ខេត្តព្រៃវែង ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ដ៏សែនរន្ធត់មួយ ដែលកើតឡើងពីការបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់បានបណ្តាលអោយកុមារាម្នាក់រងរបួសធ្ងន់ ដោយត្រូវរថយន្តក្រុងប្រភេទទេសចរណ៍បុកពេញទំហឹង និងកិនអូសជិត១០ម៉ែត្រ ខណៈពេលដែលកុមារារងគ្រោះកំពុងអង្គុយនៅលើម៉ូតូក្បែរចិញ្ចើមថ្នល់ ។
សេចក្តីរាយការណ៍បានបន្តថា ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២០ សីហានេះ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៌ ខេត្តព្រៃវែង ។ កុមារារងគ្រោះមានឈ្មោះ ចាញ ពីង អាយុ១៤ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ រងរបួសបាក់ជើងឆ្វេងខ្ទេចទាំងស្រុង ចំណែករថយន្តបង្កជារថយន្តក្រុង២៥កៅអី ប្រភេទទេសចរណ៍ ពណ៌ស្ករ ពាក់ស្លាកលេខ ព្រះសីហនុ ៣A- ៥៧៨៩ ចំណែកអ្នកបើកបរមិនត្រូវបានគេស្គាល់ពីអត្តសញ្ញាណនោះទេ ។
ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុកុមារារងគ្រោះកំពុងអង្គុយនៅលើម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង ១E- ៩៩០៧ នៅក្បែរចិញ្ចើមថ្នល់ក្រោមសំយ៉ាបផ្ទះអ្នកស្រុកនៅសុខៗមិនដឹងមកពីមូលហេតុអ្វី ស្រាប់តែរថយន្តបង្កដែលបើកមកពីទិសខាងកើតឆ្ពោះទៅលិចបានរេចង្កូតចេញពីផ្លូវ ហើយជ្រុលមកបុកកុមារារងគ្រោះ និងម៉ូតូកិនអូសពីក្រោមរថយន្តជិត១០ម៉ែត្រ រួចទើបរថយន្តបន្តបើករត់គេចទៅទិសខាងលិច ហើយក៏មានអ្នកស្រុកជិះម៉ូតូដេញតាមពីក្រោយរហូតទៅដល់ជិតរង្វង់មូលត្រីកោណផ្លូវឡើងស្ពានអ្នកលឿង ទើបអ្នកបើកបររថយន្តបង្កឈប់ចតរថយន្តចោល ហើយរត់គេចខ្លួនបាត់ស្រមោលតែម្តង ។
គ្រោះថ្នាក់នេះត្រូវបានអ្នកស្រុកក៏ដូចជា សមត្ថកិច្ចធ្វើការសន្និដ្ឋានថា កើតឡើងដោយសារតែរថយន្តបង្កបើកគេចពីរថយន្តដែលបើកមកបញ្ច្រាសទិសគ្នាក្នុងពេលវ៉ាជែងទើបជ្រុលចង្កូតចេញពីផ្លូវទៅបុកកុមារារងគ្រោះដែលកំពុងអង្គុយលើម៉ូតូនៅក្បែរចិញ្ចើមថ្នល់បែបនេះ ។
ដោយឡែកកុមារារងគ្រោះ ក្រោយពីកើតហេតុភ្លាមក៏មានអ្នកស្រុកយករថយន្តផ្ទាល់ខ្លួនដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកអ្នកលឿងភ្លាមៗផងដែរ ចំណែកឯក្រុមគ្រូពេទ្យបានអោយដឹងថា ដងខ្លួនកុមារារងគ្រោះមិនមានប៉ះពាល់អ្វីធ្ងន់ធ្ងរទេ ប៉ុន្តែជើងខាងឆ្វេងខ្ទេចអស់ទៅហើយ ដូច្នេះមានតែត្រូវកាត់ចោលនោះទេ ។
ក្រោយពីកើតហេតុគេឃើញប៉ូលិសចរាចរណ៍បានទៅដល់កន្លែងកើតហេតុភ្លាមៗផងដែរ ហើយបាននាំយករថយន្តបង្កទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអ្នកលឿង ដើម្បីស្រាវជ្រាវរកម្ចាស់រថយន្តអោយចេញមកទទួលខុសត្រូវ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