ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មេ​ដឹកនាំ​សហជីព និង​សមាគម​ចំនួន​១៧ ប្រកាស​យក​ថ្ងៃ​១២ មីនា ធ្វើបាតុកម្ម​ទាម​ទារ​៧​ចំណុច

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ មេដឹក​នំា​សហព័ន្ធ​សហជីព​​ និង​សមាគម​ចំនួន​១៧ ​ក្នុង​នាម​តំណាង​ សហព័ន្ធ​សហជីព​ សមាគម​ កម្មករ​និយោជិត​ វិស័យ​កាត់​ដេរ និង​ស្បែក​ជើង​ទូទំាង​ប្រទេស​ បាន​ដាក់​លិខិត​ជូន​ដល់​ប្រធាន​សមាគម​​រោងចក្រ​កាត់ដេរ​កម្ពុជា​​ (GMAC) ដើម្បី​ធ្វើ​កូដកម្ម​នៅ​តាម​បណ្តា​ក្រុមហ៊ុន​ សហគ្រាស គ្រឹះ​ស្ថាន​ ដោយ​អត់​ចូល​ធ្វើ​ការ​ចាប់​ពី​ថ្ងៃ​ទី​១២​ ខែ​មីនា រហូត​មាន​ដំណោះ​ស្រាយ​សម​

រាជធានីភ្នំពេញ​ ៖ មេដឹក​នំា​សហព័ន្ធ​សហជីព​​ និង​សមាគម​ចំនួន​១៧ ​ក្នុង​នាម​តំណាង​ សហព័ន្ធ​សហជីព​ សមាគម​ កម្មករ​និយោជិត​ វិស័យ​កាត់​ដេរ និង​ស្បែក​ជើង​ទូទំាង​ប្រទេស​ បាន​ដាក់​លិខិត​ជូន​ដល់​ប្រធាន​សមាគម​​រោងចក្រ​កាត់ដេរ​កម្ពុជា​​ (GMAC) ដើម្បី​ធ្វើ​កូដកម្ម​នៅ​តាម​បណ្តា​ក្រុមហ៊ុន​ សហគ្រាស គ្រឹះ​ស្ថាន​ ដោយ​អត់​ចូល​ធ្វើ​ការ​ចាប់​ពី​ថ្ងៃ​ទី​១២​ ខែ​មីនា រហូត​មាន​ដំណោះ​ស្រាយ​សម​ស្រប​តាម​ការ​ទាម​ទារ​របស់​ខ្លួន​ ។​​​ ​

លិខិត​ជូន​ដំណឹង​របស់​សហព័ន្ធ​សហជីព​ដែល​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៦​ កុម្ភៈ​ បាន​លើក​ឡើង​ថា ​ដោយ​គោរព​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា​ ច្បាប់​ស្តី​ពី​ការ​ងារ​ និង​មានសំណើ​ពី​សហជីព​ ​និង​កម្មករ​និយោជិត​ ស្នើ​សុំ​ធ្វើ​កូដកម្ម​ដោយ​មិន​ចូល​ធ្វើ​ការងារ​ចាប់​ពី​ថ្ងៃ​ទី​១២ ខែ​មីនា​ តទៅ​ រហូត​មាន​ដំណោះ​ស្រាយ​ឱ្យ​កម្មករ​ ។

