រាជធានីភ្នំពេញ ៖ ឃ្លាំងស្តុកសម្ភាររបស់អង្គការបម្រើសេវាសង្គមដើមឈើសប្បាយចំនួន៣ ស្ថិតនៅអគារស្ពានឥន្ទធនូ ក្នុងបិរវេណមន្ទីរពេទ្យព្រះកេតុមាលា (ហៅពេទ្យធំ) ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវបានភ្លើងឆេះហ្មត់ កាលពីវេលាម៉ោង៥ និង១៥ព្រឹក ថ្ងៃទី២៨ កុម្ភៈ បើទោះបីជាមានកិច្ចអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យយ៉ាងណាក៏ដោយ ។
ស្ត្រីម្នាក់ដែលឃើញហេតុការណ៍ដំបូង និយាយថា នៅវេលាម៉ោងប្រហែល៥ព្រឹក ថ្ងៃទី២៨ កុម្ភៈ ខណៈគាត់ដើរកាត់តាមអគារស្ពានឥន្ទធនូ ដែលមានឃ្លាំងរបស់អង្គការបម្រើសេវាសង្គមដើមឈើសប្បាយនៅក្បែរនោះ ស្រាប់តែធុំក្លិនឈ្ងៀម ។ ស្របពេលនោះឃើញមានផ្សែងហុយចេញពីក្នុងឃ្លាំងដាក់សម្ភារ គាត់ក៏ប្រញាប់ទៅប្រាប់អ្នកយាមប្រចាំការនៅទីនោះ និងសុំអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យ មកជាបន្តបន្ទាប់ ដើម្បីបាញ់ពន្លត់ភ្លើង ។
សមត្ថកិច្ចមូលដ្ឋានដែលចុះទៅដល់ចំណុចកើតហេតុ ឱ្យដឹងថា បើទោះបីជាមានកិច្ចអន្តរាគមន៍បាញ់ទឹកយ៉ាងណាក៏ដោយ ក៏ឃ្លាំងស្តុកសម្ភារចំនួន៣ របស់អង្គការបម្រើសេវាសង្គមដើមឈើសប្បាយ ត្រូវភ្លើងឆេះហ្មត់ផ្នែកខាងក្នុង តែមិនមានមនុស្សស្លាប់ ឬរងរបួសនោះទេ ព្រោះមិនមែនជាកន្លែងកុមារស្នាក់នៅ ហើយមូលហេតុនៅមិនទាន់ដឹងច្បាស់នៅឡើយ ។
លោកវរសេនីយ៍ទោ នេត វត្ថា នាយការិយាល័យនគរបាលពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលដឹកនាំកម្លាំងចុះអន្តរាគមន៍ផ្ទាល់ ឱ្យដឹងថា ក្នុងកិច្ចអន្តរាគមន៍ជួយបាញ់ទឹកពន្លត់នេះ គឺប្រើប្រាស់ទឹកអស់ចំនួន៤រថយន្ត ។ នេះជាលើកទី២ហើយ ដែលអង្គការនេះត្រូវទទួលរងដោយអគ្គិភ័យដែលនៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៣ វេលាម៉ោង១រំលងអធ្រាត្រ អគ្គិភ័យបានឆាបឆេះបន្ទប់នៅជាន់ទី១ អស់មួយបន្ទប់ ប៉ុន្តែមិនមានមនុស្សរងរបួសទេ៕
ចែករំលែកព័តមាននេះ