ខេត្តមណ្ឌលគិរី ៖ សកម្មភាពដឹកជញ្ជូនឈើប្រណីតចេញតាមច្រករបៀងនៃខ្សែបន្ទាត់ព្រំ ដែនកម្ពុជា-វៀតណាម ក្នុងស្រុកកែវសីមា ត្រូវបានប្រជាពលរដ្ឋអះអាងថា បានកើតមានយ៉ាងពេញបន្ទុក ផ្គើនទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិផាពបាន ស្រង់សម្តីប្រជាពលរដ្ឋបញ្ជាក់ឱ្យដឹងទៀតថា ច្រករបៀងតាមព្រំដែនដែលសមត្ថកិច្ចបណ្តែតបណ្តោយឱ្យមានការ ដឹកជញ្ជូនឈើប្រណីតប្រភេទឈើធ្នង់ បេង និងនាងនួន ជាដើមនោះ រួមមានច្រកង៉ាំដី ច្រកសេបា ប៉ាវេ និងច្រកបាឡាង ។ ច្រករបៀងទាំង៤នេះ ត្រូវបានប្រជាពលរដ្ឋអះអាងថា ឈ្មូញកំពុងពេញនិយមនាំឈើប្រណីតចេញទៅប្រទេសវៀតណាមទាំងយប់ ទាំងថ្ងៃ ដោយពុំខ្លាចញញើតទៅនឹងការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល អាណត្តិទី៥នោះថែមទៀត។
សេចក្តីរាយការណ៍បានបន្តថា ឈើប្រណីតដែលក្រុមឈ្មួញនាំចេញនោះដឹកជញ្ជូនតាមរថយន្តច្រើនម៉ាក ដូចជាកាមរី Landcruiser Luxus និងម៉ូតូជាដើម ហើយថាឈើទាំងនោះដឹកចេញពីព្រៃក្នុងតំបន់អភិរក្សជីវៈចម្រុះ ក្នុងស្រុកអូររាំង និងស្រុកកែវសីមាផ្ទាល់តែម្តង ។
យ៉ាងណាក៏ដោយ នៅរសៀលថ្ងៃទី២៨ កុម្ភៈ ២០១៤ នេះ កោះសន្តិភាពមិនអាចទាក់ទងដើម្បីសុំការបំភ្លឺបានទេ ពីអាជ្ញាធរដែនដី ក៏ដូចជាប្រធានច្រករបៀងទាំង៤ខាងលើនេះ ។
ចែករំលែកព័តមាននេះ