រាជធានីភ្នំពេញ ៖ តបនឹងការប្រកាសបំបាក់ឱ្យបានរបស់កីឡាករសូយ យក្សតឿ មកពីក្លិបពោធិជ័យកីឡា ដែលសុំសងសឹកនោះ កីឡាករឯម ខ្លឹមខ្មៅ មកពីក្លិបឫទ្ធីពោធិសែនជ័យ បានប្រកាសដោយក្តែងៗថា មិនខ្លាចចំពោះជំហរតាំងចិត្តរបស់គេនោះឡើយ ។ ឯម ខ្លឹមខ្មៅ បានទាំងស្វាគមន៍ និងអះអាងថា ទោះជាស្ថិតនៅក្នុងច្រកណា ក៏នឹងធ្វើឱ្យ សូយ យក្សតឿ អស់ចិត្តក្នុងជំនួបជាថ្មីទៀតដែរ ។
ជំនួបសងសឹករវាងកីឡាករទាំងពីរកើតឡើងនៅល្ងាចថ្ងៃសៅរ៍ ទី១ មីនា នេះនៅសង្វៀនទូរទស្សន៍បាយ័នស្ទឹងមានជ័យ ។ នេះជាការជួបគ្នាលើកទី២ បន្ទាប់ពីពួកគេបានប៉ះគ្នារួចម្តងកាលពីថ្ងៃទី១៦ ខែកុម្ភៈ នាពេលកន្លងមក ខណៈដែលក្នុងពេលនោះកីឡាករឯម ខ្លឹមខ្មៅ បានវាយបំបាក់កីឡាករសូយ យក្សតឿ ឱ្យចាញ់ដោយពិន្ទុរួចម្តង ។ ការប៉ះគ្នាលើកនេះដើម្បីឆ្លើយតបនឹងការសងសឹករបស់កីឡាករសូយ យក្សតឿ ដែលអះអាងថា មិនអស់ចិត្តឡើយ បន្ទាប់ពីបានទទួលរងការអាម៉ាស់ព្រោះតែចាញ់ដោយពិន្ទុម្តង ដោយគ្មានការតវ៉ាក្រោមដៃរបស់កីឡាករឯម ខ្លឹមខ្មៅ ។
សូយ យក្សតឿ បានអះអាងថា មិនជឿនោះឡើយថា ខ្លួននឹងបរាជ័យជាថ្មីម្តងទៀតក្នុងការប៉ះគ្នាសម្រាប់ជំនួបលើកទី២ ។ ជាមួយការអួតអាងថា បានហ្វឹកហាត់ពេញរយៈពេលមួយអាទិត្យ សូយ យក្សតឿ ហាក់មានជំនឿចិត្តច្រើនជាង៨០% សម្រាប់យកឈ្នះលើគូប្រកួតធ្លាប់ឈ្នះ ។ សូយ យក្សតឿ មិនទទួលយកឡើយចំពោះការយល់ថា លោកពិបាកសងសឹកសម្រាប់ការប៉ះគ្នាជាលើកទី២ ជាមួយនឹងកីឡាករឯម ខ្លឹមខ្មៅ ។ ប្រឆាំងតបនឹងការអួតអាង កីឡាករឯម ខ្លឹមខ្មៅ បានប្រាប់យ៉ាងខ្លីថា មិនខ្លាចទេ ហើយក៏បានត្រៀមខ្លួនយកឈ្នះជាលើកទី២ ទៀតដែរ ។ គេមិនដឹងថា អ្វីជាមូលដ្ឋានដែលនាំឱ្យគេហ៊ានអះអាងដោយការជឿជាក់បែបនេះនោះឡើយក្នុងពេលដែល សូយ យក្សតឿ ក៏ជាកីឡាករជើងខ្លាំងដែលមើលស្រាលមិនបាន ។ បុ៉ន្តែអ្វីដែលគេសំអាងទុក ទំនងជា ឯម ខ្លឹមខ្មៅ ជឿជាក់ដោយប្រាកដទៅលើស្នៀតប្រដាល់របស់ខ្លួន ហើយមានប្រវត្តិធ្លាប់ផ្តួលជើងខ្លាំងរាប់មិនអស់ ។ ដ្បិតតែគេជាកីឡាករស៊េរីក្រោយ បុ៉ន្តែសន្ទុះនៃការវាយលុកត្រូវគេមើលឃើញថា កីឡាករជើងខ្លាំង និងល្បីឈ្មោះរូបនេះក៏មានផ្លែល្អជាងកីឡាករសូយ យក្សតឿ នាពេលកន្លងមក ។
