ខេត្តព្រះវិហារ ៖ ជើងទម្របដិមាមួយ ត្រូវបានគេប្រទះឃើញ កាលពីព្រឹកថ្ងៃទី២២ កុម្ភៈ ខណៈក្រុមកម្មករគ្រឿងចក្រក្រុមហ៊ុនចិនឈ្មោះឡានហ្វេង ឈូសឆាយព្រៃដើម្បីធ្វើចម្ការអំពៅ ក្នុងតំបន់ឃុំប្រមេរ ស្រុកត្បែងមានជ័យ ។ បំណែកជាជើងទម្របដិមានេះ ត្រូវបានប្រទះឃើញនៅក្បែរគល់ឈើមួយ ដែលគ្រឿងចក្រឈូសហើយបានកាយឫសចេញ ក៏ប្រទះឃើញនៅក្នុងដីជម្រៅប្រហែល១ម៉ែត្រ ។
តាមក្រុមកម្មករនិយាយថា នៅពេលពួកគេឈូសឆាយនោះមិនបានចាប់អារម្មណ៍ទេ លុះពួកគេកាយយកឫសឈើ ក៏ប្រទះឃើញឥដ្ឋពណ៌លឿងបាក់ជាច្រើនកំណាត់ និងនៅតែបន្តកាយរហូតទាល់តែដើមឈើរលំ ក៏ប្រទះឃើញជើងទម្របដិមានេះតែម្តង ។ បន្ទាប់មក ពួកគេបានប្រគល់វត្ថុបុរាណនេះ ឱ្យទៅមេការជាអ្នកគ្រប់គ្រងចម្ការអំពៅឡានហ្វេង ធ្វើរបាយការណ៍ប្រគល់ឱ្យមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត យកមករក្សាទុកនៅថ្ងៃដដែលនោះដែរ ។
សូមបញ្ជាក់ថា ការប្រទះឃើញបំណែកជើងទម្របដិមានេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលទៅដល់មជ្ឈដ្ឋានមួយចំនួន ហើយប្រជាជនបានចោទទៅលើក្រុមហ៊ុន ថាជាអ្នកបំផ្លាញតំបន់បុរាណដ្ឋាន បន្ទាប់ពីដឹងថាការឈូសឆាយបានបដិមាដែលជាវត្ថុបុរាណ ។
លោក ធួន ញឹប មេឃុំប្រមេរ ជាជនជាតិដើមភាគតិចកួយ ដែលមានកំណើតនៅទីនោះ បានឱ្យដឹងថា ហេតុការណ៍ខាងលើនេះ បានកើតឡើងតាំងពីថ្ងៃទី២២ កុម្ភៈ មកម៉្លេះ ។ ក្រោយមកក្នុងនាមអាជ្ញាធរឃុំ រូបលោក បានចុះទៅពិនិត្យឃើញថា ពុំមានប្រាសាទបុរាណអ្វីទេ សង្ស័យជាកន្លែងជនទុច្ចរិត យកជើងទម្របដិមានេះទៅលាក់ទុក ដោយជីកដីជម្រៅប្រហែល២ម៉ែត្រ និងកន្លែងខ្លះជម្រៅប្រហែល១ម៉ែត្រ រួចជញ្ជូនឥដ្ឋបុរាណពីភូមិម្លូព្រៃ ទៅរៀបជាខឿនដើម្បីលាក់រូបបដិមាតែប៉ុណ្ណោះ ។
លោកមេឃុំបន្តថា ព្រៃនេះគឺលោកបានស្គាល់តាំងពីកុមារភាពមកម៉្លេះ ។ មកដល់ពេលនេះ លោកមានវ័យជិត៦០ឆ្នាំហើយ ។ ព្រៃនេះបើឈ្មោះជាភាសាកួយ ឈ្មោះភ្នំយក្សភ្លក្ស ភាសាខ្មែរហៅថា ភ្នំយាយសក់ស្កូវ គឺលោកពុំដែលដឹង និងឃើញប្រាសាទអ្វីទេ ព្រោះអីទីនោះជាទីកន្លែងឃ្វាលគោក្របី របស់លោកតាំងពីកុមារមកម៉្លេះ ។
