រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនស្យាមគូបូតា ខបភើរេសិន ខូអិលធីឌី បានពង្រីកអាជីវកម្មរបស់ខ្លួន ដោយបើកក្រុមហ៊ុនថ្មី បន្ថែមចំនួនពីរទៀត នៅកម្ពុជា និងឡាវ ក្នុងនោះភាគហ៊ុន១០០% ក្នុងក្រុមហ៊ុនទាំងពីរនេះ ស្យាមគូបូតា កំពុងពង្រីកអាជីវកម្មរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិ មុនការមកដល់នៃសមាគមសេដ្ឋកិច្ចអាស៊ានដោយរំពឹងទុកថា នឹងទទួលបានបរិមាណលក់បន្ថែមនៅក្នុងប្រទេសទាំងពីរចំនួន៧ពាន់លានបាតត្រឹមឆ្នាំ២០១៥ ។
លោក Hiroshi Kawakami អគ្គនាយកជាន់ខ្ពស់នៃក្រុមហ៊ុនស្យាមគូបូតា ខបភើរេសិន បានមានប្រសាសន៍ថា ឆ្នាំនេះ ក្រុមហ៊ុនរបស់យើងបង្កើតក្រុមហ៊ុននៅតំបន់អាស៊ានដោយចំណាយទុនវិនិយោគច្រើនជាង៦៨លានបាត ហើយក្រុមហ៊ុនទាំងពីរនេះ គឺក្រុមហ៊ុនគូបូតា ខេមបូឌា ខូអិលធីឌី នៅព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចំណាយទុនវិនិយោគប្រមាណ៣៨លានបាត និងក្រុមហ៊ុនគូបូតា Lao Sole Co.,Ltd នៅសាធារណរដ្ឋប្រជាមានិតឡាវប្រើទុនវិនិយោគប្រមាណ៣០លានបាត ដើម្បីត្រៀមខ្លួនសម្រាប់ការបង្កើតសមាគមសេដ្ឋកិច្ចអាស៊ាន និងការពង្រីកអាជីវកម្មគ្រឿងចក្រកសិកម្មនៅក្នុងតំបន់ ។
លោកបន្តថា ក្រុមហ៊ុនទាំងពីរមានភារកិច្ចទទួលខុសត្រូវលើផ្នែកទីផ្សារ និងសេវាកម្មក្រោយពេលលក់ សម្រាប់ប្រជាជនក្នុងប្រទេសកម្ពុជា និងឡាវ ហើយស្យាមគូបូតាបានបញ្ជូនគណៈគ្រប់គ្រងជាន់ខ្ពស់ជនជាតិថៃ ដើម្បីត្រួតពិនិត្យ និងគ្រប់គ្រងប្រតិបត្តិការអន្តរជាតិ ដើម្បីធានាថា អាជីវកម្មនឹងដំណើរការទៅតាមទិសដៅដែលបានកំណត់ ។ មិនតែប៉ុណ្ណោះក្រុមហ៊ុនក៏បានជ្រើសរើសប្រជាជនមូលដ្ឋានដើម្បីបំពេញការងារក្នុងក្រុមហ៊ុនថ្មីផងដែរ ។
ចែករំលែកព័តមាននេះ