រំលឹកពីការជួបគ្នារបស់អ្នកប្រដាល់ទាំងពីរនាក់កាលពីលើកមុន ពួកគេទាំងពីរបានវាយតប់គ្នាពេញរយៈពេល៥ទឹក បុ៉ន្តែ ឯម ខ្លឹមខ្មៅ ត្រូវគេមើលឃើញថា មានប្រៀបខ្លាំងជាងកីឡាករសូយ យក្សតឿ បើទោះជា សូយ យក្សតឿ អាចវាយចេញច្រើន និងចំគោលដៅបានល្អ ។ នៅក្នុងទឹកខ្លះ ឯម ខ្លឹមខ្មៅ ដ្បិតថា សូយ យក្សតឿ យកប្រៀបមិនបាន បុ៉ន្តែកីឡាករឯម ខ្លឹមខ្មៅ ក៏ពិបាកវាយលុកផងដែរ ខណៈដែល សូយ យក្សតឿ ក៏ឃើញវាយចេញដោយប្រថុយជាមួយនឹងកណ្តាប់ដៃ និងកែងបានល្អ ដែលប៊ិះនឹងអាចឱ្យ ឯម ខ្លឹមខ្មៅ និងអ្នកគាំទ្របុកពោះម្តងៗ ។ រយៈពេល៥ទឹក សូយ យក្សតឿ វាយយ៉ាងគំហុកទៅលើ ឯម ខ្លឹមខ្មៅ ក្នុងបំណងឱ្យ ឯម ខ្លឹមខ្មៅ ចាញ់សម្លុត បុ៉ន្តែមិនបានទទួលជោគជ័យ បន្ទាប់ពី ឯម ខ្លឹមខ្មៅ ប្រែពីការចាញ់សម្លុតទៅជាវាយសម្រុកតបតបានយ៉ាងល្អឥតខ្ចោះ ធ្វើឱ្យ សូយ យក្សតឿ អស់ខ្យល់តវ៉ា ។
សូយ យក្សតឿ គឺជាកីឡាករខ្លាំង បុ៉ន្តែមានស្នៀតវាយចេញមិនសូវច្បាស់ឡើយ បើទោះជាការប្រដាល់របស់គេហាក់មានលទ្ធផលល្អប្រសើរជាមួយកីឡាករជាដៃគូ ។ អុីចឹងហើយទើប សូយ យក្សតឿ ត្រូវគេជឿថា ពិបាកសងសឹក បើទោះជាគេបានអះអាងថា នឹងប្រឹងសងសឹកឱ្យបានសម្រេច ។ សូយ យក្សតឿ ប្រកួតចុងក្រោយវាយចាញ់ ឯម ខ្លឹមខ្មៅ ចំណែកការប្រកួតចុងក្រោយរបស់ ឯម ខ្លឹមខ្មៅ វិញ គឺបានបំបាក់ វ៉ែន សាវ៉ាត មកពីក្លិបកងកេងខេត្តបាត់ដំបងក្នុងទឹកទី២ ។ ចាំមើល តើការជួបគ្នារវាង ឯម ខ្លឹមខ្មៅ និង សូយ យក្សតឿ ក្នុងជំនួបលើកទី២នេះ នរណាជាអ្នកឈ្នះ ?
នៅលើសង្វៀនដដែលនោះ កីឡាករឡៅ ផានាថ មកពីក្លិបរស្មីកុមារកំព្រា នឹងឡើងសងសឹកជាមួយកីឡាករកន ចន្ថា មកពីក្លិបក្រសួងការពារជាតិ បន្ទាប់ពីក្នុងជំនួបលើកទី១ ឡៅ ផានាថ បានសន្លប់ក្នុងទឹកទី២ ក្រោមដៃកីឡាករកន ចន្ថា ។ កីឡាករតូច ទូ មកពីមជ្ឈមណ្ឌលកីឡាខេមរភូមិន្ទ ជួបប្រកួតជាមួយកីឡាករចក់ ចាន់ មកពីក្លិបរាជសីហ៍បង្ក្រាបគ្រឿងញៀនខេត្តរតនគិរី និងកីឡាករឯម ស៊ីថុង មកពីក្លិបឫទ្ធីពោធិ៍សែនជ័យ ជួបប្រកួតជាមួយកីឡាករហេង វាសនា មកពីក្លិបព្រៃទទឹងខេត្តបាត់ដំបង ៕
ចែករំលែកព័តមាននេះ