លិខិត​បាន​បញ្ជាក់​ពី​មូល​ហេតុ​ដែល​ធ្វើ​កូដកម្ម​ ដោយ​សារ​តែ​ការ​រស់​នៅ​មាន​ការ​លំបាក​​របស់​កម្មករ​និយោជិត​ បច្ចុប្បន្ន​នេះ ទើប​បាន​តំណាង​សហជីព​ស្នើ​ឱ្យ​ក្រុមហ៊ុន​ជួយ​បង្កើន​ប្រាក់​ឈ្នួល​ដល់​កម្មករ​ឱ្យ​បាន​សមរម្យ​ ។ ប៉ុន្តែ​កន្លង​មក​ ការ​ផ្តល់​ឱ្យ​ពួក​គេ​មួយ​ចំនួន​តូច​នេះ ពិត​ជា​មិន​អាច​ឱ្យ​ពួក​គេ​ដោះ​ស្រាយ​បញ្ហា​ដែល​កំពុង​កើត​ឡើង​នេះបាន​ទេ​ ព្រោះ​តាម​ការ​ស្រាវ​​ជ្រាវ​របស់​គណៈ​កម្មការ​ត្រីភាគី​បាន​បង្ហាញ​ថា​ យ៉ាង​ហោចណាស់​កម្មករ​ក្នុង​មួយ​នាក់​ចំណាយ​ប្រាក់​ចាប់​ពី​១៥៧​ទៅ​១៧៧​ដុល្លារ​អាមរិក​ ផ្ទុយ​ទៅ​វិញ​ រដ្ឋា​ភិបាលផ្តល់​ប្រាក់​ឈ្នួល​តែ​១០០​ដុល្លារ​ប៉ុណ្ណោះ​ ។ ចំណែកនិយោ​ជក​វិញ​​ បាន​ចំណេញ​ពី​វិស័យ​នេះ​យ៉ាង​ច្រើន​ ហេតុ​ដូច​នេះ​បាន​ជា​ពួក​គេនៅ​តែ​បន្ត​ស្នើ​ឱ្យ​មាន​ការ​ផ្តល់​ប្រាក់ឈ្នួល​អប្បបរមា​បន្ថែម​ទៀត​ ។

លិខិត​ជូន​ដំណឹង​លើក​ឡើង​ទៀត​ថា កន្លង​មក​ មាន​ការ​តវ៉ា​ពី​សំណាក់​កម្មករ​និយោជិត  ​ហើយ​មាន​បញ្ហា​មួយ​ចំនួន​បាន​កើត​ឡើង​ចំ​ពោះ​កម្មករ​ យ៉ាង​ណា​ក៏​ដោយ​ ពួក​គេ​បាន​ត្រឡប់​ចូល​ធ្វើ​ការ​ងារ​វិញ​ តែ​ដោយ​តំណាង​សមាគម​និយោជក និង​រដ្ឋា​​ភិបាល​ហាក់​មិន​បាន​ដោះ​ស្រាយ​នូវ​បញ្ហារបស់​កម្មករ​ទេ​ គឺ​គ្រាន់​តែ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ត្រឹម​១០០​ដុល្លារ​ក្នុង​មួយ​ខែ​ ។
លិខិត​ក៏​បាន​ដាក់​សំណើ​ចំនួន​៧​ចំណុច ​ដើម្បី​ឈាន​ដល់​ការ​ធ្វើ​កូដកម្ម​សា​ជា​​ថ្មីដល់​ប្រធាន​សមាគម​ រោងចក្រ​កាត់​ដេរ​ លោក វ៉ាន់ ស៊ូ​អៀង ​និង​រដ្ឋាភិបាល​សម្រាប់​ការ​ដោះ​ស្រាយ​នូវ​បញ្ហា​ទំាង​នោះ​មាន ៖

