រាជធានីភ្នំពេញ ៖ ក្រោមគំនិតផ្តួចផ្តើមរបស់លោកប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សាលារាជធានីភ្នំពេញបានធ្វើបុណ្យផ្កាសាមគ្គីមួយ ដើម្បីប្រមូលបច្ច័យយកទៅជួយកសាងបណ្ណាល័យ១ខ្នង នៅវិទ្យាល័យ ជា ស៊ីមសាមគ្គី, ចូលរួមសាងសង់ពុទ្ធិកៈវិទ្យាល័យសម្តេចអគ្គមហាសង្ឃរាជាធិបតីទេព វង្ស នៅក្បែរវត្តនិរោធ ក្នុងសង្កាត់និរោធ ខណ្ឌមានជ័យ និងសាងសង់អគារសិក្សានៅសាលាបឋមសិក្សាបឹងឈូកក្នុងខណ្ឌប្ញស្សីកែវ ។
បុណ្យផ្កានេះ ធ្វើស្របគ្នាជាមួយកម្មវិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលបន្ថែមមួយអគារទៀតរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ ដែលធ្វើឡើងមុន និងក្រោយគ្នាតែបន្តិចបន្តួចប៉ុណ្ណោះ កាលពីរសៀលថ្ងៃទី១ មីនា ២០១៤ នៅក្នុងបរិវេណសាលារាជធានីភ្នំពេញ ។
ចំពោះបច្ច័យដែលប្រមូលបានពីបុណ្យផ្កាសាមគ្គីនេះ មានចំនួន១៥៥.១៦៦ដុល្លារសហរដ្ឋអាមេរិក ប្រាក់រៀល១០៣លាន និងស៊ីម៉ង់ត៍២០តោន បើសរុបជារួមប្រមាណជាង១៨ម៉ឺនដុល្លារ ឬប្រហែលជិត២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ។
ពិធីទាំងពីរខាងលើនេះ ធ្វើឡើងតាមបែបព្រះពុទ្ធសាសនា ស្ថិតក្នុងអធិបតីភាពលោកប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវជាភរិយា លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងពេលនោះគេឃើញមានវត្តមានពីសម្តេចចៅហ្វាវាំង គង់ សំអុល និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងចូលរួម និងមន្ត្រីក្រោមឱវាទសាលារាជធានីភ្នំពេញយ៉ាងច្រើនកុះករ ។
ពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលសាលារាជធានីភ្នំពេញ បានធ្វើមុន ដើម្បីសុំសេចក្តីសុខសេចក្តីចំរើនពី ម្ចាស់ទឹកម្ចាស់ដី និងសុំឱ្យដំណើរការសាងសង់អគារនេះ ប្រព្រឹត្តបានដោយជោគជ័យ ហើយបន្ទាប់មកធ្វើពិធីបុណ្យផ្កាភ្ជាប់គ្នារហូតដល់យប់តែម្តង ។
ចែករំលែកព័តមាននេះ