្រីឆាន់ចំណីអាហារនោះបន្ទាប់ពីបាត់មុខមួយរយៈបែរជាគេឃើញមានវត្តមានក្នុងពិធីចែកអំណោយរបស់ចលនាយុវជនកម្ពុជាក្រុម157ជូនជនក្រីក្រចាស់ជរា និងពិការ300គ្រួសារក្នុងវត្តពោធិសុវណ្ណសិលារាមនៅភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ព្រឹកថ្ងៃទី23 ខែសីហា ឆ្នាំ2019 ហើយមានប្រភពថា ភិក្ខុអង្គនេះគង់នៅជាអធិការវត្តពោធិសុវណ្ណសិលារាមដូចដើម ។ ចៅអធិការដែលរងការិះគន់ខាងលើព្រះនាម តឿ ប៊ុនធឿន ។
កន្លងមកមានរូបភាពចៅអធិការវត្តខាងលើបែកធ្លាយស្លៀកពាក់ស៊ីវិលពាក់មួកអង្គុយញ៉ាំចំណីអាហាជាមួយស្រីក្មេង និងអតីតចៅអធិការវត្តទួលល័ក្ខណ៌រស្មីទួលពង្រដែលទទួលស្គាល់ការពិតហើយសុំទៅផ្សឹកខ្លួនឯងនៅស្រុកកំណើតឯខេត្តពោធិសាត់ ។ យ៉ាងណាពេលសាកសួរតាមទូរស័ព្ទដំបូងចៅអធិកាវត្តអង្គនេះបដិសេធថាជារឿងមិនពិត ។
ក្រោយផ្ទុះរឿងអាស្រូវកាលពីរសៀលថ្ងៃទី1 ខែឧសភា ឆ្នាំ2019 មានជំនួបប្រជុំមួយរវៀងព្រះមេគុណខេត្ត/ប្រធានមន្ទីរធម្មការ និងសាសនា និងមានការចូលរួមពីព្រះអនុគណក្រុងប៉ោយប៉ែតនៅមន្ទីរធម្មការ និងសាសនាខេត្តដើម្បីដោះស្រាយបញ្ហាប្រឈមព្រះពុទ្ធសាសនាវត្តពោធិសុវណ្ណសិលារាមហៅវត្តអណ្តូងថ្មមាសដែលជំនួបប្រជុំនាពេលនោះក៏មានប្រភពថា ចៅអធិការវត្តខាងលើក៏មានវត្តមាន និងចង់សុំចូលទ្រនំវិញ ។
ក្រោយជំនួបប្រជុំនោះលោក យ៉ិន យឿន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តប្រាប់តាមទូរស័ព្ទថាពិជាមានជំនួបរកដំណោះស្រាយមែនប៉ុន្តែលោកបញ្ជាក់ថាមិនអនុញ្ញាតឲ្យភិក្ខុ តឿ ប៊ុនធឿន ឡើយបើទៅគង់នៅវត្តណាបានក្រៅពីក្នុងខេត្តបន្ទាយមានជ័យ ។
យោងតាមឯកសាររបស់ព្រះគ្រូ ប៉ុក ចំរើន អនុគណក្រុងប៉ោយប៉ែតលើកឡើងថា ក្រោយពីមានគេបង្ហោះរូបភាពរបស់ភិក្ខុ តឿ ប៊ុនធឿន ស្លៀកពាក់ខោអាវមានឱបស្រីស្នេហ៌ផងនោះពេលបានលេចឮរឿងរួចភិក្ខុ តឿ ប៊ុនធឿន បានសុំលាលែងពីតួនាទីជាមន្ត្រីសង្ឃហើយបានផ្ទេរសិទ្ធចៅអធិការប្រគេនគ្រូសូត្រស្តាំដោយប្រាប់ថា ទៅព្យាបាលជម្ងឺមួយរយៈ ។
ហើយព្រះអនុគណលើកឡើងបន្តថា ពេលរឿងកើតឡើងព្រះអង្គមិនបាននៅក្រុងប៉ោយប៉ែតទេមានតែសាម៉ីខ្លួន(តឿ ប៊ុនធឿន)ទើបបានដឹងថា បានធ្វើទោសដល់កម្រិតណា ។ ករណីនេះចៅអធិកាវត្តជាប់សង្ស័យបានឆ្លើយបំភ្លឺនៅបញ្ហាដែលបានកើតឡើងថា នៅរាល់បញ្ហាទាំងអស់នោះ«កូណាអាចទទួលយកបានខ្លះនិងមិនអាចទទួលយកបានខ្លះហើយកូណាមិនបានប្រព្រឹត្តសេពមេធុណធម្មទេគ្រាន់តែស្លៀកពាក់ខោអាវចូលរួមកម្មវិធីតែប៉ុណ្ណោះទេ»។
បើនិយាយពីប្រធានមន្ទីរធម្មការ និងសាសនាលោក យ៉ិន យឿន ដំបូងថាសង្ឃខាងលើសារភាពនៅកំហុស និងឲ្យមន្ត្រីធម្មកា និងសាសនាក៏ដូចជាព្រះអនុគណក្រុងប៉ោយប៉ែតផ្សឹកចៅអធិការវត្តខាងលើហើយ ។ លុះក្រោយមកក៏បែកធ្លាយថា ចៅអធិការវត្តនេះមិនទាន់សឹកទេហើយប្រុងសុំចូលទ្រនំវិញ ។
លោកប្រធានមន្ទីរក៏អះអាងតាមទូរស័ព្ទថា មិនអនុញ្ញាតទេដោយលើកឡើងថា ទៅគង់នៅវត្តណាក៏បានលើកលែងតែវត្តក្នុងខេត្តបន្ទាយមានជ័យហើយកន្លងទៅថ្មីៗនេះនៅពេលដែលលេចឮថា ចៅអធិកាខាងលើវិលចូលវត្តវិញភ្នាក់ងារ កោះសន្តិភាព បានទាក់ទងសុំកាបំភ្លឺទៀតតែលោកប្រធានមន្ទីរបដិសេធមិនធ្វើអត្ថាធិប្បាយឡើយដោយប្រាប់ថាលោកកំពុងជាប់រវល់បើកបររថយន្ត ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