ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ករ​​វាយ​កូន​បាល់​កម្ពុជា​នាំ​​ភាព​ជោគ​​ជ័យ​មក​​កាន់​មាតុ​​ប្រទេស​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ បន្ទាប់​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​ហ្វឹក​ហាត់​ និង​ការ​ប្រកួត​នា​ពេល​កន្លង​មក​ ជា​បទ​ពិសោធន៍​ ក៏​ដូច​ជា​ការ​នាំ​ផ្លូវ​ឆ្ពោះ​ទៅ​រក​ភាព​ជោគ​ជ័យ​នោះ​ កីឡា​ករ​វាយ​កូន​បាល់​លំដាប់​កំពូល​របស់​កម្ពុជា​ ប៊ុន​ កេន្នី​ ដែល​ជា​កូន​ខ្មែរ​កាត់​បារាំង​មួយ​រូប​ បាន​សម្រេច​បំណង​របស់​ខ្លួន​ដោយ​ទទួល​ជ័យ​ជម្នះ​ដណ្តើម​បាន​ជើង​ឯក​ព្រឹត្តិ​ការណ៍​ប្រកួត​​វាយ​កូន​បាល់​ឯកត្ត​ជន​ផ្នែក​បុរស​នៃ​ក្រប​ខ័ណ្ឌ​ BMW Malaysian National Circuit 2014

រាជធានីភ្នំពេញ​ ៖ បន្ទាប់​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​ហ្វឹក​ហាត់​ និង​ការ​ប្រកួត​នា​ពេល​កន្លង​មក​ ជា​បទ​ពិសោធន៍​ ក៏​ដូច​ជា​ការ​នាំ​ផ្លូវ​ឆ្ពោះ​ទៅ​រក​ភាព​ជោគ​ជ័យ​នោះ​ កីឡា​ករ​វាយ​កូន​បាល់​លំដាប់​កំពូល​របស់​កម្ពុជា​ ប៊ុន​ កេន្នី​ ដែល​ជា​កូន​ខ្មែរ​កាត់​បារាំង​មួយ​រូប​ បាន​សម្រេច​បំណង​របស់​ខ្លួន​ដោយ​ទទួល​ជ័យ​ជម្នះ​ដណ្តើម​បាន​ជើង​ឯក​ព្រឹត្តិ​ការណ៍​ប្រកួត​​វាយ​កូន​បាល់​ឯកត្ត​ជន​ផ្នែក​បុរស​នៃ​ក្រប​ខ័ណ្ឌ​ BMW Malaysian National Circuit 2014 ជើង​ទី​១​ ឆ្នាំ​២០១៤​ ក្នុង​ទីក្រុង​កូឡា​ឡាំពួ​ ប្រទេស​ម៉ាឡេសុី​ ក្រោយ​ពី​ផ្តួល​ជើង​ខ្លាំង​ម្ចាស់​ផ្ទះ​ Muhammad Ashaari Zainal Abidin ក្នុង​លទ្ធ​ផល​៦-៤​ និង​៦-៣​ នា​វគ្គ​ផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​ទី​២៦​ កុម្ភៈ​ កន្លង​ទៅ​ ។​

សម្រាប់​ការ​ប្រកួត​ដែល​មាន​អ្នក​ចូល​រួម​រហូត​ដល់​១២៨​នាក់​នោះ​ ប៊ុន​ កេន្នី​ បាន​ចាប់​ផ្តើម​ជាមួយ​នឹង​ជ័យ​ជម្នះ​លើ​កីឡា​ករ​ម្ចាស់​ផ្ទះ​ Muhammad Nazif Armaan ក្នុង​លទ្ធ​ផល​៦-០​ និង​៦-១​ ហើយ​នៅ​ជុំ​ទីពីរ​ និង​ទី​បី​បន្ត​ឈ្នះ​កីឡា​ករ​ក្នុង​ស្រុក​ពីរ​រូប​ទៀត​ គឺ​ Mohd Faiz Din និង​ Sheikh Ameer Abdulah ។​ នៅ​ជុំ​ទី​បួន​ រូប​គេ​បាន​យក​ឈ្នះ​លើ​កីឡា​ករ​ Joshua Jordan ជន​ជាតិ​ម៉ាឡេសុី​ម្នាក់​ទៀត​ ក្នុង​លទ្ធ​ផល​៦-២​ និង​៦-៣​ ។​ ឈាន​ដល់​វគ្គ​មួយ​ភាគ​បួន​ផ្តាច់​ព្រ័ត្រ​ កេន្នី​ បាន​យក​ឈ្នះ​កីឡា​ករ​ឥណ្ឌូ​ណេសុី​ Indra Wijaya ក្នុង​លទ្ធ​ផល​៦-១​ និង​៦-៣​ ហើយ​បន្ត​យក​ឈ្នះ​កីឡា​ករ​សិង្ហ​បុរី​ Joshua Liu ក្នុង​លទ្ធ​ផល​៦-២​ និង​៦-០​ ចុង​ក្រោយ​ដែល​នាំ​ឱ្យ​រូប​គេ​ទទួល​ជ័យ​ជម្នះ​ គឺ​គេ​បាន​បំបាក់​កីឡា​ករ​ម្ចាស់​ផ្ទះ​Muhammad Ashaari ក្នុង​លទ្ធ​ផល​៦-៤​ និង​៦-៣​ ។​