ទី១​-សុំ​ដោះ​លែង​ជន​ជាប់​ចោទ​ទំាង​២១​នាក់​ និង​ទម្លាក់​ការ​ចោទ​ប្រកាន់​អ្នក​២៣​នាក់ទំាង​ស្រុង​ ។
ទី២-ស្នើ​សុំ​ឱ្យ​មាន​ការ​ចរចា​ដំឡើង​ប្រាក់​ឈ្នួល​គោល​ដល់​១៦០ដុល្លារ​ក្នុង​មួយ​ខែ​ឡើង​វិញ​ ។​
ទី៣-​ត្រូវ​ដាក់​ទោស​ជន​ល្មើស​ដែល​បាន​ប្រើ​ហិង្សា​និង​សម្លាប់​កម្មករ​ ព្រម​ទំាង​ផ្តល់​សំណង​ជំងឺ​ចិត្តដល់​ជន​រង​គ្រោះ​ដែល​បានបាត់​បង់​ជីវិត​ រង​របួស និង​កំពុង​ជាប់​ឃុំ​ឃាំង​នៅ​ពន្ធនាគារ​ត្រពាំាង​ផ្លុង​ ខេត្ត​កំពង់ចាម​ ។​
ទី៤-​រដ្ឋាភិបាល​ត្រូវ​ដក​បម្រាម​នៃ​ការ​ជួប​ប្រជុំ​ជា​សាធារណៈ​របស់​ប្រជាពលរដ្ឋ​វិញ​ និង​ លុប​ចោល​ការ​ព្យួរ​ចុះ​បញ្ជិ​កា​អង្កការ​វិជ្ជាជីវៈ​ពី​ក្រសួង​ការងារ​ ។
ទី៥-​តំណាង​ក្រុមហ៊ុនត្រូវ​ដក​ពាក្យ​បណ្តឹង​ប្រឆំាង​​នឹង​សហជីព និង​កម្មករ​​និយោជិត​ទាំង​អស់​ ។
ទី​៦​-​និយោជក​ត្រូវ​ទទួល​កម្មករ​ដែល​បឈ្ឈប់​ពី​ការងារ​ឱ្យ​ចូល​បម្រើ​ការងារ​វិញ ​ព្រម​ទាំង​បង់​ប្រាក់​រំលឹក​ដល់​ពួក​គេឱ្យ​បាន​គ្រប់ៗ​គ្នា​ ។​
ទី​៧​-​និយោជក​ដែល​បាន​កាត់​ប្រាក់​ឈ្នួល ​និង​ប្រាក់​រង្វាន់​ទៀង​ទាត់​ក្នុងអំឡុង​ពេល​ធ្វើ​កូដកម្ម​កន្លងមក​ ត្រូវ​ផ្តល់​ជូន​កម្មករ​វិញ​ ។
ទាក់ទង​នឹង​ការ​ដាក់​លិខិត​របស់​មេដឹកនំា​សហព័ន្ធ​សហជីព​ និង​សមាគម​ ទៅ​សមាគម​ រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​​ (GMAC) កោះសន្តិភាពមិនអាច​សុំ​ការ​បំភ្លឺ​ពី​លោក​ ខេន​ លូ​ អគ្គលេខា​ធិការ​សមាគម​រោង​ចក្រ​កាត់​ដេរ​បាន​ទេ​នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ​ ដោយ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នក​ទទួល ​។ ប៉ុន្ដែ​បើ​យោង​តាម​បណ្តាញ​ផ្សព្វ​ផ្សាយ​េគហទំព័រ​ក្នុង​ស្រុក​មួយ​ បាន​លើក​យក​សម្ដី​យ៉ាង​ខ្លី​របស់​លោក​ ខេន លូ​ ថា កូដកម្ម​ដែល​គាត់​ធ្វើគឺ​ប្រៀប​ដូច​ជា​គាត់​ប្រកាស​ឱ្យ​កម្មករទៅផ្ទះអីុ​ចឹង​ខ្ញុំ​ជឿ​ថា​ កម្មករ​ភាគ​ច្រើន​ គេ​មក​ធ្វើ​ការ​ហើយ​ ។ សូម្បី​បាតុកម្ម​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១៣​ កន្លង​ទៅ​ យើង​គិត​ថា​ កម្មករ​​ភាគ​ច្រើន​គាត់​ធ្វើការ​ អត់​ចូល​រួម​ទេ ប៉ុន្តែ​មាន​អ្នក​ខាង​ក្រៅ​មក​អុក​ឡុក​ វាយ​រោងចក្រ និង​គំរាម​កំហែង​កម្មករ​នៅ​កន្លែង​ធ្វើ​ការ​ ទោះ​បី​ជា​គាត់ ​ធ្វើ​កូដកម្ម​ខុស​ច្បាប់​ក៏​ដោយ និង​បង្ខំ​ឱ្យ​រោងចក្រ​បិទ​ទ្វារ​ ។

