ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី២៨ កុម្ភៈ កម្លាំងសង្កាត់រដ្ឋបាលជលផលស្អាង សហការជាមួយប្រជាការពារភូមិ បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដោយប្រើឧបករណ៍ឆក់ ហើយធ្វើការទ្បោមព័ទ្ធចាប់បានអ្នកឆក់ត្រីចំនួន២នាក់ នៅចំណុចអតីតទ្បូត៍លេខ១ ក្នុងឃុំស្អាងភ្នំ ស្រុកស្អាង ។
អ្វីដែលហួសចិត្ត និងស្មានមិនដល់នោះ គឺក្រុមអ្នកឆក់ត្រីផ្សេងទៀត នាំគ្នាព័ទ្ធចាប់ប្រជាការពារដែលចូលរួមជាមួយកម្លាំងជលផលបានម្នាក់ធ្វើជាចំណាប់ខ្មាំង ដើម្បីជាថ្នូរក្នុងការដោះលែងអ្នកដែលត្រូវមន្ត្រីជលផលចាប់បាននោះ និងយកទូកត្រទ្បប់ទៅវិញ ។ ក្រោយពីមានការចរចារវាងមន្ត្រីជលផល និងក្រុមអ្នកឆក់ត្រី ចំណាប់ខ្មាំងត្រូវបានដោះលែងវិញ ជាថ្នូរនឹងការប្រគល់ទូក ប៉ុន្តែអ្នកឆក់ត្រីល្មើសច្បាប់២នាក់ ដែលត្រូវចាប់ខ្លួននោះមិនត្រូវបានដោះលែងវិញទ្បើយ ។
តាមប្រភពព័ត៌មានពីលោក ស វិចិត្រ មេឃុំស្អាងភ្នំ ឱ្យដឹងថា នៅព្រឹកនោះ លោកជាប់ប្រជុំនៅសាលាស្រុក លុះដល់ថ្ងៃត្រង់មានគេរាយការណ៍ប្រាប់មកថា កម្លាំងរដ្ឋបាលជលផលចាប់បានអ្នកឆក់ត្រី២នាក់ និងទូកផងដែរ ហើយនាំទៅស្នាក់ការសង្កាត់រដ្ឋបាលជលផលស្អាង ។ ពេលនោះ ប្រជាការពារភូមិម្នាក់ ដែលជាកម្លាំងសហការជាមួយមន្ត្រីជលផល បានអូសទូកដែលចាប់បានចំនួន២គ្រឿង ដើម្បីយកមករក្សាទុក ។
នៅគ្រានោះ ស្រាប់តែមានក្រុមអ្នកឆក់ត្រីផ្សេងទៀតជាច្រើននាក់ បានមកធ្វើការទ្បោមព័ទ្ធចាប់ប្រជាការពារ ដែលសហការជាមួយមន្ត្រីជលផលបានម្នាក់ ខណៈកំពុងអូសទូកនោះធ្វើជាចំណាប់ខ្មាំង ។ ជាមួយនេះ ក្រុមអ្នកឆក់ត្រីបានទាមទារឱ្យមន្ត្រីជលផល ដោះលែងអ្នកដែលត្រូវចាប់ខ្លួន២នាក់នោះមកវិញ និងប្រគល់ទូកផង ទើបដោះលែងប្រជាការពារ ។ លោកមេឃុំ ឱ្យដឹងទៀតថា ប៉ុន្តែក្រោយមកទៀត ដោយមានការចរចាគ្នារវាងមន្ត្រីជលផល និងក្រុមអ្នកឆក់ត្រីនោះ មួយសន្ទុះធំ ទើបក្រុមអ្នកឆក់ត្រីយល់ព្រមដោះលែងប្រជាការពារជាចំណាប់ខ្មាំងមកវិញ ជាថ្នូរនឹងទូក២គ្រឿង ចំណែកជនល្មើស២នាក់ ដែលត្រូវចាប់ខ្លួន បានបញ្ជូនទៅស្នាក់ការសង្កាត់រដ្ឋបាលជលផលស្អាង ។
លោក យ៉ែម វណ្ណថា អភិបាលរងស្រុកស្អាង បានឱ្យដឹងតាមទូរស័ព្ទថា រឿងរ៉ាវចម្រូងចម្រាសរវាងកម្លាំងសង្កាត់រដ្ឋបាលជលផលស្អាង សហការជាមួយប្រជាការពារភូមិចុះចាប់បានអ្នកឆក់ត្រី២នាក់ ហើយត្រូវក្រុមអ្នកឆក់ត្រីចាប់ប្រជាការពារម្នាក់វិញនោះ គឺបានដោះស្រាយចប់រួចរាល់ហើយ មិនមានបញ្ហាស្មុគស្មាញនោះទេ ។ ចំណែកអ្នកឆក់ត្រីល្មើសច្បាប់២នាក់ ដែលបានចាប់ខ្លួននោះ ត្រូវបញ្ជូនទៅសង្កាត់រដ្ឋបាលជលផលស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីបន្តទៀត ។
តាមប្រភពព័ត៌មាន ឱ្យដឹងថា បច្ចុប្បន្ននេះ នៅក្នុងបឹងអតីតឡូត៍នេសាទលេខ១ បទល្មើសនេសាទកើតមានច្រើនណាស់ ដូចជាដាក់សម្រាស់និងប្រើអួនក្រឡាញឹក ពិសេសឧបករណ៍ឆក់ត្រីនេះតែម្តង គឺពិបាកក្នុងការបង្ក្រាបខ្លាំងណាស់ ហើយអ្នកបង្ក្រាបបើមានកម្លាំងតិច អាចនឹងមានគ្រោះថ្នាក់ដោយសារជនល្មើសមានគ្នាច្រើន ៕
ចែករំលែកព័តមាននេះ