ក្នុង​ការ​វិល​ត្រឡប់​ដែល​មាន​ការ​រង់​ចាំ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ពី​សំណាក់​គ្រូ​បង្វឹក​ និង​មិត្ត​រួម​អាជីព​ ប៊ុន​ កេន្នី​ បាន​ថ្លែង​អំណរ​គុណ​ដល់​សហ​ព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​ និង​អគ្គ​លេខា​ធិការ​ លោក​ ទេព​ រិទ្ធី​វិទ្ធ​ ចំពោះ​ការ​ជឿ​ជាក់​យ៉ាង​ខ្លាំង​មក​លើ​រូប​គេ​ ហើយ​និង​ផ្តល់​ឱកាស​ឱ្យ​គេ​បាន​ចេញ​ទៅ​ចូល​រួម​ក្នុង​ការ​ប្រកួត​នេះ​ ។​ ជាមួយ​នេះ​ កេន្នី​ ក៏​អរ​គុណ​ផង​ដែរ​ដល់​លោក​គ្រូ​បង្វឹក​ Braen Aneiros និង​សមា​ជិក​ផ្សេង​ទៀត​របស់​គាត់​ សម្រាប់​ការ​បង្វឹក​ដល់​រូប​គេ​ ។​ លោក​ ទេព​ រិទ្ធី​វិទ្ធ​ អគ្គ​លេខា​ធិការ​សហ​ព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​ ឱ្យ​ដឹង​ថា​ កេន្នី​ បាន​បញ្ចប់​ការ​ប្រកួត​នេះ​ក្នុង​​រយៈ​ពេល​យ៉ាង​ខ្លី​ ដើម្បី​ឈ្នះ​ពាន​រង្វាន់​សំខាន់​ជា​លើក​ទី​១​ បើ​គិត​ចាប់​តាំង​ពី​រូប​គេ​បាន​ឈ្នះ​ពាន​រង្វាន់​ Tanimex-Cup ឆ្នាំ​២០១១​ នៅ​ប្រទេស​វៀត​ណាម​ ។​ លោក​អគ្គ​លេខា​ធិការ​សហ​ព័ន្ធ​កីឡា​វាយ​កូន​បាល់​ បាន​បញ្ជាក់​ថា​ លោក​ពិត​ជា​រីក​រាយ​ណាស់​សម្រាប់​លទ្ធ​ផល​របស់​ ប៊ុន​ កេន្នី​ ។​ វា​ជា​ជ័យ​ជម្នះ​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​មួយ​សម្រាប់​កីឡា​វាយ​កូន​បាល់​កម្ពុជា​ ហើយ​វា​ក៏​ជា​មោទន​ភាព​ចំពោះ​ប្រទេស​កម្ពុជា​ ដែល​បាន​បង្ហាញ​ឱ្យ​អន្តរ​ជាតិ​បាន​ឃើញ​ពី​សក្តានុ​ពល​របស់​ប្រទេស​យើង​ផង​ដែរ​ ។​

បន្ទាប់​ពី​ជ័យ​ជម្នះ​ដែល​ទទួល​បាន​នេះ​រួច​ ប៊ុន​ កេន្នី​ នឹង​ត្រៀម​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ឥណ្ឌា​នា​ពេល​ខាង​មុខ​ទៀត​ ដើម្បី​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​ Futures 3 ក្នុង​ខែ​មីនា​ មុន​ពេល​ចូល​រួម​ Devis Cup ក្នុង​ខែ​មេសា​ ដែល​នឹង​ឈាន​ចូល​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​នេះ​ ៕​