ខេត្តកំពត ៖ ចំពោះមូលហេតុនៃការបុកនេះ មិនមានប្រភពព័ត៌មានណាមួយឱ្យដឹងថា តើមកពីមូលហេតុអ្វីដែលរថយន្តរបស់មន្ត្រីប៉ូលិសអន្តោប្រវេសន៍ បើកបុករថយន្តដឹកស៊ីម៉ង់ត៍ពីក្រោយទាំងបែបនេះ ។ សូមរំលឹកថា គ្រោះថ្នាក់ចរាចរណ៍ដ៏មហាប្រល័យមួយ បានឆក់យកជីវិតមន្ត្រីនគរបាលអន្តោប្រវេសន៍៤នាក់ និងម្នាក់របួសរស់ជីវិត ក្នុងហេតុការណ៍បោះពួយរថយន្តហាយឡែនឌ័រ បុកពីក្រោយរថយន្តម៉ាកហុីយ៉ាន់ដាយសណ្តោងរ៉ឺម៉កដឹកស៊ីម៉ង់ត៍កង់ម្ភៃ កាលពីវេលាម៉ោង៣រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ សីហា លើកំណាត់ផ្លូវជាតិលេខ៣៣ កំពត-កំពង់ត្រាច ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ៤ និងលេខ៥ ស្ថិតក្នុងភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ។

ប្រភពពីសមត្ថកិច្ចចរាចរណ៍បានឲ្យដឹងថា អ្នកជិះក្នុងរថយន្តហាយឡែនឌ័រ ជាមន្ត្រីនគរបាលអន្តោប្រវេសន៍ប៉ុស្តិ៍ព្រំដែនកម្ពុជា-វៀតណាមព្រែកចាកមានគ្នា៥នាក់ ហើយពេលបុកភ្លាមៗ គឺស្លាប់៣នាក់នៅនឹងកន្លែងកើតហេតុ ហើយបញ្ជូនដល់មន្ទីរពេទ្យក៏បានស្លាប់ម្នាក់ទៀត និងម្នាក់ទៀតរបួសមិនធ្ងន់ពេកទេ ។ ប្រភពដដែលបន្តថា រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ដែលរថយន្តមន្ត្រីប៉ូលិសអន្តោប្រវេសន៍បុកពីក្រោយ ពណ៌ស សណ្ដោងរ៉ឺម៉កដឹកស៊ីម៉ង់ត៍ ពាក់ស្លាកលេខ ព្រះសីហនុ 3A 1861 កំពុងបើកបរក្នុងទិសដៅស្របគ្នា លុះដល់ចំណុចកើតហេតុក៏ត្រូវរថយន្តហាយឡែនឌ័របើកបុកពីក្រោយ ពេញទំហឹងដាច់ផ្លាកលេខរថយន្តខាងមុខបាត់ ។

ពេលបុកពីក្រោយនោះ រថយន្តហ៊ីយ៉ាន់ដាយបើកបន្តទៀត ឃ្លាតជាច្រើនរយម៉ែត្រពីកន្លែងបុកទើបឈប់ ហើយអ្នកបើកបរក៏បានចុះគេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាពទៅ អត់បាននៅមើលមហន្តរាយពីខាងក្រោយឡើយ ។ ចំណែករថយន្តតូចដែលបុកពីក្រោយ គឺបុកធ្ងន់ធ្ងរណាស់ ខ្ទេចទាំងស្រុងកាប៊ីនខាងមុខ សល់តែបាំងខាងក្រោយគឺខ្ទេចមើលឃើញម៉ាស៊ីនរថយន្តនៅលើគោក ដែលធ្វើឱ្យអ្នកជិះ សឹងតែគ្មានជីវិតរស់នៅ ។ រថយន្តដែលបុកពីក្រោយម៉ាកហាយឡែនឌ័រពណ៌ស្ករ ពាក់ផ្លាកលេខភ្នំពេញ2Z0241 បើកបរដោយលោក ងួន សារ៉ាត់ ភេទប្រុស អាយុ៣៤ឆ្នាំ ជាមន្ត្រីប៉ូលិសអន្តោប្រវេសន៍ នៅប៉ុស្តិ៍ព្រែក
ចាកបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ និងអ្នករួមដំណើរ៤នាក់ទៀត ។

ចំណែក៣នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ មានឈ្មោះ ៖ ១-ឈ្មោះ ញឹប ភីរក្ស ភេទប្រុស មានទីលំនៅភ្នំពេញ ជានគរបាលអន្តោប្រវេសន៍ មានឋានន្តរសក្តិជាវរសេនីយ៍ឯក(សក្តិ៥) ២-ឈ្មោះ តាន់ ផេង ភេទប្រុស អាយុ៣៧ឆ្នាំ នៅភ្នំពេញ មានឋានន្តរសក្តិវរសេនីយ៍ទោ ៣-ឈ្មោះ ឃី ឡុក ភេទប្រុស អាយុ៤០ឆ្នាំ មានឋានន្តរសក្តិវរសេនីយ៍ទោ ។ អ្នកទាំងបីស្លាប់នៅក្នុងរថយន្ដតែម្ដង ។ ចំណែកទី៤-ឈ្មោះ ថៃ វីរ ភេទប្រុស អាយុ៣៥ឆ្នាំ មានឋានន្តរសក្តិអនុសេនីយ៍ឯក រងរបួសបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពត ។

យានយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចស្ទូច យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទឹកឈូរង់ចាំដោះស្រាយតាមច្បាប់នៅពេលក្រោយ ។ (សម្រួលដោយ៖ ស្រីណា)






អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