ខេត្តប៉ៃលិន ៖ មន្ដ្រីយោធាដែលមានឋានន្ដរសក្ដិថ្នាក់វរសេនីយ៍ទោ (សក្ដិ៤កន្លះ) ម្នាក់ បានយកខ្សែគោចង.កជាប់នឹងធ្នឹមផ្ទះរបស់ខ្លួនស្លាប់ ដែលមូលហេតុនៃការធ្វើអត្ដឃាតនេះត្រូវបានគេដឹងថា ដោយសារការរស់នៅមិនចុះសម្រុងនឹងគ្នា និងមានទំនាស់ជាមួយប្រពន្ធជាយូរថ្ងៃខែមកហើយ រហូតដល់ការលែងលះគ្នាជាង១សប្ដាហ៍មុននេះ និងជំពាក់បំណុលធនាគារចំនួន៥.០០០ដុល្លារ ដោយយកលុយទៅលេងល្បែងកាស៊ីណូចាញ់អស់ បណ្ដាលឱ្យមន្ដ្រីយោធារូបនេះគិតអ្វីមិនចេញ ក៏ចង.កសម្លាប់ខ្លួនតែម្ដង ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៧ កុម្ភៈ ស្ថិតក្នុងភូមិសួស្ដី សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។ មន្ដ្រីយោធាដែលធ្វើអត្ដឃាតនេះឈ្មោះ ជា សម្បត្ដិ អាយុ ៤៦ឆ្នាំ មានឋានន្ដរសក្ដិថ្នាក់វរសេនីយ៍ទោ (សក្ដិ៤កន្លះ) និងជាជាងសិប្បកម្ម តុ ទូ និងប្រពន្ធដែលបានលែងលះឈ្មោះ ប្រាក់ ផាន់ណា អាយុ៣០ឆ្នាំមានកូន៤នាក់ (ស្រី៣នាក់) នៅក្នុងបន្ទុក ។
ប្រភពព័ត៌មានបានឱ្យដឹងថា មន្ដ្រីយោធារូបនេះតែងតែមានទំនាស់ពាក្យសម្ដីជាមួយប្រពន្ធកូនញឹកញាប់ ដោយសារតែប្រពន្ធហាមមិនឱ្យឈ្លក់វង្វេងនឹងល្បែងកាស៊ីណូរហូតចងការប្រាក់ពីធនាគារចំនួន ៥.០០០ដុល្លារយកទៅលេងល្បែងចាញ់អស់ ។ ម៉្យាងទៀត កាលពីរយៈពេល១សប្ដាហ៍កន្លងទៅ មន្ដ្រីយោធារូបនេះបានឈ្លោះទាស់ទែងជាមួយប្រពន្ធរហូតដល់ថ្នាក់ទៅដោះស្រាយគ្នានៅប៉ុស្ដិ៍នគរបាលសង្កាត់អូរតាវ៉ៅ ទៀតផង ។
ប្រភពដដែលបានឱ្យដឹងទៀតថា នៅថ្ងៃកើតហេតុ លោក ជា សម្បត្ដិ បានហៅកូនមកផ្ដាំផ្ញើថា «ពេលអត់ពីឪពុកទៅ កូនត្រូវចេះថែរក្សាខ្លួន និងស្ដាប់បង្គាប់ម្ដាយ» ។ បន្ទាប់ពីប្រដៅណែនាំកូនរួច ក៏ដើរចេញទៅក្រៅបាត់មួយសន្ទុះ រួចដើរត្រឡប់ចូលមកក្នុងផ្ទះវិញ ទាំងទឹកមុខស្រពោន ខុសប្លែកពីធម្មតា ហើយអ្នកនៅក្នុងផ្ទះក៏មិនចាប់អារម្មណ៍អ្វីដែរ ព្រោះជាទម្លាប់ឱ្យតែខឹងគេឯង គាត់តែងបែបនេះ ។ លុះដល់វេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃដដែល ប្រពន្ធផ្លាស់សម្លៀកបំពាក់បម្រុងចូលទៅងូតទឹកក្នុងបន្ទប់ ស្រាប់តែឃើញប្ដីរបស់ខ្លួនចង.កនៅក្នុងបន្ទប់ដែលជាប់នឹងបន្ទប់ទឹកស្លាប់បាត់ទៅហើយ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលប្ដឹងទៅសមត្ថកិច្ច ។
លោកវរសេនីយ៍ត្រី ង៉ែត សុផល នាយការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ដបានឱ្យដឹងថា មន្ដ្រីយោធារូបនេះពិតជាស្លាប់ដោយសារធ្វើអត្ដឃាតខ្លួនឯងប្រាកដមែន ព្រោះតាមការពិនិត្យ និងធ្វើកោសល្យវិច័យរួចរាល់មក បញ្ជាក់ថា ជនរងគ្រោះមិនមែនស្លាប់ដោយករណីឃាតកម្មទេ ។ លោក ង៉ែត សុផល បន្ដទៀតថា ក្រោយពីពិនិត្យ និងធ្វើកោសល្យវិច័យរួច សពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