រាជធានីភ្នំពេញ ៖ ក្នុងរយៈពេលប្រមាណជាង ៧ខែក្នុងឆ្នាំ២០១៩ នេះកម្ពុជាបាននាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារក្រៅប្រទេសបានប្រមាណ ២,៦ លានតោន ដែលភាគច្រើនទៅកាន់ប្រទេសវៀតណាម ជាប្រទេសជាប់ព្រំប្រទល់នឹងប្រទេសកម្ពុជា ។ នេះបើតាមយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
របាយការណ៍ដដែលបានបង្ហាញផងដែរថា ក្នុងរយៈពេលគិតត្រឹមថ្ងៃទី ១៩ ខែសីហា ២០១៩ កម្ពុជាបាននាំចេញកសិផលសរុបចំនួន ២.៥៨៣.៨៦៥,៨៥ តោន ក្នុងនោះរួមមានអង្ករ, ចំណិតដំឡូងមីក្រៀម, ដំឡូងមីស្រស់, ម្សៅដំឡូង, គ្រាប់ស្វាយចន្ទី, គ្រាប់ពោត, សណ្ដែកសៀង, ចេក, ផ្លែស្វាយ, ម្រេច និងបន្លែជាដើម ។
តាមរបាយការណ៍នេះបានបង្ហាញផងដែរថា ផលិតផលចំណិតដំឡូងមីក្រៀម បាននាំចេញច្រើនជាងគេ ដែលមានរហូតដល់ ៩៨២.០៥០ តោន ដោយនាំចេញទៅកាន់ប្រទេសថៃ និង វៀតណាម ហើយផលិតផលដែលសំខាន់មួយរបស់កម្ពុជា គឺអង្ករបានាំចេញតែប្រមាណ ៣២៣.៥២០ តោន ទៅកាន់គោលដៅប្រទេសចិន សហភាពអឺរ៉ុប ប្រទេសសមាជិកអាស៊ាន និងប្រទេសនានាមួយចំនួនទៀត បើគិតជាមធ្យមក្នុងមួយថ្ងៃ អង្ករនាំចេញបានប្រមាណ ៦៥៧ តោន ។ ដោយឡែកផ្លែចេក ដែលជាផលិតផលកសិកម្មទើបរកបានទីផ្សារនៅប្រទេសចិនក៏បាននាំចេញបានប្រមាណ ៨២.២៥១,៣៣ តោនផងដែរទៅកាន់ទីផ្សារប្រទេសវៀតណាម និងចិន ។ ចំពោះផលិតផលម្រេច តាមរបាយការណ៍បានបង្ហាញថា បាននាំចេញទៅកាន់ប្រទេសវៀតណាម, បារាំង, អាល្លឺម៉ង់, ឆេក, អង់គ្លេស, ជប៉ុន, សិង្ហបុរី, កូរ៉េ, អារ៉ាប៊ីសាអូឌីត, ឥណ្ឌា, តៃវ៉ាន់, ប៊ែលហ្សិក និង ថៃ ។ រយៈពេល ៧ ខែ និង ១៩ ថ្ងៃ ម្រេចបាននាំចេញបានប្រមាណ ៣.០៧៩ តោន ។
រីឯបន្លែស្រស់ ក្នុងរយៈពេលជាង ៧ ខែដើមឆ្នាំ ២០១៩ នេះក៏បាននាំចេញទៅកាន់ទីផ្សារប្រទេសអឺរ៉ុបដូចជា ប្រទេសបារាំង, ឆេក, អង់គ្លេស និង ណូវែលហ្សេឡង់ បានប្រមាណ ១១៥ តោនផងដែរ ដែលជាជោគជ័យសម្រាប់បន្លែ កម្ពុជា ទទួលស្គាល់ពីប្រទេសសហភាពអឺរ៉ុប ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសសាសន៍ថា កម្ពុជាត្រូវអភិវឌ្ឍន៍នូវវិស័យមួយចំនួនទៀត ដើម្បីធ្វើកំណែទម្រង់ក្នុងវិស័យកសិកម្ម ដូចជាទឹក ភ្លើង និងគមនាគមន៍ជាដើម ។ លោកបន្តថា៖ «បញ្ហាខ្វះគមនាគមន៍គ្រប់គ្រាន់ធ្វើឱ្យការនាំចេញរបស់កម្ពុជាមានភាពយឺតយ៉ាវ ជាក់ស្ដែងការនាំចេញផលិតផលពីកម្ពុជាទៅកាន់ប្រទេសហូឡង់ កម្ពុជាត្រូវប្រើពេលវេលាជាង ១ ខែ ហើយនាំចេកចេញទៅកាន់ប្រទេសចិន ត្រូវប្រើពេលវេលាជាង ២ សប្តាហ៍ » ។
លោកបន្តថា នេះជាបញ្ហាធំមួយក្នុងការប្រកួតប្រជែងក្នុងការនាំចេញរបស់កម្ពុជា ជាមួយប្រទេសជិតខាង ជាក់ស្ដែងប្រទេសវៀតណាម បានកំណត់ថា ក្រោយបញ្ជាទិញតែ ៨ ថ្ងៃផលិតផលវៀតណាមត្រូវតែទៅដល់ហាងទំនិញគ្រប់ហាងទាំងអស់ ។ លោកថា៖ «នេះជាចំណុចសំខាន់ដែលកកម្ពុជា ត្រូវធ្វើ និងគិតគូរពីការប្រកួតប្រជែង ដោយគួរបង្កើនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបន្ថែម ។ ក្រៅពីគមនាគមន៍ បញ្ហាភ្លើងក៏ជាកត្តាមួយសំខាន់ផងដែរ ដែលត្រូវគិតគូរ ព្រោះតម្លៃភ្លើងកាន់តែថ្លៃ តម្លៃដើមផលិតរបស់យើងក៏ខ្ពស់ជាងប្រទេសជិតខាងដែលធ្វើឱ្យអ្នកបញ្ជាទិញមានជម្រើសទៅរកប្រទេសណាដែលមានថ្លៃដើមទាបជាង» ។
គួរបញ្ជាក់ថា ក្រៅទំនិញកសិផលរបស់កម្ពុជាប្រមាណ ២,៦ លានតោន ដែលបាននាំចេញទៅកាន់ប្រទេសជាច្រើនហើយនោះ ការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាមក្រៅផ្លូវការមានប្រមាណ ១,៥ លានតោនថែមទៀត ដែលនាំចេញតាមច្រកចំនួន ៥ រួមមាន៖ ខេត្តស្វាយរៀង, ខេត្តកំពត, ខេត្តកណ្ដាល, ខេត្តតាកែវ និងខេត្តព្រៃវែង ។ ការនាំចេញស្រូវក្រៅផ្លូវការនេះដែរ ត្រូវបានចាត់ទុកថាធ្វើឱ្យកម្ពុជាខាតបង់មួយចំនួនផងដែរ ដូចជាខាតទៅលើកន្ទក់ ចុងអង្ករដែលអាចយកមកឱ្យសត្វស៊ី និងលក់បានកម្រៃមួយចំនួនថែមទៀត ។ ក្រៅពីនោះការនាំស្រូវចេញក៏អាចធ្វើឱ្យប្រទេសគេយកស្រូវកម្ពុជាបន្លំធ្វើជាអង្កររបស់គេ និងនាំចេញប្រកួតប្រជែងជាមួយកម្ពុជាបានទៀតផង ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