ប្រភពព័ត៌មានបរទេសនាពេលថ្មីៗនេះបានឱ្យដឹងថា បុរសម្នាក់ឈ្មោះ Richard Hudgins រស់នៅក្នុងរដ្ឋ Kentucky នៃសហរដ្ឋអាមេរិក បានបំពេញបេសកកម្មមួយ ពោលគឺគាត់មានគំរោងដើរអត់ពាក់ស្បែកជើងក្នុងរយៈពេលមួយឆ្នាំ ដើម្បីចូលរួមកម្មវិធីសប្បុរសធម៌រៃអង្គាសថវិកាយកទៅទិញស្បែកជើងឱ្យកុមារដែលមានជីវភាពក្រីក្រ ។
សកម្មភាពរបស់លោក Hudgins ពិតជាទទួលបានការកោតសរសើរ និងអាចរកបានថវិកាជាច្រើនពីសំណាក់មហាជននៅពេលដែលគេបានទទួលព័ត៌មានមួយនេះ ព្រោះកម្រនឹងមានមនុស្សដែលលះបង់សេចក្តីសុខផ្ទាល់ខ្លួន ដោយដើរជើងទទេក្នុងរយៈពេលមួយឆ្នាំ ។
លោក Hudgins បាននិយាយរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា «ចំពោះបេសកកម្មដើរអត់ពាក់ស្បែកជើងនេះ គាត់ត្រូវចំណាយរយៈពេល១ឆ្នាំពេញ ។ គាត់បានចាប់ផ្តើមបំពេញបេសកកម្មជាលើកដំបូង គឺនៅក្នុងអំឡុងខែធ្នូ បើរាប់មកដល់ពេលនេះ មានរយៈពេលជិត៣ខែហើយ ។ គាត់ត្រូវដើរដោយជើងទទេគ្រប់ពេលវេលា ទោះបីជាស្ថិតនៅទីកន្លែងណាក៏ដោយ ដូច្នេះវាមិនមែនជារឿងងាយស្រួលទេ សម្រាប់រូបគាត់ ។ កាលពីចាប់ផ្តើមដំបូង គាត់គិតថា ប្រហែលជាមិនអាចបំពេញបេសកកម្មមួយនេះបានសម្រេចឡើយ ដោយសារតែអាកាសធាតុមានព្រិលធ្លាក់ខ្លាំងផង ធ្វើឱ្យគាត់ស្ទើរតែសន្លប់ម្តងៗទៅហើយ។ តែក្រោយពីឃើញការលំបាកខ្លាំងរបស់កុមារនៅប្រទេសកេនយ៉ា គឺពួកគេគ្មានស្បែកជើងពាក់ ដើរតែជើងទទេដែលជាហេតុនាំឱ្យកើតជំងឺផ្សេងៗថែមទៀតនោះ ទើបធ្វើឱ្យគាត់ជំនះរាល់ការលំបាក និងលះបង់សេចក្តីសុខផ្ទាល់ខ្លួន ដើម្បីជួយដល់កុមារទាំងអស់នោះ» ។
លោក Hudgins បាននិយាយបន្ថែមទៀតថា «ក្នុងរយៈពេលជាង៣ខែនេះ គាត់បានទទួលថវិកាចំនួន២៥.០០០ដុល្លារ ហើយបានទិញស្បែកជើងទៅចែកជូនដល់កុមារដែលគ្មានស្បែកជើងពាក់ចំនួន៨០០នាក់ នៅក្នុងប្រទេសកេនយ៉ា ។ គោលបំណងរបស់គាត់ គឺចង់រកប្រាក់ឱ្យបានច្រើនជាងនេះទៅទៀត ដើម្បីយកទៅទិញស្បែកជើងជួយដល់កុមារនៅឯប្រទេសក្រីក្រមួយចំនួនទៀត នៅលើពិភពលោក មិនមែនតែនៅក្នុងប្រទេសកេនយ៉ានោះទេ ពីព្រោះបើតាមការស្រាវជ្រាវមានកុមារជាង៣០០លាននាក់លើពិភពលោកដែលគ្មានស្បែកជើងពាក់។ បញ្ហានេះហើយ ទើបធ្វើឱ្យកុមារទាំងនោះ បានឆ្លងមេរោគផ្សេងៗ ដោយសារតែការដើរជើងទទេនោះ ។ ឥឡូវនេះ គាត់សប្បាយចិត្តណាស់ ដោយសារតែគាត់អាចឃើញស្នាមញញឹមរបស់កុមារទាំងអស់នោះ ព្រោះថា ស្បែកមួយគូរសោះ តែពួកគេហាក់មានអារម្មណ៍រំភើបរកអ្វីប្រៀបផ្ទឹមពុំបាន ។ នេះសបញ្ជាក់ឱ្យឃើញថា ពួកគេចង់បានស្បែកជើងណាស់ មិនមែនពេញចិត្តក្នុងការដើរជើងទទេនោះឡើយ ។ លោក Hudgins បានបញ្ជាក់ថា ពេលគាត់បំពេញបេសកកម្មមួយនេះចប់ គាត់មានគំរោងបន្តស្វែងរកថវិកាចូលរួមក្នុងកម្មវិធីសប្បុរធម៌បន្តទៀត ដើម្បីជួយដល់កុមារ ចាស់ជរា និងប្រជាជនក្រីក្រនៅលើពិភពលោក» ៕
ចែករំលែកព័តមាននេះ