គួរ​បញ្ជាក់​ថា​ លោក​ វ៉ាន់ ស៊ូអៀង​​ ប្រធាន​ GMAC ធ្លាប់​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​កាសែត​កាលពី​ពេល​កន្លង​មក​ថា​ ប្រសិន​បើ​សហជីព​នៅ​តែ​ដឹក​នំា​កម្មករ​ធ្វើ​បាតុកម្ម​ទាម​ទារដំឡើង​ប្រាក់​ខែ​បន្ត​ទៀត​នោះ​​ ក្រុមហ៊ុន​ សហគ្រាស​ រោងចក្រ​វិស័យ​កាត់ដេរ ​និង​ស្បែក​ជើង​ក្នុង​ប្រទេស​កម្ពុជា​នឹង​ត្រូវ​បិទ​ ហើយ​អ្នក​វិនិយោគ​ទំាង​អស់​នឹង​ទៅ​ដាក់​នៅ​បណ្តា​ប្រទេស​ផ្សេង​វិញ​ ។ វិស័យ​កាត់​ដេរ​ ជា​វិស័យដែល​ប្រទេស​កម្ពុជា​បាន​ទទួល​ប្រាក់​ចំណូល​យ៉ាង​ច្រើន និង​បាន​លើក​កម្ពស់​ជីវភាព​របស់​ប្រជា​ពលរដ្ឋ​ ពិសេស​នោះ​ធ្វើ​ឱ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​មាន​ការ​ងារ​ធ្វើ​ ។ វិស័យ​កាត់​ដេរនេះ​ក៏​បាន​ចូល​រួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​ផង​ដែរ​ ។

មាន​មតិ​មហាជន​ជា​ច្រើន​បាន​លើក​ឡើង​ថា​ ប្រសិន​បើ​កម្ពុជា​បិទ​រោងចក្រ តើ​នឹង​កើត​មាន​ផល​ប៉ះ​ពាល់​អ្វី​ខ្លះ​ដល់​ប្រទេស​ជាតិ?​ ហើយ​ជីវភាព​របស់​ប្រជាជន​នឹង​ត្រូវ​ធ្លាក់​ដល់​កម្រិត​ណា​ ។ បញ្ហា​នេះ​ត្រូវ​បាន​ក្រុម​អ្នក​វិភាគ​សេដ្ឋកិច្ច​លើក​ឡើង​ថា​ ប្រសិនបើ​ប្រទេស​​កម្ពុជា​ឈាន​ដល់​បិទ​រោង​ចក្រ​នោះ កម្ពុជា​ពិត​ជា​រង​ការ​ប៉ះ​ពាល់​យ៉ាងខ្លាំង​ ពិសេសកម្មករ​នឹង​ធ្វើ​ចំណាក​ស្រុក​ ដើម្បី​ស្វែង​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស​ ហើយ​បញ្ហា​អត់​ការងារ​ធ្វើ​របស់​ប្រជា​ពល​​​រដ្ឋ​នឹង​កើត​មាន ។​ បញ្ហា​នេះ​ត្រូវ​ធ្លាក់​លើ​រដ្ឋាភិបាល​ ។ ដូច្នេះអ្វី​ដែល​សំខាន់​ គឺ​ភាគី​ទំាង​អស់​ត្រូវ​ចេះ​គិត​ប្រយោជន៍​រួម​ជា​ធំ​ និង​ត្រូវ​ចេះ​ដោះស្រាយ ធ្វើ​សម្បទាន​ឱ្យ​គ្នាទៅ​វិញ​ទៅ​មក ចៀស​វាង​ធ្វើ​ឱ្យ​ពិបាក​ដល់​សេដ្ឋកិច្ច​ ប៉ះ​ពាល់​ដល់​ការ​រស់​នៅ​របស់​ប្រជាជន​ ៕