លោក ម៉ៅ វី ប្រធានការិយាល័យបេតិកភ័ណ្ឌ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបានឱ្យដឹងថា ការរកឃើញបំណែកវត្ថុបុរាណខាងលើនេះ ខាងមន្ទីរបានទៅពិនិត្យទីកន្លែងដែលគេបានប្រទះឃើញ ។ បើតាមការសន្និដ្ឋាន កន្លែងប្រទះឃើញនេះមិនមែនជាបុរាណដ្ឋានទេ គ្រាន់តែជាការសង្ស័យ ព្រោះគ្មាននៅក្នុងផែនទី ហើយមកដល់ពេលនេះជើងទម្របដិមាដែលនៅសល់តែបំណែកចំនួនមួយដុំនោះ គេពុំទាន់បានបញ្ជូនពីការដ្ឋានចិនចម្ការអំពៅមកប្រគល់ឱ្យមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តនៅឡើយទេ គឺឱ្យតែរបាយការណ៍ប៉ុណ្ណោះ ។
លោកអ៊ុំ ម៉ារ៉ា អភិបាលខេត្ត នៅរសៀលថ្ងៃទី២៨ កុម្ភៈ មានប្រសាសន៍ថា ទាក់ទងទៅនឹងមជ្ឈដ្ឋានសារព័ត៌មានមួយចំនួនបានចោទក្រុមហ៊ុនចិនឈូសឆាយបំផ្លាញប្រាសាទយក្សភ្លក្សខាងលើនេះ លោកបានបញ្ជូនមន្ត្រីនៃមន្ទីរវប្បធម៌ខេត្ត ចុះទៅជាមួយសមត្ថកិច្ចស្រុកត្បែងមានជ័យ ដើម្បីធ្វើការត្រួតពិនិត្យហើយ ។ ក្រោយការពិនិត្យឃើញថា មិនមែនជារូបបដិមា ជាព្រះអង្គ ឬព្រះពុទ្ធឡើយ នេះគ្រាន់តែជាបំណែកមួយដែលជាការសន្និដ្ឋានថា ពួកឈ្មួញទុច្ចរិតយកទៅលាក់ទុកតាំងពីប៉ុន្មានទសវត្សកន្លងទៅ ។
លោកអភិបាលខេត្តបន្តថា មកដល់ពេលនេះ ដ្បិតកន្លែងនោះនៅមិនទាន់បានស្រាវជ្រាវ បន្ទាប់ពីប្រទះឃើញបំណែកវត្ថុបុរាណក៏ដោយ តែអាជ្ញាធរខេត្តបានសហការយ៉ាងល្អជាមួយក្រុមហ៊ុនចម្ការអំពៅឡានហ្វេង ឱ្យបញ្ឈប់ការឈូសឆាយ មិនតែបុ៉ណ្ណោះ ក្រុមហ៊ុនចិននេះបានរក្សាទុកដីនៅចំណុចនោះជាច្រើនហិកតាទុកឱ្យរាជរដ្ឋាភិបាលស្រាវជ្រាវ និងធ្វើការអភិរក្សទៀតផង ។
គួរបញ្ជាក់ថា ជុំវិញហេតុការណ៍នេះ តាមប្រភពព័ត៌មានបានឱ្យដឹងថា មានជនជាតិដើមភាគតិចកួយមួយក្រុុមក៏បានបង្កឱ្យមានភាពភ្ញាក់ផ្អើលដល់មជ្ឈដ្ឋានមួយចំនួនដែរ ក្រោយឮព័ត៌មានថា ប្រទះឃើញបំណែកបដិមា ក៏បានលើកគ្នាឡោមព័ទ្ធគ្រឿងចក្ររបស់ក្រុមហ៊ុនចិន ខាងលើ ។
ស្ត្រីជាជនជាតិដើមភាគតិចកួយម្នាក់ បានចេញមុខមកអះអាងនៅកន្លែងប្រទះឃើញនោះថា ពួកគាត់បានដឹងនៅថ្ងៃទី២៥ កុម្ភៈ លុះដល់ថ្ងៃទី២៦ កុម្ភៈ ពួកគាត់បានលើកគ្នាទៅកាន់ទីនោះតែម្តង រួចបង្ខំឱ្យក្រុមហ៊ុនចិនឈប់ឈូសឆាយនៅតំបន់នោះដើម្បីរុករកវត្ថុបុរាណទៀត តែក្រុមហ៊ុនចិនមិនអនុវត្តតាម ។
ទាក់ទងនឹងការប្រទះឃើញបំណែកបដិមាខាងលើនេះ ប៉ូលិសមួយក្រុមប្រចាំនៅទីនោះបានឱ្យដឹងថា ក្រោយការកាយប្រទះឃើញបដិមានោះប្រហែល៣ថ្ងៃ ទើបឃើញប្រជាពលរដ្ឋជនជាតិដើមភាគតិចកួយមួួយក្រុម បានបញ្ចូលរូបអារក្ខហែទៅកាន់រណ្តៅ ដែលធ្វើហាក់បីដូចជាពួកគាត់មានគម្ពីរអ្វីមួយអីុចឹង រួចក៏បានដាក់កម្លាំងប្រជាពលរដ្ឋជនជាតិដើមភាគតិចកួយប្រមាណ២០នាក់ ដេកយាមរណ្តៅនោះ ៕
ចែករំលែកព័តមាននេះ