ខេត្តពោធិ៍សាត់ ៖ ស្ត្រីមេម៉ាយចំណាស់គ្មានកូន គ្មានបងប្អូន រស់នៅឯកាលើដីចំណីផ្លូវក្នុងខ្ទមទុរគតម្នាក់ បានត្រូវលោកភូ ស៊ីណូ មេភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ យកចិត្តទុកដាក់សង់កូនផ្ទះឱ្យរស់នៅ ដោយសារតែជម្រករបស់គាត់រលំបាក់លិចធ្លុះធ្លាយមិនអាចស្នាក់នៅបាន ។
ស្ត្រីទុរគតបានរៀបរាប់ថា គាត់ឈ្មោះហេង ឡាំហ៊ុំ អាយុ៦០ឆ្នាំ ប្តីរបស់គាត់បានស្លាប់កាលពីឆ្នាំ១៩៧៣ ឯកូនប្រុស៤នាក់ស្លាប់ក្នុងរបបប៉ុលពតដោយសារអត់អាហារ ។ ចំណែកបងប្អូនរបស់គាត់ក៏ស្លាប់ក្នុងរបបបុ៉លពតអស់ដែរ សល់តែប្អូនស្រីម្នាក់មេម៉ាយដូចគ្នា សព្វថ្ងៃរស់នៅភូមិចំការចេកខាងជើង ស្ថិតក្នុងជីវភាពក្រីក្រលំបាកគ្មានអី្វីទីពឹងនោះទេ ។ ស្ត្រីចំណាស់រូបនេះបន្តថា សព្វថ្ងៃគាត់មានកម្លាំងចុះខ្សោយមួយថ្ងៃកាត់មួយថ្ងៃកោ រស់នៅឯកាម្នាក់ឯងក្នុងខ្ទមលិចធ្លុះធ្លាយលើដីចំណីផ្លូវខាងក្រោយជាប់របងស្នងការដ្ឋាននគរបាលខេត្ត ដោយជួយលក់បន្លែឱ្យគេមួយថ្ងៃបានប្រាក់ពី២.០០០ទៅ៣.០០០រៀលគ្រាន់ទិញអង្ករហូប និងបានអ្នកជិតខាងជួយផ្តល់បាយសម្លម្តងម្កាលដើម្បីរស់កំដរជីវិតទម្រាំដល់ថ្ងៃស្លាប់ ។
លោកភូ ស៊ីណូ មេភូមិចម្ការចេកខាងជើងបានប្រាប់កោះសន្តិភាពថា ដោយឃើញខ្ទមរបស់គាត់ពុកផុយរលំបាក់នោះ ទើបនៅថ្ងៃទី១ មីនា លោកបានដឹកនាំចលនាកម្លាំងប្រជាការពាររុះរើចេញ ហើយរុះរើរោងម៉ាស៊ីនភ្លើងរបស់លោកដែលទុកចោលយកឈើ និងស័ង្កសីមកសង់ជាកូនផ្ទះតូចមួយឱ្យគាត់រស់នៅ ។
ក្នុងការសង់កូនផ្ទះនេះ ក៏មានការជួយឧបត្ថម្ភថវិកាពីលោកសៅ ម៉ុង ចៅសង្កាត់ផ្ទះព្រៃចំនួន១០ម៉ឺនរៀល លោកហួត ម៉េងហុង អាជីវករលក់ទឹកអាស៊ីតផ្សារពោធិ៍សាត់១០ម៉ឺនរៀល លោកហ៊ួរ លុច រោងម៉ាស៊ីនកិនស្រូវឃុំត្រពាំងជង ស្រុកបាកាន ១០ម៉ឺនរៀល និងលោកលី ឆយ អាជីវករផ្សារព្រែកព្នៅ ១០ម៉ឺនរៀលផងដែរ ។
ចែករំលែកព័តមាននេះ